ភ្នំពេញៈ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ថ្ងៃទី ១៧ ខែតុលានេះ ដើម្បីពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយពីបានពិនិត្យមានលក្ខណៈត្រឹមត្រូវ តាមទម្រង់ច្បាប់ និងគតិច្បាប់។ យោងតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី ១៦ ខែតុលា បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
លោក ប៊ុននាង ថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជួយបំពេញនូវចំណុចខ្វះចន្លោះផ្នែកទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលបានរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
លោកបានថ្លែងថា៖«វិស័យអាកាសចរណ៍ស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការងារដោយផ្ទាល់ និងដោយប្រយោល ការគាំទ្រ និងជំរុញវិស័យទេសចរណ៍ពាណិជ្ជកម្ម ការទាក់ទាញ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ចផងដែរ»។
លោកបានបន្ថែមថា តាមរយៈសេចក្តីព្រាងច្បាប់នេះ នឹងបង្កើតឱ្យមានស្ថាប័នអាកាសចរណ៍ស៊ីវិលមួយ មានលក្ខណៈអចិន្ត្រៃយ៍ ដែលមានរចនាសម្ព័ន្ធ និងសមត្ថកិច្ចពេញលេញក្នុងការលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៃប្រទេសកម្ពុជាស្របតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន។
លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា៖ «ជាពិសេសទៅទៀតនេះ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះ ដែលបានតម្រូវ និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ»។
សមាជិករដ្ឋសភាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងជំនួសច្បាប់ចាស់ឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO៕