សៀមរាបៈ ដោយសារតែស្រឡាញ់ប្រទេសកម្ពុជា យុវជនជនជាតិជប៉ុនម្នាក់បានមកផលិតនំ Crepe លក់ដើម្បីយកថវិកាជួយជីកអណ្តូងទឹកក្នុងសហគមន៍ ធ្វើនំឱ្យកុមារកំព្រាហូប និងគ្រោងសាងសង់សាលារៀន ១ ខ្នង ខណៈរូបលោក និងក្រុមយុវជនខ្មែរចំនួន ៨ នាក់ទៀត ក៏ធ្វើជាអ្នកស្ម័គ្រចិត្តដើរប្រមូលសំរាមនៅតាមប្រឡាយទឹកស្អុយក្នុងក្រុងសៀមរាបផងដែរ។
លោក Tara ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈអ្នកបកប្រែពីគោលបំណងរបស់លោកថា បើទោះបីជាប្រទេសរបស់លោកជឿនលឿន និងរស់នៅស៊ីវិល័យក្តី ក៏ប៉ុន្តែលោកដាក់ចិត្តដាក់កាយ មកជួយប្រទេសក្រីក្រ ជាពិសេសលោកស្រឡាញ់ប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយលោកត្រូវតែធ្វើអ្វីដែលលោកគិតថា អាចជួយដល់ប្រជាជនកម្ពុជាបាន ទៅតាមលទ្ធភាព។
លោកថា៖ «ខ្ញុំស្រឡាញ់ប្រទេស និងប្រជាជនកម្ពុជា។ ទឹកចិត្តសប្បុរសធម៌របស់ខ្ញុំ ចង់ជួយទៅដល់សហគមន៍ទៅដល់ក្មេងៗ ខ្ញុំស្រឡាញ់ពួកគាត់»។ បើគេធ្វើដំណើរឆ្លងកាត់វិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប គេនឹងឃើញរទេះដែលមានភ្ជាប់ជាមួយម៉ូតូ ១ គ្រឿង ចតនៅពីមុខវិទ្យាល័យ។ នៅផ្នែកជញ្ជាំងខាងមុខរ៉ឺម៉ក មានសរសេរអក្សរថា (ផេនខេកក្រេប PANCAKECREPE) ដែលនោះជារទេះលក់នំ Crepe របស់យុវជនជប៉ុនឈ្មោះ Tara Sotaro។
លោក អ៊ុំ បូរ៉ា ជាអ្នករួមក្រុមហើយក៏ជាអ្នកបកប្រែភាសាជប៉ុនដែរនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក Tara អាយុ ២៣ ឆ្នាំ បានមកប្រទេសកម្ពុជានៅខែកុម្ភៈឆ្នាំ ២០២៣ ហើយបានជួបលោកជាអ្នកបកប្រែភាសាជប៉ុននៅក្រុងសៀមរាបនិងជួយយុវជនខ្មែរចំនួន ៧ នាក់ទៀត ដើម្បីធ្វើនំ Crepe លក់។ លោក Tara បានធ្វើរទេះភា្ជប់ជាមួយម៉ូតូចំនួន ៣ គ្រឿង សម្រាប់ដឹកនំចល័តលក់។ ក្នុងនោះរទេះ ១ គ្រឿង ដាក់លក់ជាប្រចាំនៅមុខវិទ្យាល័យអង្គរក្រុងសៀមរាប។
លោកប្រាប់ថា ចំពោះយុវជនមកជួយលក់នំ Crepe នេះ សុទ្ធតែជាយុវជនដែលរកការងារធ្វើមិនទាន់បាននៅក្នុងសហគមន៍ដែលលោក Tara កំពុងរស់នៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។ យុវជនទាំងនោះ ត្រូវបានលោក Tara បង្រៀនឱ្យចេះធ្វើនំហើយឱ្យប្រាក់ខែបន្ថែមទៀត។
លោក Tara លក់នំ Crepe នេះ គឺមានគោលបំណងជួយដល់កុមារកំព្រាដែលក្នុង ១ សប្តាហ៍ លោកធ្វើនំឱ្យកុមារហូបម្តង។ ក្រៅពីនេះលោកជីកអណ្តូងទឹក នៅតាមសហគមន៍បានចំនួន ២ អណ្តូង ហើយអ្វីដែលជាគោលបំណងធំរបស់លោកនោះ គឺមានគម្រោងសាងសង់សាលារៀនឱ្យបាន ១ ខ្នងនៅកម្ពុជា។
បើតាមលោក Tara និយាយប្រាប់លោកបូរ៉ាថា តាមពិតទៅលោក Tara មានដៃគូជំនួយស្រាប់ហើយនៅប្រទេសជប៉ុន។ ប៉ុន្តែលោកចង់រកចំណូលបន្ថែមទៀត ដើម្បីបង្ការក្រែងមានហានិភ័យណាមួយកើតឡើងដោយចៃដន្យគឺលោកមានថវិកាខ្លួនឯងខ្លះ ដើម្បីទប់ទល់។ នំ Crepe ១ មានតម្លៃពី ៨ពាន់រៀល ដល់ ១ ម៉ឺនរៀល ដែលអ្នកផងគិតថា ថ្លៃ តែថវិកាពាក់កណ្តាលបានពីការលក់ត្រូវបានលោក Tara សន្សំទុកសម្រាប់ជួយដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប ជីកអណ្តូងទឹក និងសម្រាប់សាងសង់សាលារៀន។ យុវជនជប៉ុនរូបនេះបាននិយាយថា៖ «លុយជំនួយក៏ពឹងពាក់ដែរ តែខ្លាចមានកើតមានហានិភ័យអី្វមួយទៅអាចផ្តាច់ជំនួយ។ អ៊ីចឹងកុំឱ្យអត់មានអ្វីបម្រុងទុក ដូច្នេះខ្ញុំក៏បានបង្កើតមុខរបរលក់នំក្រេបនេះទៅ»។
បើតាមលោក បូរ៉ា ដើម្បីឱ្យភ្ញៀវស្គាល់គឺនៅលើរទេះរ៉ឺម៉កលក់នំមានសរសេរអក្សរខ្មែរថា (ខ្ញុំលក់នំ Crepe យកថវិកាជួយដល់កុមារកំព្រា ជីកអណ្តូងទឹក និងសាងសង់សាលារៀន)។ ដោយសារតែអ្នកដំណើរមើលឃើញពីទឹកចិត្តរបស់លោក Tara ទើបចេះតែមានភ្ញៀវជួយទិញច្រើន ដែលការចំណាយថវិកាទិញនំរបស់ភ្ញៀវដូចជាការជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រានៅខេត្តសៀមរាប ក៏ដូចជាជួយដល់សង្គមផងដែរ។
លោកបូរ៉ាបន្ថែមថា ក្រៅពីដើរលក់នំ Crepe ហើយនោះ លោក Tara បានដឹកនាំក្រុមយុវជនដើររើសសំរាមនៅតាមប្រឡាយទឹកស្អុយនៅតាមទីសាធារណៈដែលក្នុង ១ សប្តាហ៍ ៣ ដង។ ចំពោះការចំណាយក្នុងការទិញថង់ដាក់សំរាម ស្រោមដៃ សម្រាប់ពាក់ចុះបារសំរាម និង ខោអាវសម្រាប់ចុះទឹក គឺសុទ្ធតែដកថវិកា ដែលបានពីការលក់នំ Crepe យកទៅទិញដែរ។ ការងារសម្អាតបរិស្ថាននេះក៏មានប្រជាពលរដ្ឋជួយទិញទឹកសុទ្ធ ឬនំចំណីឱ្យក្រុមលោកហូបផងដែរ។
លោក Tara ត្រូវបានស្រង់សម្តីថា៖ «ខ្ញុំបានសម្រេចចិត្តថា នឹងកំណត់គោលដៅ ១ នោះគឺប្រមូលសំរាមឱ្យគ្រប់ ១០០ តោន តែវាពិតជាមិនងាយទេ ហើយសំរាមដែលយើងប្រមូលម្តងនេះ បានចំនួន ៣ ពាន់គីឡូ នៅសល់ ៩៧ ០០០ គីឡូទៀត ទើបដល់គោលដៅដូច្នេះបើអ្នកចូលរួមបានសូមមើលប្រូហ្វាលខ្ញុំ»។
លោកបូរ៉ាប្រាប់ថា តាមរយៈសកម្មភាពការងារមនុស្សធម៌ក៏ដូចជាការងារជួយសម្អាតបរិស្ថាននេះនៅមិនទាន់មានគេជួយដល់លោក Tara នៅឡើយទេ តែលោកសង្ឃឹមថា ទៅថ្ងៃមុខនឹងមានអ្នកចូលរួមច្រើន ប៉ុន្តែមានគេស្គាល់លោក Tara ជាបណ្តើរៗហើយដែរ តាមរយៈការបង្ហោះតាមបណ្តាញសង្គមតិកតុក។
បើតាមសារបង្ហោះតាមតិកតុក ដែលមានឈ្មោះថា Tara ដែលជាផេចរបស់លោក Tara ផ្ទាល់ បានរៀបរាប់ថា លោកមានលក់បង្អែម ១ ប្រភេទនៅខេត្តសៀមរាបឈ្មោះថា នំ Crepe ហើយថវិកាដែលបានពីការលក់ ១ ផ្នែកនឹងត្រូវបរិច្ចាគដល់ប្រទេសកម្ពុជា។ ចំពោះមូលហេតុដែលលោកបង្ហោះតាមបណ្តាញសង្គមតិកតុកនេះ គឺលោកចង់ឱ្យមនុស្សជាច្រើនបានដឹងពីភាពអស្ចារ្យនៃអាហារ និងសកម្មភាពការងារស្ម័គ្រចិត្តរបស់លោក។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានក្តីរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់ក្រុមយុវជនជប៉ុននោះព្រោះថា ជាទូទៅការសម្អាតអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ និងនៅតាមបណ្តាសហគមន៍ និងរមណីយដ្ឋានផ្សេងៗ។ លោកបន្តថា អ្វីដែលជាសកម្មភាពចូលរួមនេះ គឺដើម្បីលើកកម្ពស់សោភណភាព អនាម័យទាំងទីប្រជុំជន ក៏ដូចជាទាំងទីរួមស្រុកនានា និងនៅតាមទីសាធារណៈផងដែរ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា បញ្ហានេះជារឿងមួយល្អក្នុងខណៈដែលប្រជាពលរដ្ឋខ្មែរយើងឬក៏យុវជនខ្មែរយើងបានចូលរួម និងសហការជាមួយនឹងយុវជនជប៉ុនផលិតជានំ Crepe លក់យកថវិកាមួយចំនួនដើម្បីបរិច្ចាគនៅក្នុងសហគមន៍។ មួយផ្នែកទៀតជួយជីកអណ្តូងទឹកដល់ពលរដ្ឋក្នុងសហគមន៍ខ្វះខាតក៏ដូចជាជួយដល់កុមារកំព្រានេះ។ លោកលើកឡើងថា បញ្ហាបរិស្ថានមិនស្អាត វាគឺជារឿងមួយ ដែលចាំបាច់ ហើយនិងត្រូវដោះស្រាយដើម្បីធានាឱ្យបានសុខុមាលភាពល្អរបស់ប្រជាពលរដ្ឋយើងនៅទីក្រុង ក៏ដូចជានៅតំបន់ទីប្រជុំជន។
លោកថា ខេត្តសៀមរាបជាខេត្តមួយដែលមានភ្ញៀវទេសចរអន្តរជាតិចេញ-ចូល និងស្នាក់នៅច្រើន។ ហេតុដូច្នេះខេត្តសៀមរាបត្រូវតែជាខេត្តមួយដែលមានបរិស្ថានស្អាត ដែលមានអនាម័យល្អ ធ្វើយ៉ាងណាដើម្បីឱ្យមានភាពទាក់ទាញហើយភ្ញៀវទេសចរអាចទុកចិត្តបាន។ លោកថ្លែងថា៖ «ដូច្នេះបញ្ហាសកម្មភាពទាំងអស់នេះ ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនខ្មែរ និងយុវជនជប៉ុនម្នាក់នោះ ដែលបានរួមសហការគ្នាល្អក្នុងការជួយចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ»៕