ភ្នំពេញៈ បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលកណ្តាល នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២ ដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ដែលជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងលោក ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ី ជែយ៉ុង ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៧ ខែតុលា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នទាំង២ ទាក់ទងនឹងការងារបណ្ដុះបណ្ដាលកងកម្លាំង និងគ្រូនគរបាលជាតិ។
តាមរយៈហ្វេសប៊ុកបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ការចុះអនុស្សរណៈនេះ មានគោលបំណងដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ការងារស្រាវជ្រាវ និងការបណ្តុះបណ្តាលរួមគ្នា តាមរយៈការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំនៃភាគីទាំង២ ដែលជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
ប្រភពដដែលបញ្ជាក់ថា៖ «ភាគីទាំង២ បានប្ដេជ្ញាអនុវត្តខ្លឹមសារអនុស្សរណៈថ្មីនេះប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគីដ៏ល្អបន្ថែមទៀត រវាងបណ្ឌិត្យសភានគរបាលទាំង២ សម្រាប់ថ្ងៃអនាគត»។
អនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២នេះ ធ្វើឡើងរវាងស្ថាប័ន និងស្ថាប័នជាលក្ខណៈអន្តរជាតិ ស្តីពី «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាលកម្ពុជា»។
លោក ឯក មនោសែន បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកូរ៉េ ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាដែលបានកំណត់។
លោកបានរំលេចថា៖ «កន្លងមក តាមរយៈការបណ្តុះបណ្តាលរបស់ភាគីកូរ៉េ គ្រូនគរបាលកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ដោយបានទទួលចំណេះដឹង និងជំនាញខាងផ្នែកក្បាច់គុន ព្រមទាំងបង្កើតបានជាសៀវភៅគោល លើមុខវិជ្ជាបច្ចេកទេសចាប់ខ្លួនជនល្មើស ដើម្បីជាមូលដ្ឋាននៃការបង្ហាត់បង្រៀនដល់កងកម្លាំងនគរបាលកម្ពុជាគ្រប់ជំនាន់»។
ជាការឆ្លើយតប លោក អ៊ី ជែយ៉ុង បានសម្ដែងក្ដីសោមនស្សរីករាយ ចំពោះការទទួលបដិសណ្ឋារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាសក្ខីភាពនៃការរឹតចំណងមិត្តភាព និងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងបណ្ឌិត្យសភានគរបាលទាំង២ យ៉ាងរឹងមាំ និងយូរអង្វែង។
ជាមួយគ្នានេះដែរ ប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពរបស់បណ្ឌិត្យសភា លើគ្រប់ផ្នែកនាពេលបច្ចុប្បន្ននេះ ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ប្រកបដោយគុណភាព និងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ។
អំឡុងពេលធ្វើដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូកូរ៉េ ក៏បានដើរពិនិត្យមើលក្នុងបរិវេណបណ្ឌិត្យសភានគរបាល កន្លែងហ្វឹកហាត់ក្បាច់គុន ទីលានបាញ់គ្រាប់ពិត ទីលានឆ្លងកាត់ឧបសគ្គ និងកន្លែងហ្វឹកហាត់ផ្សេងៗទៀតផងដែរ៕