​ភ្នំពេញៈ ក្នុងឱកាស​នៃ​ទិវា​សុខភាព​​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំ​ ២០២៣ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​វិនិយោគ​លើ​សុខភាព​ផ្លូវចិត្ត ជា​ពិសេស​សេវា​សហគមន៍ ព្រោះ​សុខ​ភាពល្អ​នឹងមិន​អាចមាន​ទេ ប្រសិនបើ​គ្មាន​សុខភាព​ផ្លូវចិត្ត​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ដោយ​លោក​តេ ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស ​(Tedros Adhanom Ghebreyesus) អគ្គនាយក​អង្គការ​សុខ​​ភាព​ពិភពលោក ​(WHO)​ នាឱកាស​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី​ ១០ ខែតុលា ក្រោម​ប្រធានបទ «​សុខភាព​ផ្លូវចិត្ត គឺជា​សិទ្ធិមនុស្ស​ជាស​កល​»​។

​លោក​បាន​ថ្លែងថា មនុស្ស​ម្នាក់​ក្នុងចំណោម​ ៨ ​នាក់ រស់នៅ​ជាមួយ​ស្ថាន​ភាព​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក មនុស្ស​ជាច្រើន​មិនអាច​ទទួលបាន​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ប្រកបដោយ​គុណភាព​នោះទេ​ដោយសារ​ពួកគេ​មាន​ឧបសគ្គ​ច្រើន​ដូចជា កង្វះ​សេវា​ថែទាំ ភាពក្រីក្រ អំពើហិង្សា ការ​មាក់ងាយ និង​ការរើសអើង​ជាដើម​។

​លោក​បាន​ថ្លែងថា មនុស្ស​មួយចំនួន​ដែលមាន​ស្ថានភាព​សុខភាព​ផ្លូវចិត្ត ជាពិសេស​ប្រជាជន​ដែល​ខ្វះខាត ឬ​ជន​ងាយ​រងគ្រោះ​អាច​ប្រឈមមុខ​នឹង​ការរំលោភ​សិទ្ធិមនុស្ស រួមទាំង​ការបង្ខិតបង្ខំ ការរំលោភបំពាន​ឬ​ការមិន​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​ផងដែរ​។​

​លោក​តេ ដ្រូ​ស អា​ដាណ​ម បាន​ថ្លែងថា​៖ «​ក្នុង​ទិវា​សុខភាព​ពិភពលោក អង្គការ​សុខភាព​ពិភពលោក អំពាវ​នាវ​ឱ្យ​សុខភាព​ផ្លូវចិត្ត​ត្រូវបាន​គេ​គោរព​ជា​សិទ្ធិមនុស្ស​។ យើង​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​វិនិយោគ​លើ​សុខ​ភាព​ផ្លូវចិត្ត ជាពិសេស​សេវា​សហ​គម​ន៍​ព្រោះ​សុខ​ភាពល្អ​គ្មានទេ បើ​គ្មាន​សុខភាព​ផ្លូវចិត្ត​»​។​

​ដោយឡែក អ្នកនាង យឹម សុធា​រី នាយិកា​មជ្ឈមណ្ឌល​ស្នេហា (Sneha Center) បានឱ្យដឹង​ដែរ​ថា ដោយសារ​តែមាន​វិបត្តិ​កូ​វីដ ​១៩ នៅ​កម្ពុជា អ្នក​ដែលមាន​វិបត្តិ​ផ្លូវចិត្ត​មានការ​កើនឡើង​ជាង​មុន ក៏ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ វា​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើឱ្យមាន​ទាំង​យុវជន និង​ស្ថាប័ន​ជាច្រើន បាន​យកចិត្តទុកដាក់ និង​មាន​ការជជែក​ពី​រឿង​សុខភាព​ផ្លូវចិត្ត​នេះ​ច្រើន​។​

​អ្នកនាង​បាន​បន្តថា ខណៈដែល​មាន​មនុស្ស​មានការ​ជជែក​ពី​រឿង​សុខ​ភាព​ផ្លូវ​ចិត្តច្រើន ប៉ុន្តែ​ប្រជាជន​កម្ពុជា​តែងតែ​យល់ច្រឡំ​ថា​សុខភាព​ផ្លូវចិត្ត​គឺជា​ជំងឺផ្លូវចិត្ត តាមពិត​សុខភាព​ផ្លូវ​ចិត្ត​វា​ជា​ចំណែក​មួយ​នៃ​សុខភាព ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ចំណែក​ជំងឺផ្លូវចិត្ត​វា​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ជំងឺ​ថប់​បារម្ភ​ជាដើម​។​ទោះបី​មានការ​ជជែក​គ្នាច្រើន​អំពី​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​បើ​និយាយ​ពី​ការទទួល​សេវា​ប្រឹក្សា​សុខភាព​ផ្លូវចិត្ត គឺ​នៅមាន​ការកំណត់​នៅឡើយ​ទេ​។

​អ្នកនាង យឹម សុធា​រី បាន​បញ្ជាក់ថា​៖ «​ក្នុងឱកាស​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​នេះ ខ្ញុំ​សូម​ផ្ដាំ​ទៅ​ប្រជា​ពលរដ្ឋ​ទូទៅ​ថា សុំ​ចាត់ទុក​សុខភាព​ផ្លូវចិត្ត​ហ្នឹង​ជា​ចំណែក​មួយ​នៃ​សុខភាព ដូច្នេះ​នៅពេលដែល​យើង​មិន​ចាត់ទុក​ជា​អាទិភាព​ទេ នោះ​បានន័យថា យើង​អនុញ្ញាតឱ្យ​ខ្លួន​យើង​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​ទាំង​មិនល្អ​»​។​

​ក្រៅពីនេះ អ្នកនាង​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​ទូទៅ​កុំ​ព្យាយាម​វិនិច្ឆ័យ​នរណាម្នាក់​ថា​មាន​ជំងឺផ្លូវចិត្ត ដោយ​ប្រើ​មាត់​និង​ភ្នែក​ទទេ​នោះ តែ​ត្រូវ​វិ​និ​​ច្ឆ័​យ​តាមរយៈ​គ្លីនិក​ដោយមាន​កម្រង​សំណួរ​មួយចំនួន​ជាដើម​។​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ​និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​បាន អំពាវ​​នាវ​ឱ្យមាន​សកម្មភាព​រួមគ្នា​ដើម្បី​វិ​និ​យោគ​បន្ថែមទៀត​លើ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​របស់​កុមារ ក្មេង​ជំទង់ និង​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា ក្មេង​ជំទង់​ម្នាក់​ក្នុងចំណោម​ ៧​ នាក់​ដែលមាន​អាយុ​ពី​ ១០ ​ទៅ​ ១៩ ​ឆ្នាំ ទទួលរង​វិបត្តិ​ផ្លូវចិត្ត​។​នៅ​ទូទាំង​សកលលោក​អត្តឃាត​គឺជា​មូលហេតុ​នាំមុខគេ​ទី​៤​ នៃ​ការស្លាប់​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ដែលមាន​អាយុ​ពី​ ១៥-១៩​ ឆ្នាំ​។​

​ប្រភព​ដដែល​បន្តថា​៖ «UNICEF​និង UNFPA ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ប្តេជ្ញា​យ៉ាង​ពេញលេញ​ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យបាន​គ្រប់គ្រាន់​ដល់​កុមារ ក្មេង​ជំទង់ និង​យុវជន​នៅក្នុង​ប្រទេស​នេះ​»​។

​សេចក្តីថ្លែងការណ៍​ថា ទោះជា​យ៉ាងណាក៏ដោយ វិបត្តិ​ផ្លូវចិត្ត​ឬ​ការ​​ថប់​បារម្ភ មិនគួរ​ជា​បញ្ហា​សុខភាព​សាធារណៈ​តែមួយ​ទេ ប៉ុន្តែ​គួរតែ​ត្រូវបាន គេទទួលស្គាល់​ថា ជា​ក្តីបារម្ភ​របស់​សង្គម​មួយ​ផងដែរ​។​វិបត្តិ​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ធំធេង​បំផុត​មកលើ​កុមារ ក្មេង​ជំទង់ និង​យុវជន ដែល​គេ​មិន​ធ្លាប់បាន​ជួបប្រទះ​នាពេល​កន្លងមក​។​

​សូម​បញ្ជាក់ដែរថា ក្រសួង​សុខា​ភិ​បាល​បានដាក់​ដំណើរការ​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺផ្លូវចិត្ត​កម្រិត​ឯកទេស​នៅតាម​មន្ទីរពេទ្យ​ជាតិ​និង​មន្ទីរពេទ្យបង្អែក​រាជធានី​ខេត្ត​បាន​ចំនួន ​១០ កន្លែង​និង​កម្រិត​មូលដ្ឋាន​នៅតាម​មន្ទីរពេទ្យ​ខេត្ត ស្រុក ចំនួន​ ៩៧ ​កន្លែង​និង​កម្រិត​បឋម​នៅតាម​មណ្ឌល​សុខភាព​ចំនួន​ ៣៥៥ ​កន្លែង​៕