សៀមរាប: នៅដែនដីពិសិដ្ឋនៃខេត្តសៀមរាបជាកន្លែងប្រមូលផ្តុំវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប គម្រោង «ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» កំពុងឈានឆ្ពោះទៅរកយុគសម័យថ្មីនៃការថែទាំសុខភាពប្រកបដោយផាសុកភាព។
សម្រាប់អ្នកស្រី សួន សន ស្ត្រីវ័យ ៥០ ឆ្នាំមកពីឃុំបាគង ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបានសម្គាល់ចំណុចរបត់ដ៏សំខាន់មួយ។ ដោយមានបញ្ហាក្អកជាប់រហូត អ្នកស្រី សន បានអង្គុយលើកៅអីដែកនៅកន្លែងសម្លឹងឆ្វេងស្ដាំ លើក្រោម ពេលអ្នកស្រីរង់ចាំលទ្ធផលស្គេនសួតនៅក្នុងអគារមន្ទីរពេទ្យទើបកសាងថ្មី។ ឈានចូលទៅក្នុងបន្ទប់បំពាក់បរិក្ខារទំនើប អ្នកស្រី សន បានទទួលសេវាកម្មថែទាំសុខភាពជាមួយឧបករណ៍ទំនើបទាន់សម័យនៅអគារមន្ទីរពេទ្យ «មណ្ឌលផ្ដល់សេវាផ្នែកវះកាត់»។
ដោយទឹកមុខញញឹមស្រស់ស្រាយ អ្នកស្រីបានលាន់មាត់ថា៖ «ខ្ញុំពិតជាស្ងើចសរសើរចំពោះមន្ទីរពេទ្យថ្មីនេះ និងបរិក្ខារដ៏ល្អឥតខ្ចោះ។ វាមានផាសុកភាពណាស់ក្នុងការទទួលបានការថែទាំក្នុងបរិយាកាសទំនើបបែបនេះ»។
នេះជាឥទ្ធិពលផ្លាស់ប្តូរដែលកើតឡើងពីគម្រោងអភិវឌ្ឍន៍លើវិស័យថែទាំសុខភាពក្នុងខេត្តសៀមរាប។ «ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ជាលទ្ធផល អគារមន្ទីរពេទ្យកម្ពស់ ៤ ជាន់ ទំហំ ៨ ៤៥៨,៦៣ ម៉ែត្រការ៉េ ចំនួន ២៤០ គ្រែ និងបន្ទប់វះកាត់ចំនួន ៦ រួមទាំងបរិក្ខារពេទ្យទំនើបផ្សេងៗ មានតម្លៃជាង ១៩,៨ លានដុល្លារបានលេចចេញជារូបរាង។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្ដសៀមរាបនេះចាប់ផ្ដើមតាំងពីចំនួន ១៥០ គ្រែ និងបន្ដអភិវឌ្ឍរហូតដល់ ២៥០ គ្រែ និងចុងក្រោយនេះ មានចំនួន ៣៧០ គ្រែសម្រាប់ការសម្រាកព្យាបាលរបស់អ្នកជំងឺទាំងនៅក្នុងខេត្ដសៀមរាប និងបណ្ដាខេត្ដជុំវិញ។ យ៉ាងណាក្តី លោក សារ៉ាត បានឱ្យដឹងថា អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមានច្រើនជាងចំនួនគ្រែទៅទៀត ដែលថ្ងៃខ្លះ អ្នកជំងឺត្រូវសម្រាកតាមកម្រាលឥដ្ឋ។
ដោយមើលឃើញពីកំណើនអ្នកជំងឺមកទទួលបានព្យាបាលនៅមន្ទីរពេទ្យបង្អែកកាន់ច្រើន មន្ទីរសុខាភិបាល ខេត្តសៀមរាប មានគំនិតផ្ដួចផ្ដើមបង្កើតគម្រោងជាមួយ JICA នៅឆ្នាំ ២០១៧។
យោងតាម JICA បានឱ្យដឹងថា គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តជុំវិញបឹងទន្លេសាបចំនួន ៦ និងលើកកម្ពស់លទ្ធភាពក្នុងការមកទទួលសេវាសុខាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថានសុខាភិបាល និងបរិក្ខារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យស្រុកចំនួន ៤ (ក្រឡាញ់ អង្គរជុំ សូទ្រនិគម និងពួក)។ មណ្ឌលផ្ដល់សេវាវះកាត់ មានផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពរោគវិនិច្ឆ័យ ផ្នែកជំងឺក្រៅទូទៅ ផ្នែកវះកាត់ ផ្នែក ICU ផ្នែកសម្លាប់មេរោគ និងផ្នែកវះកាត់ រួមទាំងការបំពាក់បរិក្ខារម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ ម៉ូនីទ័រអ្នកជំងឺ បរិក្ខារសម្រាប់ប្រតិបត្តិការក្នុងការថតជាដើម។
ការសាងសង់បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២១ ហើយត្រូវបានបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ ២០២៣ ដែលផ្ដល់ភាពងាយស្រួល និងគុណភាពនៃការថែទាំសុខភាពសម្រាប់អ្នករស់នៅក្នុងតំបន់។ លោក សារ៉ាត បន្តថា ៖ «អ្នកជំងឺមកសម្រាកនៅក្នុងមន្ទីរពេទ្យយើងដែលបង់លុយខ្លួនឯង គឺលើសពី ៧០ ភាគរយ ក្រៅពីនេះមានខាង ប.ស.ស និងខាងមូលនិធិសមធម៌ ប្រហែលជាជាង ២០ ភាគរយ ដោយសារសេវានៅក្នុងមន្ទីរពេទ្យយើងនេះយកថោកជាងឯកជន»។
លោកបន្ដថា៖ «យើងមានគ្រូពេទ្យឯកទេសចំនួន ៣៩ នាក់ ដែលវេជ្ជបណ្ឌិតបានចប់ពីប្រទេសបារាំង ខ្លះមកពីកូរ៉េ និងបញ្ចប់ការសិក្សានៅភ្នំពេញ។ គ្រូពេទ្យភាគច្រើន៩០ ភាគរយជាអ្នកសៀមរាបតែម្តង»។
នៅក្នុងខេត្ដសៀមរាប មានប្រជាជនជាង ១ លាននាក់ ១១ ស្រុក ១០០ ឃុំ ជាង ៩៧០ ភូមិ និងក្រុងសៀមរាប។ ខេត្ដនេះ មានមណ្ឌលសុខភាពចំនួន៩៣ មន្ទីរពេទ្យស្រុកចំនួន ៤ និងមន្ទីរពេទ្យខេត្ដ ចំនួន១។
លោក សារ៉ាត បានឱ្យដឹងថា នៅពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយផ្ដល់អត្ថប្រយោជន៍ស្ដ្រីមានផ្ទៃពោះ និងសម្រាលកូនសេវាកម្មនៅមន្ទីរពេទ្យមានការកើនឡើង។ មន្ទីរពេទ្យបង្អែកខេត្ដសៀមរាបទទួលអ្នកជំងឺវះកាត់ច្រើនជាងបណ្ដាខេត្ដដទៃ នៅថ្ងៃខ្លះ មន្ទីរពេទ្យបានធ្វើការវះកាត់រហូតដល់ ៣៥ ករណី។ លោកបានសម្ដែងក្ដីសង្ឃឹមថា៖ «ក្រោយពីដំណើរការអគារមន្ទីរពេទ្យថ្មីនេះ អត្រាមរណភាពរបស់អ្នកជំងឺធ្ងន់ៗប្រាកដជាបន្ដកាត់បន្ថយឱ្យនៅទាបមែនទែន»។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្លែងថា បន្ទប់វះកាត់ទាំង ៦ រួមមានបន្ទប់វះកាត់បន្ទាន់ វះកាត់ឆ្អឹងបាក់ វះប្ដូរឆ្អឹងត្រគាក វះកាត់ពោះ និងទ្រូង វះកាត់តម្រងនោម បាញ់ក្រួស បំបែកក្រួស និងវះកាត់ខួរក្បាល។
លោកបានឱ្យដឹងថា៖ «យើងមានបច្ចេកវិទ្យាទំនើបចំពោះឡាស៊ែរបាញ់ក្រួស វះចោះ វះកាត់ក្រពេញប្រូស្ដាត វះកាត់ខួរក្បាល ដោយមានសមត្ថភាពវះដុំសាច់ ឈាមកកជាដើម»។
លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានថ្លែងថា វេជ្ជបណ្ឌិតតាមឯកទេសនីមួយៗ សុទ្ធសឹងតែជាធនធានដែលប្រកបដោយសក្ដានុពល និងបានបញ្ចប់ការសិក្សាពីក្រៅប្រទេសតាមជំនាញរៀងៗខ្លួន។ លោកថា បច្ចុប្បន្ន វិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើន និងមិនចាញ់ប្រទេសដទៃឡើយទាំងបច្ចេកវិទ្យា និងធនធានមនុស្ស។
អង្គុយសម្លឹងពីអគារចាស់ អ្នកស្រី ម៉ិច មាច អាយុ ៣៤ ឆ្នាំ ដែលកំពុងកំដរប្ដីព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននិយាយកោតសរសើរចំពោះទិដ្ឋភាពអគារមន្ទីរពេទ្យថ្មី។
ទោះបីជាអ្នកស្រីមិនមានបំណងចង់ចូលមន្ទីរពេទ្យនេះក៏ដោយ ក៏អ្នកស្រីយល់ថា ខ្លួនមានផាសុកភាព និងទំនុកចិត្ដលើអគារមន្ទីរពេទ្យនេះ។
លោក ហេង ថ្លែងថា បរិក្ខារស្តង់ដាថ្មីនេះ មិនត្រឹមតែលើកកម្ពស់ការថែទាំសុខភាពដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរអន្តរជាតិជាមួយនឹងសេវាកម្មលំដាប់ពិភពលោកផងដែរ។ លោក ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាបនឹងទទួលបានសេវាព្យាបាលលំដាប់ខ្ពស់ ខណៈការចំណាយតិចគួរឱ្យកត់សម្គាល់បើធៀបនឹងសេវាថែទាំសុខភាព ក្នុងប្រទេសរបស់ពួកគេ»។
ការរួមបញ្ចូលគ្នានៃគុណភាព និងតម្លៃសមរម្យនេះ មានសក្តានុពលក្នុងការធ្វើឱ្យខេត្តសៀមរាបក្លាយជាគោលដៅកាន់តែទាក់ទាញសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកបទពិសោធន៍វប្បធម៌ និងសេវាកម្មថែទាំសុខភាពដែលអាចទុកចិត្តបាន។ លោក ហេង បន្ថែមថា បច្ចុប្បន្ននេះ មណ្ឌលផ្ដល់សេវាវះកាត់ បានបើកជាសាធារណៈហើយ ទោះបីជាការសម្ពោធជាផ្លូវការមិនទាន់បានកំណត់ពេលក៏ដោយ ដែលការបើកដំណើរការដំបូងនេះត្រូវបានរៀបចំពិធីតាមប្រពៃណីសាសនា៕