ភ្នំពេញៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) គ្រោងប្រមូលផលពូជស្រូវ (ចំប៉ីស៧០) ឱ្យបានប្រមាណ ៦០០ តោន ក្នុងឆ្នាំ២០២៤ ខាងមុខ ដើម្បីយកទៅចែកបន្តនៅតាមមន្ទីរកសិកម្ម សហគមន៍កសិករ រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជស្រូវនេះទៅប្រើប្រាស់។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា នៅក្នុងបច្ចេកទេសផលិតពូជ ដើម្បីផលិតពូជស្រូវបានសុទ្ធល្អ គឺចែកចេញជា ៥ ចំណាត់ថ្នាក់ មុននឹងបញ្ចេញពូជដល់ដៃកសិករ ក្នុងនោះរួមមាន ចំណាត់ថ្នាក់ទី១ រុក្ខាជម្រើស,ទី២ ពូជសុទ្ធគ្រឹះ,ទី៣ ពូជចុះបញ្ជី, ទី៤ ពូជស្រូវអនុញ្ញាត និងទី៥ ពូជសុទ្ធ។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នវិទ្យាស្ថានបាននិងកំពុងធ្វើនៅចំណាត់ថ្នាក់ទី២ គឺ«ពូជសុទ្ធគ្រឹះ» ដែលមកទល់ពេលនេះផលិតបាន២០តោនហើយ និងបន្តបន្ទាប់ទៀតនឹងយកទៅផលិតបន្តដើម្បីបង្កើតបានជា«ពូជចុះបញ្ជី» ក្រោយមកទើបចែកចាយដល់សហគមន៍កសិករនិងអ្នកពាក់ព័ន្ធផលិតទៅជាពូជស្រូវបន្តទៀត ទើបក្លាយជា«ពូជសុទ្ធ» សម្រាប់ចែកដល់ដៃកសិករផលិត ជាស្រូវចំណី សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ឬការនាំចេញ។
លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ដូច្នេះថា៖«តាមពិតគោលនយោបាយរបស់ក្រសួងកសិកម្ម គឺយើងជំរុញ៣ពូជ ទី១គឺពូជផ្ការំដួល, ទី២ សែនក្រអូប០១ និងទី៣ គឺចំប៉ីស៧០។ យើងគ្រោងជំរុញការចែកចាយពូជចំប៉ីស៧០នៅឆ្នាំក្រោយ ដោយសារពូជនេះ ជាពូជស្រូវថ្មីដែលយើងបង្កាត់ចេញពីពូជស្រូវផ្ការំដួល ជាពូជស្រូវស្រាលមិនប្រកាន់រដូវដូចពូជស្រូវរំដួលនោះទេ។ ដូចនេះ ប្រសិនបើតំបន់ណាមានទឹកគ្រប់គ្រាន់នោះកសិករអាចដាំដុះបានលើសពី១ដងក្នុង១ឆ្នាំ»។
«ពូជនេះ ជាពូជស្រូវក្រអូប ហើយបើតាមការសិក្សារបស់យើងពូជនេះនឹងមានទីផ្សារ ដោយយើងដាំដុះបានគ្រប់រដូវ គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយកសិករមានលទ្ធភាពក្នុងការផលិតរយៈពេលខ្លី ថែមទាំងការចំណាយថ្លៃដើមក្នុងការថែទាំក៏អស់តិចផងដែរ ដោយសារចំប៉ីស៧០នេះ ធន់នឹងអាកាសធាតុ មិនសូវមានសត្វល្អិតបំផ្លាញជាដើម»។នេះបើតាមលោក ឡោ ប៊ុណ្ណា បញ្ជាក់បន្ថែម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងដែរថា លោកមិនទាន់បានដឹងច្បាស់អំពីតម្រូវការទីផ្សារចំពោះពូជស្រូវចំប៉ីស៧០ នេះនៅឡើយទេ ខណៈបច្ចុប្បន្ន តម្រូវការលើទីផ្សារភាគច្រើនបំផុត គឺរំដួល និងសែនក្រអូប០១។
ទោះជាយ៉ាងណា លោកថា ការបង្កើតឱ្យមានពូជថ្មីៗបន្ថែម អាចផ្តល់ជាជម្រើសសម្រាប់អ្នកដាំដុះ។ លោកបានបញ្ជាក់ថា៖«បើមានពូជថ្មីបន្ថែមទៀត ក៏ជាការល្អដែរ តែចាំមើលជាក់ស្តែងសិនថា ពូជថ្មីនេះ ល្អកម្រិតណា ព្រោះថា វាត្រូវការពេលវេលាសម្រាប់ការទទួលស្គាល់ពីទីផ្សារជាមុនសិន»។
ចំណែកលោក សែម ប៊ុនលី ប្រធានសហគមន៍កសិកម្មស្ទឹងស្លាគូ នៅស្រុកសំរោង ខេត្តតាកែវ បានឱ្យដឹងដែរថា ការទទួលបានពូជថ្មីបន្ថែមទៀត ជាការប្រសើរ ព្រោះថា សហគមន៍អាចដកពិសោធន៍ពូជថ្មីនេះបានក្នុងករណីដែលមានទីផ្សារល្អ និងជំរុញការចែកចាយដល់កសិករដាំដុះ។
លោកបានបន្ថែមថា បច្ចុប្បន្ន កសិករនៅស្រុកសំរោងភាគច្រើនដាំដុះពូជស្រូវប្រពៃណីដែលខ្វះទីផ្សារទើបសហគមន៍ចង់ជំរុញឱ្យមានការដាំដុះពូជថ្មីម្តង ដើម្បីបំពេញតាមតម្រូវការទីផ្សារនាពេលខាងមុខ។
លោកបានបញ្ជាក់បន្ថែមថា៖«សព្វថ្ងៃសហគមន៍យើងផលិតពូជស្រូវផ្ការំដួលតែមួយទេដែលជាប្រភេទស្រូវធ្ងន់ ដែលធ្វើបានតែម្តងទេក្នុង១ឆ្នាំដោយសារតែតំបន់យើងនេះខ្វះប្រភពទឹក។បើយើងទទួលបានពូជស្រូវថ្មីនេះយើងនឹងស្នើសុំកិច្ចសហការពីក្រសួងកសិកម្មដើម្បីជីកស្រះបន្ថែមដើម្បីអាចផលិតពូជចំប៉ីស៧០នេះបាន ដោយសារតែវាជាប្រភេទពូជស្រូវស្រាល មិនប្រកាន់រដូវ»៕