ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសកិច្ចសហការលើផ្នែកកសិកម្ម ឧស្សាហកម្ម វិស័យការពារជាតិ និងបច្ចេកវិទ្យា ព្រមទាំងសន្យាបន្តជួយគាំទ្រលើការអភិវឌ្ឍកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខ។
ការបង្ហាញឆន្ទៈដូច្នេះ ធ្វើឡើងតាមរយៈលោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ ភាគីកម្ពុជានិងកូរ៉េខាងត្បូង បានបង្ហាញការសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំង២ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកជាញឹកញាប់ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាច្រើន ជាពិសេសនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិលើវិស័យនានាទៀត។
ជាមួយគ្នានោះដែរ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈ យោបល់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ព្រមទាំងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ដែលនឹងរៀបចំនៅចុងខែតុលា ខាងមុខនេះ ដែលភាគីទាំង២ យល់ថា នឹងចូលរួមចំណែកកំណត់ទិសដៅសកម្មភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម។
លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលតែងជួយលើការអភិវឌ្ឍកម្ពុជា រួមទាំងជំនួយក្នុងវិស័យអប់រំ និងវិស័យការងារ តាមរយៈការទទួលយកពលករកម្ពុជាទៅបម្រើការនៅប្រទេសកូរ៉េក្នុងចំនួនយ៉ាងច្រើន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងមានការវិវត្តយ៉ាងវិជ្ជមាននៅចំឆ្នាំ២០២៣ ដែលជាខួបទំនាក់ទំនងលើកទី២៦ បន្ទាប់ពីបង្កើតទំនាក់ទំនងផ្លូវការនៅឆ្នាំ១៩៩៧។
លោកបន្តថា កូរ៉េខាងត្បូង មានប្រយោជន៍សម្រាប់កម្ពុជាដែលជាជង្រុកនៃពលករកម្ពុជាជាច្រើន និងនិស្សិតកម្ពុជាជាច្រើន ព្រមទាំងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា ហើយកូរ៉េខាងត្បូងក៏ជាភ្ញៀវទេសចរដ៏សន្ធឹកសន្ធាប់មកទស្សនាកម្ពុជាផងដែរ ។
លោកស៊ឺន សម សង្កត់ធ្ងន់ថា៖ «ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ជាទំនាក់ទំនងសំខាន់ ខណៈកម្ពុជាជាសមាជិកអាស៊ាន សមាជិកតំបន់មេគង្គ។ កូរ៉េខាងត្បូងត្រូវការពង្រីកមិត្តភាព គោលនយោបាយការបរទេស ដែលកូរ៉េខាងត្បូងមានបំណងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសនៅតាមដងទន្លេមេគង្គឱ្យមានភាពប្រសើរឡើង»។
តាមរយៈការគាំទ្រនយោបាយគ្នាទៅវិញទៅមក និងជាពិសេសជំនួយអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋាភិបាលកូរ៉េមកលើកម្ពុជា លោកស៊ឺន សម បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ទំនាក់ទំនងប្រទេសទាំង២ នឹងកាន់តែមានភាពប្រសើរឡើង ខណៈភាគីទាំង២ មានហេតុផលត្រូវការគ្នា និងជួយគ្នាទៅវិញទៅមក។
លោកក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងខ្លួនធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីទាញយកប្រយោជន៍កាន់តែច្រើនពីប្រទេសដ៏រីកចម្រើនមួយនេះ៕