ភ្នំពេញៈ ភាគីកម្ពុជា-ចិនបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ៨ ទាក់ទងនឹងវិស័យជាច្រើន ខណៈមេដឹកនាំប្រទេសទាំង ២ បានពិភាក្សាអំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្សសំដៅបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យបានរឹងមាំ និងយូរអង្វែង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់និងការផ្លាស់ប្តូររវាងយុវជន និងយុវជន។
ការពិភាក្សានេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ឆាយឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន កាលពីថ្ងៃទី ១៧ ខែតុលា ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
តេឡេក្រាម លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ២ ក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជននិងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យបានរឹងមាំនិងយូរអង្វែង»។
Telegram ដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ លោក ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។ លោក ឆាយ ឈី បានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកខ្លាំងក្លាបន្ថែមទៀត។
ប្រភពដដែលបន្តថា លោក ឆាយ ឈី បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ និងបានរំឭកអំពីសមិទ្ធផល«ដ៏ត្រចះត្រចង់»មួយចំនួនដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកដូចជា (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៃខេត្តស្វាយរៀង។
នេះគឺជាលើកទី២ ហើយ ដែលលោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីខែសីហា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញទស្សនកិច្ចនេះ គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជាការបន្តមរតកនៃទំនាក់ទំនងល្អដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាលរហូតមកទល់បច្ចុប្បន្ន។
បណ្តាញ Telegram ដដែលបន្តថា៖ «សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ ឯកឧត្តម ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់...»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំង ២ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាននយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ដោយឡែកនៅថ្ងៃដដែលនោះ លោកហ៊ុន ម៉ាណែត និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក៏បានធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ លើឯកសារចំនួន ៨ ផងដែរ។ ក្នុងនោះទី១ MoU ស្តីពីការរួមគ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កម្ពុជា-ចិន។ ទី២ MoU ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្តគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។
ទី៣ គឺ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ទី៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨ និងទី៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
ចំណែកឯឯកសារទី៦ គឺកំណត់ហេតុនៃកិច្ចប្រជុំស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន ៣ នៅកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៧ គឺ MoU ស្តីពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ខណៈទី៨ គឺMoU ស្តីពីកិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃប្រទេសចិន។
ក្រោយពិធីនោះនាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំង២។
តាមតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ឯកឧត្តម លី ឈាង ក៏បានឯកភាពតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេសដោយយកកត្តាប្រជាជនជាគោល»។
ប្រភពដដែលបន្តថា លោក លី ឈាង បានរំលេចនូវសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ លើគម្រោងជាច្រើន ជាពិសេសការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តសៀមរាបកាលពីថ្ងៃទី ១៦ តុលា ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់ (MoU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួននៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
លោក ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MoU ចំនួន ៨ ហើយថា MoU ទាំងនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំ។
ក្រៅពីនេះមេដឹកនាំទាំង ២ ក៏បានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ,កីទ្បា, ការពារជាតិ, សុខាភិបាលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ តុលាថា លោកក៏ចង់ឱ្យមានការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំង ២ ផងដែរ ជាពិសេសយុវជន និងយុវជន ដើម្បីជាប្រយោជន៍ស្វែងយល់គ្នាទៅវិញទៅមក។
លោកបានថ្លែងថា៖ «យើងដឹងហើយថា កន្លងទៅ គឺមានមតិឬក៏មានទស្សនៈអំពីមិនចូលចិត្តជនជាតិចិនអីជាដើមដែលធ្វើឱ្យមានបញ្ហាទៅលើការផ្សព្វផ្សាយ។ អ៊ីចឹងការផ្លាស់ប្តូរទស្សនៈរវាងយុវជននិងយុវជននិងប្រជាជននិងប្រជាជននេះ គឺជារឿងល្អសម្រាប់ទំនាក់ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ»៕