សៀមរាបៈ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា អំពាវនាវទាំងស្ថាប័នរដ្ឋ ឯកជន និងសាធារណជន ចូលរួមដាំកូនឈើនៅតំបន់ប្រាសាទនានាឱ្យមានភាពស្រស់បៃតង ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងដើម្បីថែរក្សាការពារ និងលើកតម្លៃប្រាសាទខ្មែរ ដែលបានបន្សល់ទុកពីដូនតា។
ការអំពាវនាវនេះធ្វើឡើងនាឱកាសដែលក្រសួងវប្បធម៌ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនសហការរៀបចំកម្មវិធីដាំកូនឈើសរុប ១ ៩០០ដើមនៅខាងត្បូងកសិន្ធុអង្គរវត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
ក្រោយបញ្ចប់ការដាំកូនឈើ លោកស្រី ភឿង សកុណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដាំកូនឈើរវាង ស្ថាប័នរដ្ឋ និងឯកជននាពេលនេះ បង្ហាញពីការចូលរួមដ៏មានសារៈសំខាន់នៅក្នុងសង្គមខ្មែរ ដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយឱ្យបន្តថែរក្សាកេរដំណែលពីដូនតា។
លោកស្រីថា៖«យើងចង់ឱ្យតម្លៃខ្ពស់ទៅលើការចូលរួមភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ដែលបង្ហាញនូវការចូលរួមដ៏មានសារៈសំខាន់។ នៅក្នុងសង្គមខ្មែររបស់យើងតាំងពីដូនតាមក តែងតែរស់នៅក្នុងភាពរួមគ្នាយ៉ាងតិច ៣ធាតុ បានន័យថា ប្រាសាទរបស់ខ្មែរ ប្រជាជនដែលរស់នៅជុំវិញ និងធម្មជាតិ ហើយសកម្មភាពថ្ងៃនេះ បង្ហាញពីការថែរក្សានូវតម្លៃមានពីដូនពីតាមក ថែរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្មែរ»។
លោកស្រីបញ្ជាក់ទៀតថា គោលបំណងតែមួយ គឺរួមគ្នាដើម្បីការពារអ្វីដែលមានសម្រាប់ក្មេងជំនាន់ក្រោយហើយសង្ឃឹមថា ស្ថាប័នឯកជនដទៃទៀត នឹងអាចយកជាគំរូ ក្នុងការដាំដើមឈើនៅតំបន់អង្គរ។
លោកភឿង សកុណា ថ្លែងថា៖ «នៅអង្គរយើងបានរៀបចំដាំស្មៅជុំវិញ ហើយឥឡូវនេះ អាចមានពណ៌បៃតង ទាំងខួបប្រាំង ខួបវស្សា។ យើងដឹងហើយកាលពីមុនខែប្រាំងស្មៅងាប់អស់ហើយ ប៉ុន្តែឥឡូវយើងរៀបចំប្រព័ន្ធទឹក ហើយបំណងរបស់ក្រសួងគឺកន្លែងណាដែលមានបេតិកភណ្ឌជាតិ គឺត្រូវឱ្យមានស្មៅបៃតងគ្រប់ទីកន្លែងប៉ុន្តែធ្វើទៅតាមលទ្ធភាពបន្តិចម្តងៗដោយមានការចូលរួមពីប្រជាជន សហគមន៍ រដ្ឋនិងឯកជន ហើយបំណងមែនទែន ធ្វើម៉េចឱ្យប្រាសាទរបស់យើងស្ថិតនៅក្នុងធម្មជាតិដែលមានមនុស្សនៅថែរក្សាទាំងអស់គ្នា»។
ប្រធាននាយកប្រតិបត្តិធនាគារ CIMB លោក ប៊ុន យីន ដែលបានចូលរួមនាឱកាសនោះដែរ បានលើកឡើងថា ធនាគារតែងគិតគូរ និងយកចិត្តទុកដាក់ពីបរិស្ថាន ហើយការចូលរួមដាំកូនឈើនៅតំបន់អង្គរនេះគឺជាលើកទី២ហើយ បន្ទាប់ពីបានដាំកាលពីឆ្នាំ២០២០។
លោកថា៖«យើងមិនគិតតែធ្វើអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះទេ គឺយើងគិតគូរអ្វីមួយដែលយកពីផលចំណេញផ្តល់ទៅលើសហគមន៍វិញ។ អ៊ីចឹង! ក្នុងសកម្មភាពដែលបានធ្វើកន្លងមកនេះ យើងបានធ្វើច្រើនណាស់ដែលពាក់ព័ន្ធបញ្ហាបរិស្ថាន សុខាភិបាល កីឡា ដែលទាំងអស់នេះជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុតទៅលើបរិស្ថានក្នុងការដាំកូនឈើ»។
ដោយឡែក ពាក់ព័ន្ធការដាំកូនឈើនេះដែរ បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១១ ខែតុលា បានចេញសេចក្តីប្រកាសគាំទ្រ ចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថាន ដែលបានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។
សេចក្តីប្រកាសគាំទ្របញ្ជាក់ថា កិច្ចការបរិស្ថានមានភាពសំខាន់ជាសកល ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបមាន កាតព្វកិច្ចលើកស្ទួយការចូលរួមក្នុងកិច្ចការសង្គម។ ជាមួយគ្នានេះ បណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារធនធានធម្មជាតិ និងសង្គមជាតិ៕