ភ្នំពេញៈ គណបក្សនយោបាយចំនួន ១៣ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ បានស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលប្រធានគណបក្សប្រជាជនកម្ពុជា ខណៈគណបក្សនយោបាយចំនួន ៤ ផ្សេងទៀត ដែលមាននិន្នាការប្រឆាំង បានសម្រេចរួមគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ។
យោងតាមសំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ផ្ញើជូនលោក ហ៊ុន សែន ចុះថ្ងៃទី ១០ ខែតុលា បានលើកឡើងថា៖ «គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹង សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធានដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ»។
គណបក្សទាំង ១៣ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សមហាសាមគ្គីខ្មែរ, គណបក្សអំណាចពលរដ្ឋ, គណបក្សខ្មែរក្រោក, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្ពុជា សេរី ឯករាជ្យ ប្រជាធិបតេយ្យ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរអង្គរ, គណបក្សចលនាប្រជាធិបតេយ្យ,គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។
ដោយឡែក គណបក្សខ្មែរតែមួយ នៅថ្ងៃទី ១១ ខែតុលា ក៏បានចេញសេចក្តីប្រកាសបង្ហាញគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ដោយបញ្ជាក់ថា៖«គណបក្សខ្មែរតែមួយមានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេសតម្លៃសន្តិភាពគឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីរក្សាស្ថិរភាពនយោបាយ និងធ្វើឱ្យប្រទេសកម្ពុជាបន្តការអភិវឌ្ឍរីកចម្រើនជាលំដាប់»។
គណបក្សនេះក៏បានអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅអនាគត។
បន្ទាប់ពីមានការស្នើសុំការចងសម្ព័ន្ធមិត្តជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងស្វាគមន៍ និងទទួលដោយការពេញចិត្តនូវការស្នើសុំ ក៏ដូចជាសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយនានាដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។
លោកបានថ្លែងតាមរយៈសារសំឡេងនៅថ្ងៃទី១១ ខែតុលា ថា ៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងបំណងដ៏ល្អរបស់បណ្តាគណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្តីថ្លែងការណ៍រួចមកហើយ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជភាពនៃគណបក្សរៀងៗខ្លួន»។
លោក ហ៊ុន សែន បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាលើគណបក្សនយោបាយដទៃទេ តែគណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងធ្វើការជាមួយនឹងគណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជាជាគណបក្សធំ ឯគណបក្សដទៃដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែមិនបានទទួលកៅអីក្នុងរដ្ឋសភាជាគណបក្សតូចតាច ឬជាគណបក្សដែលមិនស័ក្តិសមធ្វើជាដៃគូនោះទេ។ យើងផ្តល់ការគោរពចំពោះគណបក្សទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅនឹងក្រសួងមហាផ្ទៃ»។
គណបក្សប្រជាជនកម្ពុជា បានត្រៀមទទួលយកនូវដៃគូទាំងអស់ដែលចង់រួបរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការដោយស្មើភាព និងស្មើសិទ្ធិ។ នេះបើតាមលោក ហ៊ុន សែន បន្ថែម។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំបានឱ្យជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រាងនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សទាំងអស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា ហើយខ្ញុំនឹងជួបជាមួយនឹងឯកឧត្តមលោកជំទាវនាពេលខាងមុខ ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃសេចក្ដីព្រាងកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជាផងដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ នៅថ្ងៃទី១១ ខែតុលា បានប្រាប់ឱ្យដឹងដែរថា ការចងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការគឺជាសិទ្ធិនយោបាយជ្រើសរើសរបស់គណបក្សនីមួយៗ ប៉ុន្តែការសម្រេចនៃទម្រង់សម្ព័ន្ធភាព ឬកិច្ចសហការបែបណាមួយនោះ លុះត្រាតែមានការជជែក និងទុកពេលវេលាពិភាក្សាពីទម្រង់ណាមួយផងដែរ។
លោកបញ្ជាក់ថា៖ «ចំពោះសំណើរបស់គណបក្សនយោបាយដែលស្នើសុំចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជានោះ គណបក្សទុកពេលពិចារណាសិន ព្រោះដូចជាការស្រឡាញ់ប្រពន្ធអ៊ីចឹងដែរ មិនមែនគ្រាន់តែព្រមព្រៀងគ្នា ហើយស្អែកឡើងការនោះទេ»។
ដោយឡែកគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជាដែលជាគណបក្សក្រៅរដ្ឋាភិបាល និងមាននិន្នាការប្រឆាំង នៅថ្ងៃទី១១ ខែតុលា នោះដែរ ក៏បានសម្រេចចុះហត្ថលេខាជាផ្លូវការរួមគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» សម្រាប់ការចូលរួមការបោះឆ្នោតនានានៅពេលខាងមុខ។
ការបង្កើតសម្ព័ន្ធរួមគ្នារបស់គណបក្ស៤នេះ បន្ទាប់ពីបានបរាជ័យក្នុងការបង្រួបបង្រួមគ្នាម្តងរួចហើយ នៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សទាំង៤បានបញ្ជាក់ថា មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យពិតប្រាកដ ទើបអាចជាចលករមួយក្នុងការចូលរួមពង្រឹង និងលើកស្ទួយប្រកបដោយប្រសិទ្ធភាពនូវការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។
សេចក្តីងថ្លែងការណ៍បន្តថា៖«ដើម្បីសម្រេចគោលបំណងខាងលើនេះ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានព្រមព្រៀងគ្នាបង្កើត សម្ព័ន្ធភាពឆ្ពោះទៅអនាគតនេះស្របតាមមាត្រា ៣៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
បើតាមសេចក្តីថ្លែងការណ៍ដដែល«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញ និងលើកទឹកចិត្តព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍ ប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។
សម្ព័ន្ធភាពឆ្ពោះទៅអនាគត ក៏បានប្រកាសបើកចំហសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលមាន ទស្សនៈ គោលដៅ និងគោលជំហរនយោបាយដូចគ្នា ដើម្បីរួបរួមគ្នាសម្រេចគោលបំណង ដោយឈរលើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាពជាតិ។
ថ្លែងនៅមុនពេលចុះហត្ថលេខា លោក គង់ មុនីកា អគ្គលេខាធិការស្តីទីនៃគណបក្សភ្លើងទៀន បញ្ជាក់ថា មានតែការបង្រួបបង្រួមគ្នាទេ ទើបអាចមានការប្រែប្រួលទិដ្ឋភាពនយោបាយរបស់កម្ពុជា។ ការដើរថយចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនាពេលកន្លងមក រហូតមកទល់បច្ចុប្បន្ននេះត្រូវតែមានការយកចិត្តទុកដាក់ទាំងអស់គ្នា ក្នុងនាមជាអ្នកនយោបាយដែលស្រឡាញ់ប្រជាធិបតេយ្យ និងក្នុងនាមប្រជាពលរដ្ឋខ្មែរដែលចង់ឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយដូចប្រទេសនៅក្នុងតំបន់ និងពិភពលោក។
លោកគង់ មុនីកា បញ្ជាក់ថា៖«ដូច្នេះ យើងត្រូវតែរួមគ្នាចាប់ពីពេលនេះតទៅ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យកម្លាំងប្រជាធិបតេយ្យមានការរួបរួម និងរឹងមាំបន្ថែមទៀត ឆ្ពោះទៅរកអនាគតមួយដែលយើងគិតថា វាបានផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា»។
លោក សោម សូរីដា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានប្រាប់ថា ចំពោះការចងសម្ព័ន្ធរបស់គណបក្សនយោបាយគឺត្រូវឆ្លើយតបទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងមានសេចក្តីប្រកាសយល់ព្រមចុះបញ្ជីរបស់ក្រសួងមហាផ្ទៃជាផ្លូវការ នោះគណបក្សនយោបាយនោះមានសិទ្ធិគ្រប់គ្រាន់ចូលរួមការបោះឆ្នោត។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចស្នើសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣៕