
លោក អ៊ាង សុផល្លែត ក្នុងជំនួបជាមួយលោក ម៉ាទីន វ៉ាវរា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ បានទទួលជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយ លោក ម៉ាទីន វ៉ាវរា (Martin Vavra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក គ្រីស្ទាន តេឡេគី (Kristian Teleki) នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា [Fauna and Flora International (FFI Cambodia)] នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមសារតេឡេក្រាមរបស់ក្រសួងបរិស្ថានដែលបានចែករំលែកដល់ប្រព័ន្ធផ្សព្វផ្សាយ។
ប្រភពដដែលបានឱ្យដឹងថា ភាគីទាំង ២ បានពិភាក្សាគ្នាទៅលើបញ្ហាបរិស្ថាន ដូចជាការកាត់បន្ថយថង់ប្លាស្ទិក និងអនាម័យទឹកស្អាត និងបញ្ហាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាព ក្នុងការលើកស្ទួយវិស័យបរិស្ថាន និងជួយលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ ការពារធម្មជាតិ។ ក្នុងជំនួបនោះ លោក ម៉ាទីន វ៉ាវរា ក៏បានថ្លែងបញ្ជាក់ពីគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តិការ បន្ថែមរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនាម័យទឹកស្អាត។
ប្រភពដដែលនេះបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតបានលើកឡើងពីបញ្ហាសំណល់ប្លាស្ទិកដែលបានបង្កហានិភ័យជាខ្លាំងដល់សុខភាពមនុស្ស សត្វ ធនធានធម្មជាតិ ជីវចម្រុះ និងប្រភពទឹក ដែលបញ្ហានេះត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ ហើយការកាត់បន្ថយថង់ប្លាស្ទិកជាបញ្ហាសកលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់។
ប្រភពនេះក៏បានឱ្យដឹងដែរថា លោក អ៊ាង សុផល្លែត បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងបរិស្ថានបានដាក់ចេញការងារអាទិភាពមួយចំនួនដូចជាផ្តោតលើយុទ្ធនាការកាត់បន្ថយ ថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមប្រមាណ ១,៥ លាននាក់។ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១ លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃឈើដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកលលោក។
ប្រភពនេះបានស្រង់សម្ដីលោករដ្ឋមន្ត្រីបញ្ជាក់ថា ៖«ទោះជាយើងមានឧបករណ៍សម្រាប់កម្ទេចសំណល់ចោលក៏ដោយ ក៏យើងត្រូវតែកាត់បន្ថយការបង្កើតសំណល់ឱ្យបានជាអតិបរមា»។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបជាមួយនាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna and Flora International) ដែលជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះការចូលរួមពីដៃគូអភិវឌ្ឍន៍ ១ នេះដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ។
ក្នុងជំនួបនេះដែរ លោក គ្រីស្ទាន តេឡេគី ក៏បានថ្លែងឡើងពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីជំរុញការងារស្នូល ស្តីពីប្លាស្ទិកសមុទ្រ (Marine Plastic) កាបូនខៀវ (Blue Carbon) ពីស្មៅសមុទ្រ និងព្រៃកោងកាង ការគ្រប់គ្រងតំបន់ការពារដែលមានស្រាប់ និងការអង្កេតប្រភេទដើមឈើ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអនុវត្តគម្រោង REDD+ និងការអនុវត្តគម្រោងអភិរក្សជីវចម្រុះឆ្លងដែននៅឧទ្យានជាតិវីរជ័យប្រទេសកម្ពុជា។
យោងតាមហ្វេសប៊ុករបស់អង្គការ FFI-Cambodia បានឱ្យដឹងថា អង្គការបានកំពុងធ្វើការសាកល្បងដំណោះស្រាយមូលដ្ឋានក្នុងតំបន់ប្រជុំកោះរ៉ុង និងកោះស្តេចដោយផ្តល់ជម្រើសផ្សេងដល់ប្រជាពលរដ្ឋ និងអាជីវកម្មខា្នតតូចក្នុងសហគមន៍ ដើម្បីបញ្ឈប់ការប្រើប្លាស្ទិកដែលប្រើម្តងហើយទុកចោលឱ្យកាកសំណល់ទាំងនោះហូរចូលទៅក្នុងសមុទ្រ។
ប្រភពដដែលបញ្ជាក់ថា៖ «យើងបានផ្តល់ជូនកាបូបបរិស្ថាន ១ ឈុត (ដែលមា ន៣ ទំហំផ្សេងគ្នា) ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីប្រើជំនួសថង់បា្លស្ទិក និងម៉ាស៊ីនទឹកក្តៅត្រជាក់ដល់់អាជីវកម្មខ្នាតតូចដើម្បីជំរុញទម្លាប់ចាក់បំពេញទឹកហូបឡើងវិញ»។
ប្រភពនេះបានឱ្យដឹងថា ក្រោយពីដាក់គម្រោងឱ្យដំណើរការកាលពីដើមខែមីនាកន្លងមក មានការកើនឡើងនៃការចូលរួម និងការបន្តប្រើប្រាស់សម្ភារដែលបានផ្តល់ជូន ហើយទាំងនេះជាសញ្ញាណវិជុ្ជមាន នៃការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់។
អង្គការនេះបានឱ្យដឹងទៀតថា បញ្ហាដោយឡែកក្នុងពេលថ្មីនេះ អង្គការបានសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំសិក្ខាសាលាស្តីពី «ការបញ្ជ្រាបយេនឌ័រក្នុងសហគមន៍តំបន់ការពារធម្មជាតិ» សម្រាប់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤ ក្នុងភូមិសាស្ត្រខេត្តរតនគិរី នៃឧទ្យានជាតិវីរជ័យ អាជ្ញាធរមូលដ្ឋាន និងឧទ្យានុរក្សមូលដ្ឋាន ដែលមានអ្នកចូលរួមក្នុងមួយសហគមន៍ ៥០ នាក់។
សិក្ខាសាលានេះ មានគោលបំណងបង្កើនចំណេះដឹង ទាក់ទងនឹងសារៈសំខាន់នៃឧទ្យានជាតិវីរជ័យ ការអភិរក្ស និងការដាំស្តារជីវចម្រុះ ការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងការងារអភិរក្ស និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើជីវភាពរបស់ពួកគាត់។
អង្គការនេះបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា អ្វីដែលទទួលបានពីសិក្ខាសាលានេះ នឹងជួយពង្រឹងចំណេះដឹងរបស់ពួកគេ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរកាន់តែប្រសើរ និងជាវិជ្ជមានក្នុងលទ្ធផល នៃការអភិរក្សដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបានជីវភាពកាន់តែប្រសើរ និងការការពារឧទ្យានជាតិវីរជ័យកាន់តែមានប្រសិទ្ធភាព»៕