ភ្នំពេញៈ ដូចឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់ឧបត្ថម្ភជូនដល់មន្ត្រីរាជការស៊ីវិលក្នុងម្នាក់ចំនួន ៥ ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២៣ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទដែលបាននិងកំពុងបំពេញបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ។
យោងអនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងយោងសេចក្តីជូនដំណឹងស្តីពី«ការបើកផ្តល់ប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារណៈចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥ ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២៣ ដំណាលគ្នាជាមួយនឹងការផ្តល់បៀវត្សរ៍ប្រចាំខែតុលា។
ក្រសួងមុខងារសាធារណៈ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១១ ខែតុលាថា៖ «ការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្តការការពារអត្ថប្រយោជន៍ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និងកំពុងបំពេញបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ»។
ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ ១៩ បើទោះបីប្រទេសកំពុងជួបវិបត្តិទាំងសេដ្ឋកិច្ច និងសង្គមប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា មន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ត្រូវបានបើកផ្តល់ជាទៀងទាត់។
នៅក្នុងខណៈនោះ ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភមិនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយឡើយ ហើយការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្តល់ជូនជាធម្មតា។ នេះបើតាមក្រសួងមុខងារសាធារណៈបញ្ជាក់បន្ថែម។
ជុំវិញរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការផ្តល់ប្រាក់ឧបត្ថម្ភនាឱកាសនេះគឺជាការលើកទឹកចិត្តសំខាន់ ដែលជាការជួយសម្រាលបន្ទុកមួយចំណែកដល់មន្ត្រីរាជការដែលបានខិតខំបំពេញការងារ។
លោកបញ្ជាក់ថា៖ «ប្រពៃណីខ្មែរយើង រាល់រដូវបុណ្យទានតែងតែទិញចំណីអាហារ ធ្វើចង្ហាន់ទៅវត្តដើម្បីឧទ្ទិសទៅដល់ឧបការីជន ឬជូនដល់ឪពុកម្តាយ អ៊ីចឹងថវិកានេះបើធៀបនឹងសេដ្ឋកិច្ចបច្ចុប្បន្នមិនច្រើន ប៉ុន្តែជាចំណែកមួយដែលអាចសម្រាលបន្ទុកខ្លះហើយអ្នកមានលទ្ធភាពល្មមៗអាចយកចំណែកនេះធ្វើដំណើរទៅដល់ភូមិស្រុកតំបន់ដែលគាត់ប្រារព្ធពិធីបុណ្យទានបាន»។
លោកបានបន្តថា នេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងបន្តធ្វើទៅមុខទៀត ទាំងអ្នករាជការសាធារណៈ ទាំងពលករ កម្មករ ឬអ្នកបម្រើការងារនៅក្រុមហ៊ុនឯកជនជាដើម ក៏រាជរដ្ឋាភិបាលតែងតែគិតគូរចំណុចនេះដែរ។លោក យង់ ពៅ បានថ្លែងថា៖«ឧទាហរណ៍ថា រដូវបុណ្យធំៗតែងផ្តល់ជូនរថយន្តក្រុងសម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងការលើកទឹកចិត្តប៉ះប៉ូវផ្សេងៗទៀត»។
ស្រដៀងគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍សន្តិភាពលោក យង់ គិមអេង បានថ្លែងថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងម្នាក់ ៥ ម៉ឺន មិនច្រើននោះទេតែជាការលើកទឹកចិត្តមួយដែរ។
លោកបានបញ្ជាក់ថា៖ «ជាធម្មតាមន្ត្រីរាជការ ឬបុគ្គលិក នៅកន្លែងណាក៏ត្រូវការការលើកទឹកចិត្ត ប៉ុន្តែគ្រាន់តែការលើកទឹកចិត្តនេះមិនមានចំនួនច្រើន អ្នកខ្លះអាចទិញសំបុត្រឡានទៅស្រុក។ ហេតុដូច្នេះការឧបត្ថម្ភនេះមិនជាបញ្ហាចោទនោះទេ គឺជារឿងសាមញ្ញធម្មតានៃវិធីសាស្ត្រក្នុងការគ្រប់គ្រង ការលើកទឹកចិត្តដល់មន្ត្រីរាជការដែលប្រឹងប្រែងធ្វើការពី ១ ឆ្នាំទៅ ១ ឆ្នាំ ហើយមិនមែនជាបញ្ហាដែលគេយកទៅជជែកនោះដែរ»។
សូមជម្រាបថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមាន បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ ដែលបានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមកក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហើយបានបន្តអនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ដោយផ្អែកទៅលើលទ្ធភាពដែលរាជរដ្ឋាភិបាលបានសន្សំសំចៃ ដើម្បីទុកចែករំលែកជូនដល់មន្ត្រីរាជការ៕