ភ្នំពេញៈ អាជ្ញាធរមីនកម្ពុជាបានប្ដេជ្ញារួមគ្នាជាមួយរដ្ឋភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល លើកិច្ចការបោសសម្អាតមីន និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ខណៈឆ្នាំនេះកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី ៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅក្នុងសន្និសីទសកលលើកទី៣ ដែលធ្វើឡើងនាថ្ងៃទី ១៧ ខែតុលា ថា សកម្មភាពមីននៅកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តាធម៌ និងមិនទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ។ កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ដាក់ចេញនូវកម្មវិធីសង្គ្រោះជនរងគ្រោះដែលមានភាពគ្រប់ជ្រុងជ្រោយ និងបានបង្កើតក្តីសង្ឃឹមជាថ្មីសម្រាប់ជនដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក លី ធុជ បន្ថែមថា ការរៀបចំ ក៏ដូចជាការចូលរួមក្នុងសន្និសីទសកលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី ក្នុងការបំពេញកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងជាពិសេសកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចសង្គ្រោះជនរងគ្រោះនេះ ក៏បានឆ្លុះបញ្ចាំងពីកាតព្វកិច្ចនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកថ្លែងថា៖ «យើងមិនត្រូវសម្លឹងមើលជនរងគ្រោះដោយសារមីនត្រឹមតែជាទិន្នន័យនោះទេ យើងត្រូវសម្លឹងមើលពួកគេជាមនុស្សមានជីវិត ជាម្តាយដែលចិញ្ចឹមបីបាច់កូនៗ ជាឪពុកដែលត្រូវការការពារក្រុមគ្រួសារខ្លួនជាក្មេងដែលមានក្តីស្រមៃជាកសិករដែលខិតខំប្រឹងប្រែងដើម្បីជីវិតខ្លួន និងជាបុគ្គលដែលគ្មានកំហុស តែត្រូវទទួលរងនូវជោគវាសនាដ៏អាក្រក់បែបនេះ»។
លោក លី ធុជ បន្តថា ៖ «គ្រាប់មីនបានបន្សល់ទុកស្លាកស្នាម ទាំងនៅលើរាងកាយ និងក្នុងចិត្តរបស់ពួកគេ ហើយជីវិតរបស់ពួកគេ ត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទាំក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ»។
លោកអះអាងថា កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មិនមែនត្រឹមតែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ។ វាក៏ទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ ការគាំទ្រ និងសកម្មភាពរួមគ្នាពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីរដ្ឋភាគីនៃអនុសញ្ញា ដើម្បីធានាថា អាចជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងគ្រាដែលពួកគេត្រូវការបំផុត និងជួយឱ្យជីវិតជនរងគ្រោះទូទាំងពិភពលោក រួមទាំងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេកាន់តែប្រសើរឡើង។
លោក លី ធុជ ថ្លែងថា៖ «យើងជឿជាក់ថា សន្និសីទនេះមិនត្រឹមតែជាវេទិកាចែករំលែកបទពិសោធន៍និងចំណេះដឹងប៉ុណ្ណោះទេ តែវាជាពេលវេលាសម្រាប់ការបង្ហាញពីទឹកចិត្តក្នុងការរួបរួមគ្នាក្នុងការបំពេញកាតព្វកិច្ចសង្គ្រោះជនរងគ្រោះសកល»។
សូមបញ្ជាក់ថា សន្និសីទជាសកលនេះ បានរៀបចំឡើងចំនួន ២ លើក ដោយលើកទី១ ធ្វើនៅប្រទេសកូឡុំប៊ី ឆ្នាំ ២០១៤ និងលើកទី២ ធ្វើនៅប្រទេសហ្ស៊កដានី ក្នុងឆ្នាំ ២០១៩។ ចំណែកឯលើកទី៣ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីជនរងគ្រោះអ្នកជំនាញក្នុងវិស័យកិច្ចសង្គ្រោះជនរងគ្រោះ ពិការភាព សិទ្ធិមនុស្ស សុខាភិបាល ការងារអភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀតចូលរួមសរុបប្រមាណ ២០០ នាក់ មកពី ៤៥ប្រទេស ដែលជាសមាជិក និងមិនមែនជាសមាជិកនៃអនុសញ្ញាអូតាវ៉ា។
សម្រាប់ឆ្នាំនេះ កម្ពុជារៀបចំសន្និសីទជាសកលនេះចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ក្នុងគោលបំណងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពនៃអនុសញ្ញាអូតាវ៉ានិងផ្តល់ជាវេទិកាកម្រិតសកលដើម្បីឱ្យសហគមន៍ និងជនទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន រួមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានាផងដែរ។
នារសៀលថ្ងៃទី ១៧ ខែតុលា ដដែលនេះគណៈប្រតិភូកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ក៏បានលើកឡើងដោយទទួលស្គាល់ថា កម្ពុជាជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីននិងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលបំណងនៃសន្និសីទសកលលើកទី៣ នេះ ដែលជាវេទិកាកម្រិតសកលសម្រាប់សហគមន៍ និងជនដែលទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
សូមរំឭកដែរថា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UNESCAP) កម្ពុជាបានស្នើបញ្ចូលបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចូលទៅក្នុងកិច្ចពិភាក្សារបស់អង្គសន្និបាត ហើយកម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UNESCAP ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងផ្សារភ្ជាប់ UNESCAP ជាមួយអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងកៀរគររដ្ឋជាសមាជិកនៃ UNESCAP ចូលរួមគាំទ្រអនុសញ្ញានេះ៕