ភ្នំពេញៈ កម្ពុជា ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី (SICW) លើកទី៨ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន លើកទី៨ និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩ នៅប្រទេសសិង្ហបុរី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា។
នារសៀលថ្ងៃទី១៦ ខែតុលា លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំទាំងនេះ។ កិច្ចប្រជុំ SICW ធ្វើឡើងក្រោមប្រធានបទ«ការកសាងទំនុកចិត្ត និងសុវត្ថិភាពនៅក្នុងវិស័យឌីជីថលដែលកំពុងតែរីកចម្រើន» ក្នុងគោលបំណងស្វែងយល់អំពីផលប៉ះពាល់នៃការអភិវឌ្ឍឌីជីថលក្នុងក្របខ័ណ្ឌពហុភាគីជាសកល និងអំពីវិធីសាស្ត្រការពារសុវត្ថិភាពសំដៅកសាងទំនុកចិត្តក្នុងប្រព័ន្ធឌីជីថល។
សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃបញ្ជាក់នាថ្ងៃទី១៦ ខែតុលា ថា សម្រាប់កិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩ ស្ដីពីបទល្មើសបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៩ ខែតុលា គឺជាកិច្ចប្រជុំជាន់ខ្ពស់រវាងថ្នាក់ដឹកនាំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនមកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូក៣ និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាលើការគំរាមកំហែង ការវិវត្តនានា និងដំណោះស្រាយលើបញ្ហាបទល្មើសបច្ចេកវិទ្យា។
កិច្ចប្រជុំសប្តាហ៍ SICW ដែលរៀបចំដោយទីភ្នាក់ងារសន្តិសុខតាមអុីនធឺណិតនៃប្រទេសសិង្ហបុរី (CSA) គឺជាព្រឹត្តិការណ៍សន្តិសុខអុីនធឺណិតដែលត្រូវបានបង្កើតឡើងច្រើនបំផុតនៅអាស៊ីប៉ាស៊ីហ្វិក។ CSA គឺជាអាជ្ញាធរជាតិរបស់ប្រទេសសិង្ហបុរីសម្រាប់សន្តិសុខតាមអុីនធឺណិត និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសឆ្លាតវៃរបស់សិង្ហបុរីនិងមហិច្ឆតាសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរី។
គេហទំព័រ SICW បញ្ជាក់ថា កិច្ចប្រជុំសប្តាហ៍ SICW ឆ្នាំ២០២៣ នេះនឹងប្រមូលផ្តុំអ្នករៀបចំគោលនយោបាយសកល អ្នកដឹកនាំឧស្សាហកម្ម និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់មកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរទស្សនៈនៃឧត្តមានុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រើប្រាស់ឱកាសឌីជីថល និងការដោះស្រាយបញ្ហាប្រឈមតាមអុីនធឺណិត ការវិវត្តនៃអុីនធឺណិត និងគោលនយោបាយសន្តិសុខតាមអុីនធឺណិត ការអនុវត្តបទដ្ឋានតាមអុីនធឺណិតព្រមទាំងសុវត្ថិភាពតាមបណ្តាញអុីនធឺណិតនិងលម្ហប្រតិបត្តិការបច្ចេកវិទ្យា។
គេហទំព័រ SICW លើកឡើងថា នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នានាពេលបច្ចុប្បន្ននេះ ការគំរាមកំហែងតាមអុីនធឺណិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអ្នកការពារតាមអុីនធឺណិតត្រូវការដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗបំផុត។ បុគ្គលគំរាមកំហែងកម្រិតខ្ពស់កំពុងប្រើប្រាស់បច្ចេកទេសចម្រុះ និងទំនើប ដោយប្រើប្រាស់ប្រព័ន្ធ និងបណ្តាញផ្សេងៗដែលងាយរងគ្រោះ។
គេហទំព័រដដែលបញ្ជាក់ថា៖ «ដូច្នេះ ការជំរុញឱ្យមានការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រការពារ និងវិធានការប្រឆាំង គឺមានគោលបំណងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការវាយប្រហារតាមអុីនធឺណិតកម្រិតខ្ពស់។ កិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងសន្តិសុខតាមអុីនធឺណិតកម្រិតខ្ពស់មានគោលបំណងបង្ហាញអំពីបច្ចេកទេសវាយប្រហារតាមអុីនធឺណិតកម្រិតខ្ពស់ និងការពាក់ព័ន្ធគ្នាសម្រាប់បុគ្គល អ្នកធ្វើជំនួញ និងរដ្ឋាភិបាល»៕