​ព្រះ​វិហារៈ លាមក​សត្វ ផេះ​ ចំបើង ស្មៅ និង​ស្លឹក​រុក្ខជាតិ​នានា គឺ​សុទ្ធតែជា​សារធាតុចិញ្ចឹម​ដែល​ត្រូវការ​ចាំបាច់​ណាស់​សម្រាប់​ដំណាំ​ហើយ​ដើម្បីឱ្យ​ពួកវា​ក្លាយទៅជា​ជីសរីរាង្គ​មួយ​ដែល​ងាយ​រលាយ និង​ផ្តល់​សារធាតុចិញ្ចឹម​ល្អ​សម្រាប់​ដំណាំ កសិករ​ចាំបាច់​ត្រូវធ្វើ​វា​ឱ្យ​ក្លាយទៅជា​ជីកំប៉ុស​។

​លោក​​ ឆន ឈី​ម ជា​កសិករ​ដែល​រស់នៅ​ជាង​ ២០​ ឆ្នាំ​នៅ​ភូមិ​ព្រៃវែង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ផ្ទះ​របស់លោក​បាន​បង្កើត​រោង​ធ្វើ​ជីកំប៉ុស​រួម​ ១ មាន​ទំហំ​ធំ​ល្មម និង​អាច​ប្រមូល​ផល​ម្តងៗ​បាន​ប្រមាណ​ជាង ​៧ តោន​។ សព្វថ្ងៃ​អ្នកភូមិ​ដែលជា​សមាជិក​ស្រូវ​ត្រយង តែងតែ​ប្រមែប្រមូល​គ្រឿងផ្សំ​នានា​ដែល​មាននៅ​ជុំវិញ​ផ្ទះ​របស់​ពួកគាត់ យកមក​ដាក់​រួមគ្នា​នៅក្នុង​រោង​នេះ ដើម្បី​បង្កើតជា​ជីកំប៉ុស​។

​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​រោង​ធ្វើ​ជីកំប៉ុស​ប្រក់​ស័ង្កសី​នៅក្នុង​បរិវេណ​ដី​ទំនេរ​ក្បែរ​ផ្ទះ ដែល​សាងសង់ឡើង​ដោយ​អ្នកភូមិ និង​មានការ​គាំទ្រ​ពី​គម្រោង CEPF លោក ឆន ឈី​ម បាន​និយាយថា រោង​ធ្វើ​ជីកំប៉ុស​នេះ ទើបតែ​ប្រមូល​ផល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាមួយ​អ្នកភូមិ​ ២​ ភូមិ​ផ្សេងទៀត កាលពី​ដើមខែ​។

លោក​បន្តថា​៖ «​ពី​ដើម​មក គឺ​ខ្ញុំ​ធ្វើ​ជីកំប៉ុស​ជា​លក្ខណៈ​គ្រួសារ​។ ខ្ញុំ​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ពី​ខាង​បច្ចេក​ទេស យូរហើយ គ្រាន់តែ​ខ្ញុំ​ធ្វើជា​លក្ខណៈ​គ្រួសារ​ខ្ញុំ​តិចតួច​។ ទើប​ដល់​ឆ្នាំ​ ២០២២​ មក​ ២០២៣ ​នេះ គឺ​ខ្ញុំ​ធ្វើជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ យើង​មាន​សមាជិក​ក្នុងភូមិ​ចូលធ្វើ ទើប​យើង​បាន​ទិន្នផល​ច្រើន​»​។​

​កាលពី​ឆ្នាំ​ ២០០៨ អ្នកភូមិ​​ព្រៃវែង​ជាង ៥០ ​គ្រួសារ បានរួម​គ្នា​បង្កើត​ការដាំដុះ​ស្រូវ​តាមបែប​សរីរាង្គ តាមរយៈ​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង ព្រោះ​ភូមិ​នេះ​មាន​លក្ខណៈ​អំណ​យ​ផល​ដល់​ពពួកសត្វ​ស្លាប ជាពិសេស​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​ដូចជា សត្វ​ត្រយង​យក្ស (​ឬ​ឪ​លើក​) ទាព្រៃ​ស្លា​បស និង​ក្រៀល​ជាដើម​។ នេះ​បើតាម​លោក​ ឆន ឈី​ម​។​

​កសិករ​ដែលមាន​សម្បុ​រ​ស្រអែម​រាងស្តើង​រូបនេះ​បន្ថែមថា​៖ «​រោង​នៅក្នុង​ភូមិ​ខ្ញុំ ឆ្នាំនេះ​ផលិត​បាន​ជីកំប៉ុស​បាន​ជិត​ ១០​ តោន​ដែរ​។ ភូមិ​ខ្ញុំ​បាន​ចូលរួម​ប្រមូល​គ្រឿង​​ផ្សំ​ទាំងនេះ​យកមក​ដាក់​ក្នុង​រោង​។ យើង​ធ្វើ​ជីកំប៉ុស​នេះ​យើង​ថ្លឹង​វត្ថុ​​ធាតុ​ដើម​ដែល​អ្នកភូមិ​នីមួយៗ គាត់​យកមក​ឱ្យ​យើង​។ ខ្លះ​គាត់​ចូលរួមបាន​ ១ តោន ២​ តោន និង​អ្នកខ្លះ បាន​កន្លះ​តោន​អ៊ីចឹងទៅ​។ ​នៅពេល​យើង​ប្រមូល​ជា​ផល​វិញ យើង​ចែកគ្នា​ទៅតាម​ហ្នឹង ដើម្បី​ចៀសវាង​ទំនាស់​ផល​ប្រ​យោ​ជន៍​»​។

ភូមិ​ព្រៃវែង គឺជា​ភូមិ​ ១ ​ក្នុងចំណោម​ភូមិ​ចំនួន ៣ ដែលមាន​ភូមិ​ដង​ផ្លិត និង​ភូមិ​ត្មាត​ប៉ើយ​បាន​ផលិត​ជីកំប៉ុស​ធម្មជាតិ​ជា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ដោយ​ទទួលបាន​ទិន្នផល​ជីកំប៉ុស​ជាង​ ២០ ​តោន​សម្រាប់​ចែកជូន​ទៅដល់​កសិករ​ជា​សមាជិក​ស្រូវ​ត្រយង​យកទៅ​ប្រើប្រាស់​លើ​ដំណាំ​របស់​ពួកគាត់​។​

​លោក​សាម សាក់ មេភូមិ​ព្រៃវែង និយាយថា អ្នកភូមិ​បានរួម​គ្នា​អនុវត្ត​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ពួក​គាត់​ទទួលបាន​ការបង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ក្នុងការ​ផលិត​ជី​កំ​ប៉ុ​សរ​បស់​អង្គការ​សន្សំ​ម្លប់​ព្រៃ សម្រាប់​កសិករ​សមាជិក​ស្រូវ​ត្រយង​ក្នុង​ខេត្ដ​ព្រះវិហារ​។​

​ជំហាន​ដំបូង​ការចូលរួម ហាក់ដូច​ជាមាន​សមាជិក​តិច ប៉ុន្តែ​ក្នុងនាម​ជា​មេភូមិ លោក​នឹង​បន្ត​ផ្សព្វ​ផ្សាយ និង​ជំរុញ​ពលរដ្ឋ​នៅ​ក្នុងភូមិ​បន្ថែមទៀត​ឱ្យ​ចូលរួម​ក្នុង​សកម្ម​ភាព​ផលិត​ជីកំប៉ុស​រួមគ្នា​នេះ​។

លោក​បន្តថា​៖ «​ល្អ​មែនទែន ការ​​ចូលរួម​របស់​ពួកគាត់ ធ្វើ​ជីកំប៉ុស ព្រោះ​យើង​មិនអាច​ប្រើ​ជី​ដែលមាន​ជាតិគីមី​ទេ​។ ភូមិ​យើង​បង្កើតបានជា​ការងារ​នេះ​ខ្ញុំ​ត្រេកអរ​មែនទែន ព្រោះ​ខ្ញុំ តែងតែ​ណែនាំ​ឱ្យ​ពលរដ្ឋ​យើង​កាត់បន្ថយ​ការប្រើ​ជីគីមី ហើយ​ជីកំប៉ុស​នេះ គឺជា​ជីធម្មជាតិ​របស់​យើង​ដែល​ឱ្យ​បងប្អូន​នៅក្នុង​តំបន់​សហគមន៍​យើង រួមគ្នា​ធ្វើ ដើម្បី​អនាគត​ទៅ​អាច​នឹង​ជោគ​​ជ័យ និង​មិនមាន​ប៉ះពាល់​ដល់​សុខភាព​»​។

​លោក​មេភូមិ​ដែល​បាន​កាន់​កិច្ចការ​គ្រប់គ្រង​ភូមិ​ជាង ​១០ ឆ្នាំ​មកហើយ​បាន​លើក​ពី​ក្តី​រំពឹងទុក​ថា បើ​គម្រោង​ផលិត​ជីកំប៉ុស​រួម​របស់​អ្នកភូមិ​ជោគជ័យ នោះ​នឹង​ជំ​រុញឱ្យ​អ្នកភូមិ​ចូលរួម​ក្នុង​គម្រោង​ស្រូវ​ត្រយង​កាន់តែច្រើន​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ក៏​ព្រោះតែ​ដំបូង​ឡើយ​អ្នកភូមិ​ព្រៃវែង​បាន​ចូលរួម​ច្រើន​គ្រួសារ ប៉ុន្តែ​ដោយ​សារ​តែ​ពួកគាត់​មិនអាច​អនុវត្តតាម​គោលការណ៍​ដាំ​ដុះ​ដែល​មិន​ប្រើប្រាស់​ជីគីមី​ឬក៏​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់សត្វ​ល្អិត​បាន ទើប​ពលរដ្ឋ​មួយចំនួន​បាន​បោះបង់ និង​ត្រូវបាន​ដក​ចេញពី​គម្រោង​ទៅវិញ​។​

​លោក​មេភូមិ​បន្ថែមថា​៖ «​នៅ​តំបន់​យើង​នេះ​ដោយសារតែ​យើង​អនុវត្ត​ដាំ​ស្រូវ​សរីរាង្គ ដោយសារតែ​យើង​ប្រើ​ជាតិគីមី ទើប​ភូមិ​យើង​ធ្លាក់​សមាជិក​។ ប្រសិនជា​យើង​បង្កើន​ការធ្វើ​ជីកំប៉ុស​រួម បាន​ជោគជ័យ នោះ​សមាជិក​នឹង​កើន​ឡើងវិញ ហើយ​ទៅ​ថ្ងៃមុខ​ទៅ នឹងមាន​សមាជិក​ស្រូវ​ត្រយង​កាន់តែច្រើន​ទៀត​»​។​

​ចំនួន​សមាជិក​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​​ត្រយង​នៅក្នុង​ភូមិ​ព្រៃវែង​រយៈ​ពេល ​៥ ​ឆ្នាំ​ចុង​ក្រោយនេះ​បង្ហាញថា នៅ​ឆ្នាំ​ ២០១៩ មាន​សមាជិក​ចំនួន ​១៨​ គ្រួសារ ហើយ​ចំនួន​នេះ បាន​កើន​ឡើងដល់ ៥០ ​គ្រួសារ​នៅ​ឆ្នាំ​ ២០២០ ប៉ុន្តែ​តួលេខ​នេះ​បាន​ធ្លាក់ចុះ​មកវិញ​ស្ទើរ​ជាង​ពាក់​​កណ្តាល ដោយមាន​ចំនួន ​២៥ គ្រួសារ​នៅក្នុង​ឆ្នាំ ​២០២១ មាន​ចំនួន ​១៨​ គ្រួសារ​នៅក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣​ មាន​ចំនួន ​២៣ ​គ្រួសារ​។​

​លោក សួស វុ​ឌ្ឍី អ្នក​សម្រប​សម្រួល​ក្សេត្រសាស្ដ្រ​ថ្នាក់ជាតិ​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គម្រោង​ធ្វើ​ជីកំប៉ុស មានការ​គាំទ្រ​ដល់​កសិករ​ក្នុងភូមិ​ទាំង​ ៣ ​នេះ​ដោយ​ការផ្តល់​បច្ចេក​ទេស​ការផលិត​ជីកំប៉ុស ការផ្ដល់​ម៉ាស៊ីន​ចិញ្ច្រាំ​រុក្ខជាតិ​សម្រាប់​ផលិត​ជីកំប៉ុស (​ដើម​ទន្ទ្រាន​ខែត្រ​) ការផ្ដល់​ម៉ាស៊ីន​ច្របល់​កំ​ប៉ុ​ស និង​ឧបករណ៍​សម្រាប់​វាស់​សីតុណ្ហភាព សំណើម និង PH រួមទាំង​បដិភាគ​ទៅលើ​ការ​សាងសង់​រោង​ធ្វើ​ជីកំប៉ុស​ផង​ដែរ​។

​ជា​អ្នកជំនាញ​លើ​ទំនាក់​ទំនង​រវាង​ដំណាំ ដី អាកាសធាតុ និង​បច្ចេកទេស​លោក សួស វុ​ឌ្ឍី ថ្លែងថា រយៈពេល​នៃ​គម្រោង ដែលមាន​ការគាំទ្រ​ដល់​អ្នកភូមិ​ទាំង ​៣ គឺមាន​រយៈពេល ​២ ​ឆ្នាំ ចាប់ពី​ ២០២៣ ដល់ ២០២៤ ហើយ​ការផលិត​ជីកំប៉ុស គឺមាន​រយៈពេល ​១ ​ដង ក្នុង ​១ ​ឆ្នាំ ដោយ​ឆ្នាំ​ទី​១ យើង​បានទទួល​ទិន្នផល​ហើយ គឺ​ជាង ​២០ ​តោន​ហើយ​ឆ្នាំ​ទី​ ២​ នេះ​គម្រោង​បានដាក់​គោល​ដៅ​សម្រេច​ឱ្យបាន​ ៣០ ​តោន​។​

​លោក សួស វុ​ឌ្ឍី បញ្ជាក់ថា​៖ «​ប្រជាជន​ក្នុងភូមិ​ទាំង​៣​នេះ ភាគច្រើន​ដាំ​ដុះ​ដំណាំ​ស្រូវ​ហើយ​ពួកគាត់​មួយចំនួន​បាន​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ និង​ជីគីមី​។ ការធ្វើ​ជីកំប៉ុស​នេះ​ផ្តើម​ពី​កសិករ​ ១​ ក្រុម​តូច តាម​ភូមិ​នីមួយៗ ដោយ​ពួកគាត់​បាន​មើលឃើញ​ពី​អត្ថ​​ប្រយោជន៍​នៃ​ជីកំប៉ុស ទើបបាន​ពួកគាត់​រួមគ្នា ធ្វើ​ជីកំប៉ុស​ជា​ទ្រង់​ទ្រាយ​ធំ​បែបនេះ​។ ពេលនេះ កសិករ​ក៏​កំពុង​បន្ត​ប្រមូល​គ្រឿង​ផ្សំ​ជុំវិញ​សហគមន៍​របស់​ពួកគាត់​បន្តទៀត ដែលមាន​ដូចជា​លា​មក​គោ និង​ដើម​ទន្ទ្រានខែត្រ ព្រោះ​សម្បូរ​នៅក្នុង​ភូមិ ដើម្បី​ផលិត​ជីកំប៉ុស​នេះ​ជាថ្មីទៀត​»​។​

​តាម​ការលើកឡើង​រប​ស់លោក សួស វុ​ឌ្ឍី ការប្រើ​បច្ចេកទេស​ផលិត​ជីកំប៉ុស​បាន​ជួយ​ឱ្យ​គុណ​ភាព​ដំណាំ​ស្រូវ​របស់​កសិករ​មាន​សុខភាព​ល្អ ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែលនាំឱ្យ​ទិន្ន​ផល​មានការ​កើនឡើង​។ ទិន្នផល​កើនឡើង​នឹង​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​ចូលរួម​កម្មវិធី​ស្រូវ​ត្រយង​ដើម្បី​ចៀសវាង​ពី​ការបញ្ចូល​សារធាតុ​គីមី ដែលនាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន សុខភាព និង​បង្កើន​ការទូទាត់​លើ​ថ្លៃដើម​ផលិតកម្ម​ជាដើម​។​

​យោងតាម​ស្ថិតិ​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​គឺ​បង្ហាញថា ភូមិ​ត្មាត​ប៉ើយ មាន​ចំនួន​ប្រជាជន ៤៣៤​ គ្រួសារ ក្នុងនោះ​ប្រជាជន​ដែល​ប្រកប​កសិកម្ម​មាន​ចំនួន​ ៤១៦ ​គ្រួសារ ហើយ​គ្រួសារ​ដែល​ចូលរួម​គម្រោង​ធ្វើ​ជីកំប៉ុស​មាន​ចំនួន​ ៥​ គ្រួសារ​។

ចំណែក​ភូមិ​​ព្រៃវែង មាន​ចំនួន​ប្រជាជន ១៥២ គ្រួសារ ក្នុងនោះ​ប្រជាជន​ដែល​ប្រកប​កសិកម្ម​មាន​ចំនួន​ ១៥២ គ្រួសារ ហើយ​គ្រួសារ​ដែល​ចូល​​រួម​គម្រោង​ធ្វើ​ជីកំប៉ុស​មាន​ចំនួន ៤ ​គ្រួសារ និង​ភូមិ​ដង​ផ្លិត មាន​ចំនួន​ប្រជាជន​ ៣៣៨ ​គ្រួសារ ក្នុងនោះ​ប្រជាជន​ដែល​ប្រកប​កសិកម្ម​មាន​ចំនួន ៣៣៨​ គ្រួសារ ហើយ​គ្រួសារ ដែល​ចូលរួម​គម្រោង​ធ្វើ​ជីកំប៉ុស​មាន​ចំនួន​៨​គ្រួសារ​។

​តាម​គម្រោង USAID ព្រៃ​ឡង់​បៃតង បានឱ្យដឹង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២៣ ​ថា ទិន្នផល​ស្រូវ​ត្រយង បាន​កើនឡើង ៥៨ ​ភាគរយ នៅពេលដែល​កសិករ​ក្នុង​គម្រោង​សាកល្បង​ចំនួន ២​ ខេត្ត​បាន​អនុ​​វត្ត​បច្ចេកទេស​ជីកំប៉ុស ដំណាំ​គម្រប​ដី និង​បច្ចេកទេស​បំបែក​ដី​។

​ដីស្រែ​ធម្មតា​ផ្តល់​ទិន្នផល​ជា​មធ្យម ១ ៤៥៤ ​គីឡូក្រាម​ក្នុង​ ១ ​ហិកតា​ចំណែក​ដីស្រែ​សាក​ល្បង​ទទួលផល​ជា​មធ្យម ២ ២៩៩ គីឡូក្រាម​ក្នុង​ ១ ​ហិកតា ហើយ​ការប្រើ​បច្ចេកទេស​ជីកំប៉ុស ដំណាំ​គម្រប និង​ការ​បំបែក​ដី នឹង​នាំឱ្យ​គុណភាព​ដី មានការ​កើនឡើង​ក្នុង​រយៈពេល​វែង​ដោយសារតែ​អាសូត និង​សមាសធាតុ​សរីរាង្គ​ផ្សេងទៀត ត្រូវបាន​ជ្រាបចូល​ទៅក្នុង​ដី​។ នេះ​បើ​យោងតាម​គម្រោង USAID ព្រៃ​ឡង់​បៃតង​។​

USAID បន្តថា​៖ «​គម្រោង​សាកល្បង​សម្រាប់​កសិករ​ស្រូវ​ត្រយង​នៅ​ខេត្តព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​មានការ​ប្រែប្រួល​ពី​កន្លែង​ ១ ទៅ​កន្លែង​ ១ ដោយ​សារភាព​ខុសគ្នា​នៃ​លក្ខខណ្ឌ​ដី និង​ការអនុវត្ត​បច្ចេកទេស​។ ទោះ​​ជា​យ៉ាងណាក៏ដោយ​បើ​ប្រៀប​ធៀប​វាលស្រែ​ដែល​មិនបាន​អនុ​វត្ត​បច្ចេកទេស និង​វាលស្រែ​ដែល​អនុវត្ត​បច្ចេកទេស លទ្ធផល​បាន​បង្ហាញថា ទីតាំង​ដែល​បាន​ប្រើ​បច្ចេកទេស​ជីកំប៉ុស ធ្វើឱ្យ​ទិន្ន​ផល​ស្រូវ​កើនឡើង​យ៉ាងហោចណាស់ ៥៨​ ភាគរយ​»​។

​គិត​ត្រឹម​ឆ្នាំ ​២០២៣ សមាជិក​ស្រូវ​ត្រយង​ទូទាំងប្រទេស មាន​ចំនួន​សរុប ​២ ៣៧១​ នាក់ ក្នុងនោះ​ខេត្ដ​ព្រះ​វិហារ​មាន​ ៥៥២ នាក់​ខេត្ដ​ស្ទឹង​​ត្រែង​មាន ១ ២៥៥​ នាក់ ខេត្ដ​រតន​​គិរី​មាន ៣៩៥ ​នាក់ និង​មណ្ឌល​គិរី មាន​ចំនួន ១៦៩​ នាក់​។​

​ងាក​មក​ចាប់អារម្មណ៍​នឹង​លោក ឆន ឈី​ម​វិញ ដោយសារតែ​លោក​បាន​អនុវត្ត​គម្រោង​ស្រូវ​ត្រយង​នៅលើ​ដីស្រែ​របស់លោក​ដែលមាន​ជាង ៨ ​ហិកតា លោក​ក៏​មិន​ខុសពី​សមាជិក​ស្រូវ​ត្រយង​ដទៃទៀត​ដែរ គឺ​ទទួលបាន​តម្លៃ​ស្រូវ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​។ បន្ថែម​ពីនេះ លោក និង​អ្នកភូមិ​ព្រៃវែង​ក៏​ទទួល​បានការ​គាំទ្រ​ផ្នែក​បច្ចេកទេស ដើម្បី​កែលម្អ​ផលិតកម្ម​ស្រូវ ឱ្យ​ធន់​នឹង​អាកាសធាតុ​ទៀតផង​៕