ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវដើម្បីឈានទៅលើកកម្ពស់ភាពស្អាត និងសុខភាពពលរដ្ឋកម្ពុជា។ ការអំពាវនាវនេះធ្វើឡើងតាមរយៈហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលផ្សព្វផ្សាយកាលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ភាពស្អាត និងសុខភាពពលរដ្ឋជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ បាន និងកំពុងយកចិត្តទុកដាក់។ លោកបន្តថា ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិកដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីគ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់គឺទាមទារការចូលរួមពីពលរដ្ឋទាំងអស់។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរៀបចំទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវដោយគិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោលគួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិកនៅកម្ពុជា។
លោកបានបញ្ជាក់ដូច្នេះថា៖ «សូមឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ)»។
ទាក់ទិននឹងករណីនេះ លោក ផុន សុគន្ធ ប្រតិបត្តិករទឹកស្អាត និងជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជានៅថ្ងៃទី ១៦ ខែតុលា បានថ្លែងគាំទ្រ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថានក្នុងការគ្រប់គ្រងទុកដាក់សំរាមនិងបំផុសឱ្យប្រជាពលរដ្ឋលើកកម្ពស់ភាពស្អាតនៅកម្ពុជាឮតាមរយៈការទុកដាក់ថង់ប្លាស្ទិកសំរាមឱ្យបានត្រឹមត្រូវ។
លោកបានថ្លែងថា៖ «នេះគឺជាកិច្ចការសំខាន់ណាស់ ព្រោះជាកិច្ចការរសើបដែលទាមទារឱ្យមានការអន្តរាគមន៍ណាមួយបន្ទាន់ព្រោះថា បើសិនបើការចោលសំរាមតាមទីសាធារណៈដែលបង្កគ្រោះថ្នាក់ទាំងនោះទុកដាក់មិនបានត្រឹមត្រូវអាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ បរិស្ថាន សេដ្ឋកិច្ចគ្រួសារ និងជាតិថែមទៀត»។
យោងតាមក្រសួងបរិស្ថាន សំណល់សំរាមនិងប្លាស្ទិកមិនមែនតែជាបញ្ហារបស់កម្ពុជាទេ តែជាបញ្ហាសកល។ សំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ។
ក្រសួងបានឱ្យដឹងថា រាជធានីភ្នំពេញក៏ដូចជានៅតាមទីក្រុងធំៗបានផលិតសំរាមជាមធ្យម ៣ ០០០ តោន ក្នុង ១ ថ្ងៃ ប៉ុន្តែមានតែសំរាមជាង ២០ ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ ថង់ក្នុង ១ ថ្ងៃ ដូចនេះអាចបង្កើតសំណល់ប្លាស្ទិកប្រមាណ ៥៧ តោន ក្នុង ១ ថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦ លានថង់ក្នុង ១ ថ្ងៃ គឺស្មើនឹង ២៧៩ តោន ក្នុង ១ ថ្ងៃ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានខិតខំអប់រំបង្កើនចំណេះដឹងថែមទៀតចំពោះការទុកដាក់សំរាមក្នុងនោះ ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីផ្សព្វផ្សាយជំរុញឱ្យមានការចូលរួមរក្សាសុខុមាលភាពពលរដ្ឋតាមរយៈភាពស្អាតគ្មានសំណល់ប្លាស្ទិកតាមសាលារៀននឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស៕