ភ្នំពេញៈ អ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន អាហ្រិ្វក អាមេរិកឡាទីន និងអាស៊ីកណ្តាល ប្រមាណជា ១ ០០០ នាក់ បានចូលរួមកម្មវិធីគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើម ផ្លូវ ១ ខ្សែក្រវាត់ ១ ដាក់ចេញដោយរដ្ឋាភិបាលចិន ដែលបាននិងកំពុងប្រព្រឹត្តឡើងនាទីក្រុងប៉េកាំង ដោយមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
អ្នកសារព័ត៌មានទាំងនេះសុទ្ធសឹងតែជាអតីតសិក្ខាកាមដែលមកសិក្សានៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០២២ ដែលពួកគេត្រូវបានអញ្ជើញឱ្យចូលរួមដោយមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន ដែលហៅជាភាសាអង់គ្លេសថា (China International Press Communication Center)។
លោក យូ ឡី (Yu Lei) នាយកមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែតុលាថា អ្នកសារព័ត៌មានទាំងអស់នេះ ជាអតីតសិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន អាហ្វ្រិក អាមេរិកឡាទីន ដែលទទួលបានការបណ្តុះបណ្តាលវគ្គខ្លីៗក្នុងឆ្នាំសិក្សាឆ្នាំ២០២២ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើម ផ្លូវ១ ខ្សែក្រវាត់១នាទីក្រុងប៉េកាំង។ និស្សិតទាំងអស់នេះ ដែលក៏ជាអ្នកសារព័ត៌មានផងដែរនោះ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមស្តាប់ការថ្លែងសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងកម្មវិធីគម្រប់ខួបគំនិតផ្តួចផ្តើម ផ្លូវ១ ខ្សែក្រវាត់១ និងដំណើរទស្សនកិច្ចទៅបណ្តាខេត្តមួយចំនួនទៀតផង។
លោក ទ្រីស្តង់ ណាដាឡូ (Tristan Nodalo) ជាអ្នកសារព័ត៌មានមកពីស្ថាប័នស៊ីអិនអិន (CNN) ប្រចាំប្រទេសហ្វីលីពីន និងជាជាអតីតសិក្ខាកាម ក្រោមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ២០២២ បានថ្លែងដោយសេចក្ដីរីករាយថា ការអញ្ជើញឱ្យចូលរួមកម្មវិធីដ៏វិសេសវិសាលមួយនេះ សិក្ខាកាមទាំងអស់អាចសិក្សា និងសរសេរអត្ថបទល្អៗស្តីអំពីគោលនយោបាយ ផ្លូវ១ ខ្សែក្រវាត់១ និងអត្ថប្រយោជន៍នៃបណ្តាប្រទេសសមាជិកពីគោលនយោបាយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្សព្វផ្សាយទៅអ្នកអានក្នុងប្រទេសរបស់គេបាន៕