កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនិងរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នាថ្ងៃទី ១៦ ខែតុលា បានចុះពិនិត្យរកមូលហេតុដែលទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ ៣។ ជាមួយគ្នានេះក្រសួងធនធានទឹក ក៏ជំរុញឱ្យអាជ្ញាធរ ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកសម្រាប់រដូវប្រាំងខាងមុខ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តផ្អាកការធ្វើចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ៣ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅចន្លោះ គ.ម ៤៧-៤៨ និងគ.ម ៥១-៥២ ក្នុងស្រុកគងពិសី។
នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់នោះលោក ថោ ជេដ្ឋា បានលើកឡើងថា ក្រសួងនឹងធ្វើការសិក្សារកមូលហេតុនៃការលិចលង់នេះ ថាតើបណ្តាលមកពីអ្វី ត្រង់ចំណុចណានិងរកវិធីសាស្ត្រដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាកើតឡើងទៀតនៅពេលក្រោយ។
លោកមានប្រសាសន៍ថា៖ «ការលិចនេះដោយសារតែជំនន់ទឹកភ្លៀង មិនមែនជាជំនន់មកពីស្ទឹងព្រែកត្នោតទេ ហើយយើងមកទីនេះ គឺមកដើម្បីជួយដោះស្រាយតែម្តង ដោយយើងបានសហការជាមួយនឹងក្រសួង សាធារណការនិងអភិបាលខេត្តកំពង់ស្ពឺ ចុះមកមើលទាំងអស់គ្នាថាតើត្រូវរកមធ្យោបាយដើម្បីដោះស្រាយចំពោះមុខតែម្តង»។
លោក ថោ ជេដ្ឋា ក៏បានស្នើទៅដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទឹកលិចឱ្យមានការសហការ និងយោគយល់ជាមួយនឹងអាជ្ញាធរដែនដីក៏ដូចជាក្រសួងធនធានទឹក និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបើកមុខទឹកឱ្យទឹកហូរទៅបានលឿនកុំឱ្យនៅស្ទះទៀត។
លោកបញ្ជាក់ថា៖ «យើងសហការជាមួយនឹងក្រសួងសាធារណការ ដោយសារផ្លូវរងផលប៉ះពាល់ជាផ្លូវគ្រប់គ្រងដោយក្រសួងសាធារណការ អ៊ីចឹងក្រសួងធនធានទឹកមិនហ៊ានប៉ះពាល់ទេ ទើបយើងត្រូវធ្វើការសហការគ្នាក្នុងការដោះស្រាយបញ្ហានេះជាមួយនឹងរដ្ឋបាលខេត្តតែម្តង»។
លោករដ្ឋមន្ត្រីបន្តថា៖ «យើងអាចសន្យាថា យើងនឹងសហការគ្នា ហើយយើងពុះពារជាមួយក្រសួងទាំងអស់ ក៏ដូចជាអភិបាលខេត្ត ថាយើងនឹងព្យាយាមដោះស្រាយកុំឱ្យមានការលិចលង់ទៀតនៅពេលក្រោយៗ។ បន្ទាប់ពីយើងសិក្សាហើយ យើងនឹងស្នើទៅរដ្ឋាភិបាលដើម្បីសុំគោលការណ៍ដោះស្រាយឱ្យបានលឿន»។
ឱកាសនោះដែរ លោក វ៉ី សំណាង បានប្រាប់ឱ្យដឹងថា តាមក្រុមការងាររបស់រដ្ឋបាលខេត្តដែលបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះមានចំនួន ៣០២ ខ្នងផ្ទះ ដែលផ្ទះខ្លះលិចខ្លាំង ផ្ទះខ្លះលិចតិចតួច។ ក្នុងនោះក៏មានការប៉ះពាល់រោងចក្រ សហគ្រាសចំនួន ៩ ដែលមានកម្មករជាង ៤ ពាន់នាក់ផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។
លោកថា៖ «ចំពោះវិធានការចំពោះមុខនេះយើងនឹងសហការគ្នាជាមួយនឹងក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តតាកែវ ដើម្បីរំដោះទឹកចេញ ដែលអ្វីជាផលលំបាកគឺការអភិវឌ្ឍដែលមានការចាក់ដីបំពេញធ្វើឱ្យមានការស្ទះផ្លូវទឹកហូរ ដែលជាការបង្កឱ្យមានការជន់លិចនេះ»។
លោក វ៉ី សំណាង បន្តថា៖ «ខ្ញុំជឿថា ក្រុមការងាររបស់ក្រសួងធនធានទឹកនឹងមានបច្ចេកទេសច្បាស់លាស់ក្នុងការរំដោះទឹកនេះ។ មួយវិញទៀត យើងមិនអាចធានាថា មិនមានការជន់លិចនៅពេលក្រោយបានទេ ព្រោះយើងមើលនៅតាមទីក្រុងនៃប្រទេសនានាដូចជាក្រុងបាងកក ទីក្រុងសហរដ្ឋអាមេរិកក៏មានការជន់លិចក្រុងដែរតែយើងអាចកាត់បន្ថយផលប៉ះពាល់ឱ្យនៅតូចបាន»។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា គិតមកដល់ថ្ងៃទី ១៦ ខែតុលានេះ ជំនន់ទឹកភ្លៀងបានកើតឡើងចំនួន ១២ ខេត្ត ប៉ុន្តែនៅសល់តែខេត្តមួយចំនួនតូចប៉ុណ្ណោះ ដែលកំពុងបន្តរងផលប៉ះពាល់ ក្នុងនោះរួមមានខេត្ត បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។
លោកថ្លែងថា៖ «ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់គ្នា ហើយបានបង្កជាជំនន់ទឹកភ្លៀងនៅក្នុងខេត្តមួយចំនួន ក្នុងនោះមានខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយបានហូរកាត់លិចផ្លូវជាតិលេខ ៣ នៅស្រុកគងពិសី ហើយអាជ្ញាធរបានបិទផ្លូវនេះ ដើម្បីបញ្ចៀសនូវការខូចខាត និងគ្រោះថ្នាក់ផ្សេងៗ តែមកដល់ថ្ងៃទី ១៦ នេះទឹកបានស្រកវិញបណ្តើរៗ តែក៏បានបន្តហូរជន់ទៅខេត្តកណ្តាលនិងខេត្តតាកែវ»។
បើតាមលោក សុទ្ធ គឹមកុលមុន្នី ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺមានចំនួនជាង ៥០០ គ្រួសារ និងប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមាន ១៧ គ្រួសារក្នុងនោះ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺក៏បានសហការជាមួយអាជ្ញាធរ ជួយអន្តរាគមន៍ ឆ្លើយតបនឹងស្ថានភាព នេះផងដែរ។
យោងតាមសារណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១២ ខែតុលា បានឱ្យដឹងថា ពិនិត្យលើស្ថានភាពអាកាសធាតុឃើញថា បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលក្នុងកម្រិត ១០០% នៅឡើយ ហើយអាចរហូតដល់ ខែមេសា ឆ្នាំ ២០២៤ ទើបបាតុភូតនេះមានទំនោរថយចុះទៅវិញ។ ពិនិត្យលើស្ថានភាពភ្លៀងក៏បានបង្ហាញថា របាយទឹកភ្លៀងនឹងចុះខ្សោយខ្លាំង ចាប់ពីចុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ ២០២៣។
សារណែនាំរបស់ក្រសួងបានបញ្ជាក់ថា៖ «យោងលើស្ថានភាពអាកាសធាតុនិងស្ថានភាពរបាយទឹកភ្លៀងនេះ ខ្ញុំ (រដ្ឋមន្ត្រី) ស្នើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជា ២ ផ្នែកសំខាន់ៗ»។
ប្រភពដដែលបន្តថា ក្នុងនោះ មួយផ្នែក ត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀត សម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំងថាតើអាចឆ្លើយតបទៅនឹងផែនការដាំដុះស្រូវប្រាំងបានទាំងស្រុង ឬត្រូវកាត់បន្ថយជាដើម៕