ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្តេជ្ញាចូលរួមចំណែកវិនិយោគក្នុងគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ជាពិសេសការពង្រឹងវិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ការលើកឡើងរបស់លោកអូន ព័ន្ធ មុនីរ័ត្ន ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងារ រវាងលោក ជាមួយនឹងលោក វីនហ្រ្វេត វិកគ្លីន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដា្ឋនអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈលោក Wicklein មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី ៩-១០ ខែតុលា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ លោក Winfried Wicklein និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មកទល់បច្ចុប្បន្ន។
លោកបានបន្តថា កម្ពុជាពិតជាអរគុណ ADB ចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ និងបានជូនពរលោក Winfried Wicklein ព្រមទាំងសហការីទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖«យើងសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB ជាពិសេសការវិនិយោគគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាពិសេសការពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រតិបត្តិការ Non Sovereign Operations ដូចមានចែងក្នុងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍកម្ពុជាឆ្នាំ ២០២៤-២០២៨»។
លោកបានបន្ថែមថា ADB ក៏បានពង្រីកទំហំឥណទានធំជាងមុនតាមរយៈការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបានប្រភពធនធានទំហំធំ ជាពិសេសសម្រាប់គម្រោងពង្រឹងការបន្សាំុទៅនឹងអាកាសធាតុ។
ជាមួយគ្នានេះ លោកអូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ADB បានរួមចំណែកក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធប្រតិបត្តិការថ្មីរបស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្រើនជាងមុនជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា៖«យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍកម្ពុជា ឆ្នាំ ២០២៤-២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភាដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជាដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០»។
នៅក្នុងឱកាសនោះ លោក Winfried Wicklein ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀតសំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោកហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា មិនអាចខ្វះដៃគូអភិវឌ្ឍន៍នានាបានឡើយ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈធនាគារនេះ បាននិងកំពុងជួយកម្ពុជាស្ទើរតែគ្រប់វិស័យ។
លោកបានបញ្ជាក់ថា៖ «ADB បានផ្តល់ទាំងប្រាក់កម្ចី ទាំងជំនួយ និងបច្ចេកទេសមកកម្ពុជា ក្នុងនោះគម្រោងភាគច្រើនដែល ADB ផ្តោតសំខាន់ជាងគេ គឺវិស័យអប់រំ វិស័យសុខាភិបាល ថាមពល ការអភិវឌ្ឍជនបទ កសិកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មជាដើម»។
សូមជម្រាបថា ADB ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ និងត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស។ធនាគារនេះបានប្តេជ្ញាក្នុងបេសកកម្មរបស់ខ្លួនថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕