ភ្នំពេញៈ ​មន្ត្រី​និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការអភិរក្ស​ធនធានធម្មជាតិ​លើកទឹកចិត្ត​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ សហគមន៍​មូលដ្ឋាន ក៏ដូចជា​សិល្បករ​សិល្បការិនី​បង្កើត​មាតិកា​នានា ឬ​ផលិត​ជា​វីដេអូ​ដែលមាន​ខ្លឹមសារ​អប់រំ​ និង​បណ្តុះ​គំនិត​ស្រឡាញ់​សត្វ​ផ្សោត ដើម្បី​រួមគ្នា​អភិរក្ស​សត្វ​ដ៏​កម្រ​នេះ​នៅ​ប្រទេស​កម្ពុជា​។​

​ការលើកទឹកចិត្ត​នេះ ស្រប​ពេលដែល​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលជា​សត្វ​កម្រ​ជិត​ផុត​ពូជ នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ការជាប់​មង​អ្នកនេសាទ​ និង​កត្តា​ផ្សេងៗ ​បើទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​យកចិត្តទុកដាក់​ក្នុង​រឿងនេះ​ក្តី​។​

​លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែតុលា​ ថា​ ការងារ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត គួរតែមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ច្រើន ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​តែម្តង​។ ចំពោះ​ការចូលរួម​របស់​អ្នកសិល្បៈ​ក្នុងការ​ផលិត​ជា​បទ​ចម្រៀង ភាពយន្ត ឬ​កំណាព្យ​ក្ដី ដែលមាន​ខ្លឹមសារ​អប់រំ ឱ្យ​ចេះ​ស្រឡាញ់​សត្វ​ផ្សោត​ដែលជា​សម្បត្តិ​ធម្មជាតិ​មានជីវិត​របស់​កម្ពុជា វា​គឺជា​រឿង​ល្អ និង​គួរ​ត្រូវបាន​លើកទឹកចិត្ត​ខ្ពស់​។

​លោក​ថ្លែងថា​៖ «​សិល្បៈ​គ្រប់​រូបភាព​តាមរយៈ​ការសម្ដែង​រឿង ឬ​សិល្បៈ​ចម្រៀង ដែលមាន​អត្ថន័យ​ប​ណ្តុៈ​គំនិត ស្មារតី និង​ឆន្ទៈ​ឱ្យ​ចេះ​ស្រឡាញ់ និង​មាន​មោទនភាព​ចំពោះ​ធនធាន​សត្វព្រៃ​ដូចជា​ផ្សោត​ទន្លេ​ដែលមាន​ដោយ​កម្រ​ក្នុង​លោក​វា​ពិតណាស់ នឹង​ជួយ​ដល់​ការងារ​អភិរក្ស និង​ថែរក្សា​សត្វ​ផ្សោត​ទន្លេ​របស់​យើង ជាពិសេស​គឺអាច​ជួយ​យ៉ាងខ្លាំង​ដល់​ការងារ​អភិរក្ស​របស់​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​»​។​

​លោក​បាន​បន្ថែមថា ការងារ​អភិរក្ស​សត្វ​ផ្សោត គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា ដូច្នេះ​សូម​ចូលរួម​ការពារ​សត្វ​ផ្សោត​ទន្លេ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ផងដែរ​។​

​​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល ក៏បាន​បង្ហាញ​ការស្វាគមន៍​និង​លើកទឹកចិត្ត​ចំពោះ​អ្នកសិល្បៈ​ដែល​ចង់​ផលិត​ជា​វីដេអូ​បទ​ចម្រៀង ដោយ​ផ្ដិត​យក​រូបភាព​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​លោក​បន្តថា​ ការផ្សព្វផ្សាយ​តាមរយៈ​រូបភាព​សិល្បៈ គឺ​វា​មាន​ភាព​ពេញនិយម​គ្រប់​វ័យ​ទាំងអស់ ពីព្រោះ​វា​មានការ​ទាក់ទាញ និង​ដាស់​អារម្មណ៍ ជាពិសេស​ជា​ការបញ្ជូនសារ​ដ៏​លឿន​បំផុត​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង និង​ស្រឡាញ់​ការពារ អភិរក្ស​សត្វ​ផ្សោត​ដែល​នៅ​សេសសល់​។​

​លោក​បញ្ជាក់ថា​៖ «​រូបភាព​សិល្បៈ​ដែល​ផលិត​ជា​ចម្រៀង វា​ហាក់ដូចជា​ការផ្សព្វផ្សាយ​ដែរ ប៉ុន្តែ​វា​អាច​ស្ដាប់​បាន​តាម​វិទ្យុ ទូរទស្សន៍ និង​តាម​កម្មវិធី​អី​ផ្សេងៗ គឺ​យើង​អាច​ច្រៀង​បាន​។ ដូច្នេះ​ការផលិត​ជា​ចម្រៀង គឺ​វា​ល្អ​ជាង​ការផ្សព្វផ្សាយ​របស់​ពួកយើង ហើយ​វា​ក៏​ជា​ការបញ្ជូនសារ​ដ៏​លឿន​បំផុត​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​អភិរក្ស​ផ្សោត​»​។​

​​លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានឱ្យដឹង​ដែរ​ថា ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ជួយ​សម្របសម្រួល​ដល់​ក្រុម​អ្នកសិល្បៈ ដែល​ពួកគាត់​បាន​ចុះមក​ផ្ដិត​រូបភាព​សត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​កាំ​ពី ដើម្បី​ផលិត​ជា​បទ​ចម្រៀង ក្នុងការ​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន​ឱ្យ​ស្គាល់​សត្វ​ផ្សោត ជាពិសេស​គឺ​បាន​ទាក់ទាញ​អ្នក​ទេសចរឱ្យ​ចូលមក​ទស្សនា​ក្នុង​ខេត្តក្រចេះ​នេះ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​វា​មិន​ត្រឹមតែ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​យល់ដឹង​ពី​ផ្សោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួម​ទាក់ទាញ​ឱ្យ​អ្នកទេសចរ​ជាតិ និង​អ្នកទេសចរ​អន្តរជាតិ ចង់​ចូលមក​កម្សាន្ត និង​ចង់​ទស្សនា​ក្នុង​ខេត្តក្រចេះ​ដែរ​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​ជួយ​សម្របសម្រួល​ដំណើរ​ក្រុម​អ្នកសិល្បៈ​ចុះមក​ថត​វីដេអូ​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា «​ផ្សោត​ដួងចិត្ត​» ដែល​ច្រៀង​ដោយ​អ្នកស្រី មាស សុខ​សោភា​៕