ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងជំរុញកិច្ចសហការជាមួយ សហភាពអឺរ៉ុប ដើម្បីពិនិត្យមើលលើលទ្ធភាពក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកពីសហគមន៍អឺរ៉ុប ដើម្បីវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាលើលទ្ធភាពក្នុងកិច្ចសហការគាំទ្រយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា ក្នុងគោលដៅចូលរួមជំរុញផលិតផលស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាទាក់ទាញអ្នកវិនិយោគពីសហគមន៍អឺរ៉ុបមកវិនិយោគលើវិស័យនេះ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ថា តំណាងសហភាពអឺរ៉ុប និងតំណាងអង្គការ GIZ មកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មនេះ មានគោលបំណងគាំទ្រយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា ជាពិសេសគឺទិវាស្វាយចន្ទី ដែលក្រសួងពាណិជ្ជកម្មគ្រោងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំនៅខែធ្នូ ឆ្នាំ២០២៣។
លោកបានថ្លែងថា ខាងតំណាងសហភាពអឺរ៉ុប បានជម្រាបជាសង្ខេបពីផែនការសកម្មភាពថ្មីៗដែលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សហការជាមួយ GIZ គ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២៤ (គម្រោង CAPSAFE មានរយៈពេល៤ឆ្នាំ) ដែលទិសដៅផ្តោតសំខាន់ ទៅលើសកម្មភាពធំៗចំនួន២នោះគឺ ទី១ជំរុញខ្សែច្រវាក់តម្លៃវិស័យកសិកម្មកម្ពុជា (មានស្វាយចន្ទីនិងម្រេច) និងទី២ ការអភិវឌ្ឍវិស័យឧស្សាហកម្មវាយនភណ្ឌរួមមានវិស័យកាត់ដេរ និងសម្ភារធ្វើដំណើរ។
លោកបានបញ្ជាក់ថា ៖«ខាងតំណាងសហភាពអឺរ៉ុបបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងកសិកម្ម ក្នុងការជំរុញលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងកិត្តិសព្ទស្វាយចន្ទីកម្ពុជា»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា កន្លងទៅសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជូនផលិតផលស្វាយចន្ទីរបស់ខ្លួនទៅកាន់ប្រទេសចំនួន២ នៅសហគមន៍អឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ប៉ុន្តែមានចំនួនតិចតួចតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«បើសិនជាក្រសួងពាណិជ្ជកម្មអាចជួយពង្រីកទីផ្សារបន្ថែមទៀត គឺកាន់តែប្រសើរឡើងមែនទែន សម្រាប់សមាគមស្វាយចន្ទីកម្ពុជា ដោយយើងស្វាគមន៍ចំពោះការបើកទីផ្សារនានា»។
ទាក់ទងនឹងការស្វែងរកទីផ្សារថ្មីៗនេះដែរ លោកបានឱ្យដឹងទៀតថា កាលពីថ្ងៃ១២ ដល់១៥ ខែតុលា កន្លងទៅថ្មីៗនេះ ក្រុមការងារសហគ្រាសសមាជិក សសក បានទៅដល់ប្រទេសកូរ៉េ ដើម្បីចូលរួមពិព័រណ៍នៅ Gwangju Food Fair 2023 តាមរយៈក្រសួងពាណិជ្ជកម្មដែលបានអញ្ជើញក្រុមហ៊ុនផលិតចំណីអាហារចំនួន៨។ លោកថា ក្នុងនោះ ៤ ក្រុមហ៊ុន ជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា ដែលរួមមាន៖ សិប្បកម្មស្វាយចន្ទីស្ទឹងត្រែង-Handcrafted Cashew nut Stung Treng (ខេត្តស្ទឹងត្រែង),ភូមិចន្ទី-Cashew Village (ខេត្តសៀមរាប),ស្រែមាស និងសិប្បកម្មកែច្នៃទឹកសៀងម្ទេស អាយ ហោ (ដៃគូស្រែមាស ក្នុងសម្ព័ន្ធ សសក-ខេត្តកំពង់ចាម)។
លោក អួន ស៊ីឡុត បានបន្តថា តាមរយៈអនុព័ន្ធពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋកូរ៉េ សិប្បកម្មកែច្នៃស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃៃស៊ូ ណាត់ ស្ទឹងត្រែង និងភូមិចន្ទី សមាជិកសមាគមស្វាយចន្ទីកម្ពុជា បានចូលរួមការដាក់ម្ហូបអាហារឆ្នាំ២០២៣ដើម្បីផ្សព្វផ្សាយផលិតសម្រេច និងសក្ដានុពលស្វាយចន្ទីកម្ពុជា។
លោកថា មាន ១០ ប្រទេសចូលរួម សរុប ៣០០ ក្រុមហ៊ុន ស្មើនឹង ៤៥០ ស្តង់ ដែលមកពី កូរ៉េ ថៃ វៀតណាម ហុងកុង ចិន សិង្ហបុរី ឥណ្ឌូនេសុី តៃវ៉ាន់ ម៉ុងហ្គោលី និងប្រទេសរុស្សុីផងដែរ។
យោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៣៩ ០០០ តោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៦១៣ ២០០ តោន ឬស្មើទឹកប្រាក់ ៨២៩ លានដុល្លាថយចុះ ១៦,៣ ភាគរយ បើធៀបរយៈពេលដូចគ្នា ទៅនឹង២០២២។ បើតាមសមាគមដដែល តម្លៃមធ្យមគ្រាប់ចន្ទីស្ងួតបច្ចុប្បន្ននេះ គឺ ១ ៦៥៨ ដុល្លារ ក្នុង ១ តោន។ ចំណែកនៅក្នុងខែកញ្ញាគ្រាប់ចន្ទីស្ងួតតម្លៃ ៧ ០០០ រៀល ទៅ ៧ ៥០០ រៀល ក្នុង១គីឡូក្រាម ឬ ១៩០០ ដុល្លារ ក្នុង ១ តោន៕