
លោក កើត រិទ្ធ កាលពីថ្ងៃទី១៦ តុលា។ ហុង មិនា
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ រួមនឹងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌»ជាការងារអាទិភាព ខណៈមន្ត្រីសង្គមស៊ីវិលក៏គាំទ្រលើការណែនាំនេះផងដែរ។
លោក កើត រិទ្ធ បានលើកឡើងដូចនេះ កាលពីថ្ងៃទី១៦ ខែតុលា ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក ជឺ សុខ ជាប្រធានសាលាដំបូងខេត្តកណ្តាល ជំនួសលោក ហុក វ៉ាន់ធីណា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តសៀមរាប។
យោងតាមហ្វេសប៊ុកក្រសួងយុត្តិធម៌ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាជម្រះក្តី ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបន្តចាត់ទុកការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព។
លោកថា ត្រូវរៀបចំការងារកែទម្រង់នេះជាមុំមួយសំខាន់ក្នុងចំណោមមុំទាំង៥ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
លោក កើត រិទ្ធ បានបញ្ជាក់ថា៖«ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ គឺជាការងារអាទិភាពដ៏សំខាន់មួយក្នុងចំណោមវិធានការគន្លឹះសំខាន់ទាំង៥ដែលប្រកាសដាក់ចេញដោយរាជរដ្ឋាភិបាលហើយប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តកណ្តាល ក៏ដូចជាចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាពចំពោះសំណុំរឿងនានា ជាពិសេសសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន,បទល្មើសសម្អាតប្រាក់,បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ជាដើម។
នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនិងបានធ្វើឱ្យការផ្ដល់សេវាយុត្តិធម៌ បម្រើពលរដ្ឋប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធភាពបានល្អប្រសើរ។
លោកបានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាលនឹងប្រើប្រាស់ចំណេះដឹង ជំនាញ បទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយជាមួយរដ្ឋបាលខេត្ត ផ្តល់ជូនសេវាយុត្តិធម៌ឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ក្នុងការបំពេញកិច្ចការងារសង្គម ការងារមូលដ្ឋាន ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត»។
ចំណែកលោក ជឺ សុខ បន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តកណ្តាល បានថ្លែងប្តេជ្ញាចិត្តបម្រើសេវាយុត្តិធម៌ជូនពលរដ្ឋប្រកបដោយតម្លាភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសម្រេចឱ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី១៧ ខែតុលា បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយលោកថា ការកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ គឺជាការចង់បានរបស់អង្គការសង្គមស៊ីវិល។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានការកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ...វាជារឿងល្អ ព្រោះថា ទី១ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងសង្គម, ទី២ គឺធានាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទៅតាមបែបប្រជាធិបតេយ្យ, ទី៣ ធានាបាននូវនីតិរដ្ឋ និងទី៤ ក៏ធានាបាននូវអ្នកវិនិយោគផងដែរ»។
ទោះជាយ៉ាងណា លោក អំ សំអាត បានថ្លែងថា កំណែទម្រង់ លុះត្រាតែមានការតាំងចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានជាប់ជាប្រចាំ ជាពិសេសគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ មានទាំងស្ថាប័នអយ្យការ តុលាការ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវមានឆន្ទៈខ្ពស់ក្នុងការគោរពទៅតាមគោលការណ៍ច្បាប់។ ជាងនេះទៅទៀតត្រូវលុបបំបាត់អំពើពុករលួយគ្រប់រូបភាពឱ្យបាន៕