ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សរវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីចុងខែកញ្ញាកន្លងមកនេះ បានចូលរួមចំណែកសំខាន់ក្នុងការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិង UN ជាប្រយោជន៍សម្រាប់ប្រជាជនអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ាន។
ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ស្តីពីកិច្ចសន្ទនាលើកទី១ ពីបញ្ហាសិទ្ធិមនុស្សរវាងអាយឆា និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ដែលមានលោកស្រីអ៊ុច និពន្ធ សមាជិកគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការនេះជាភាគីកម្ពុជាចូលរួមក្នុងកិច្ចសន្ទនាលើកនេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា គណៈប្រតិភូអាយឆា និងមានការចូលរួមពីអ្នកសង្កេតការណ៍ទីម័រខាងកើត បានជួបប្រជុំជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ព្រមទាំងផ្នែកផ្សេងៗនៃសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាច្រើនទៀតតួយ៉ាង គណៈកម្មាធិការសិទ្ធិកុមារ(CRC),គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌(CESCR) និងគណៈកម្មារធិការស្តីពីការបាត់ខ្លួនដោយបង្ខំ(CED) ជាដើម។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងនោះប្រធានបទដែលបានលើកឡើងក្នុងកិច្ចសន្ទនារួមមាន សិទ្ធិសង្គមនិងសេដ្ឋកិច្ច, សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, សិទ្ធិអភិវឌ្ឍន៍, ធុរកិច្ចនិងសិទ្ធិមនុស្ស, សិទ្ធិបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, នីតិរដ្ឋនិងលម្ហពលរដ្ឋ និងការការពារសិទ្ធិមនុស្ស។
ភាគីទាំង២ បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំង២ ក៏បានស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមក ពីអាណត្តិ របៀបរបបការងារ និងបញ្ហាប្រឈមផ្សេងៗផងដែរ។
លោកស្រីអ៊ុច និពន្ធ ជាតំណាងភាគីកម្ពុជា ដែលបានចូលរួមកិច្ចសន្ទនាលើកទី១នេះ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ជំនួបសន្ទនារវាងអាយឆា និងអង្គការសហប្រជាជាតិនេះ ជាការជួបលើកទី១ ដូច្នេះ ភាគីចូលរួមបានផ្លាស់ប្តូរយោបល់គ្នា និងជជែកពីក្របខ័ណ្ឌរៀងៗខ្លួន អ្វីដែលអាស៊ានបានធ្វើកន្លងមក បញ្ហាប្រឈមក្នុងក្របខ័ណ្ឌសិទ្ធិមនុស្ស។
លោកស្រីអ៊ុច និពន្ធ ថ្លែងថា៖ «កិច្ចសន្ទនានេះបានចូលរួមចំណែកកសាងសហគមន៍អាស៊ាន ដោយភាគីអាស៊ានអាចសិក្សាពីយន្តការរបស់ UN ដើម្បីយកមកអនុវត្តជាមួយនឹងយន្តការថ្នាក់តំបន់អាស៊ាន ថាអ្វីខ្លះដែលអាស៊ានអាចរៀនសូត្របាន និងអាចបន្តសហការជាមួយ UN បានដើម្បីជាប្រយោជន៍លើកកម្ពស់និងការពារសិទ្ធិមនុស្ស»។
លោកស្រីបន្ថែមថា កិច្ចសន្ទនានេះជាលើកទី១ ដែលទើបជាចំណុចចាប់ផ្តើមរវាងអាយឆា និងអង្គការសហប្រជាជាតិ ដើម្បីស្វែងយល់ពីគ្នាជាមុន ដើម្បីកិច្ចសហប្រតិបត្តិការបន្ត និងជាជំហានសម្រាប់កិច្ចសន្ទនាលើកទី២។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា កិច្ចសន្ទនាលើកដំបូងរវាងអាយឆា និងUN នេះ ជាការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ានផ្ទាល់។
លោកបន្តថា ខណៈប្រទេសជាសមាជិកតំបន់នេះមានគោលការណ៍សិទ្ធិមនុស្សខុសៗគ្នា ជាមួយបរិបទប្រទេសខ្លះប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសខ្លះប្រកាន់លទ្ធិកុម្មុយនីស្ត ចំណែកគោលការណ៍រួមអាស៊ានគោរពសំឡេងជាឯកច្ឆន្ទ ហើយស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួនតួយ៉ាងមីយ៉ាន់ម៉ា រួមមានកម្ពុជាផង នៅមានស្ថានភាពមិនប្រសើរនៅឡើយ។
លោកថ្លែងថា៖ «សមាជិកអាស៊ានខ្លះ មានស្ថានភាពសិទ្ធិមនុស្សមួយតឹងរ៉ឹង ហើយមានការធ្លាក់ចុះ ជួបប្រទះបញ្ហាច្រើន។ ប្រទេសនីមួយៗក៏អនុវត្តសិទ្ធិមនុស្សខុសៗគ្នាដែរ ខណៈអាស៊ាន មានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ហើយប្រើកុងសង់ស៊ីល ឬសំឡេងរួមផង។ យើងមើលតែវិបត្តិភូមា អាស៊ានមិនទាន់រកច្រកចេញទេ»។
លោក អំ សំអាត បន្តថា ប្រទេសជាសមាជិកអាស៊ាននីមួយៗរួមទាំងកម្ពុជា គួរមានការត្រួតពិនិត្យឡើងវិញ ហើយប្តេជ្ញាធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស គោរពគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ទទួលយកអនុសាសន៍ពីអង្គការសប្រជាជាតិពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ហើយធ្វើការកែលម្អ ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សអាស៊ានមានភាពប្រសើរឡើងស្របតាមយន្តការដែល UN ចង់បាន៕