ភ្នំពេញៈគណៈប្រតិភូកម្ពុជា-វៀតណាម-ឡាវ នៃក្របខ័ណ្ឌរដ្ឋសភា (CVL) បានទៅបំពេញទស្សនកិច្ចរួមគ្នានៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃចំណុចប្រសព្វព្រំដែនរួមគ្នាប្រទេសទាំង៣ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅទស្សនាស្តូបទាំង ៣ប្រទេស និងរោងចក្រគំរូក្នុងតំបន់អភិវឌ្ឍន៍នោះ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលភាគីប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងភាគីតំណាងរាស្រ្តរដ្ឋសភាវៀតណាម និងឡាវ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋសភានៅថ្ងៃទី១៨ ខែតុលា។
សេចក្តីប្រកាសបន្តថា ភាគីកម្ពុជាបានទៅទស្សនាដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការទទួលស្វាគមន៍ពីគណៈប្រតិភូវៀតណាម ដឹកនាំដោយមានលោក ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈប្រតិភូទាំង ៣ប្រទេសបានឡើងទៅទស្សនាលើកំពូលភ្នំ ដែលមានស្តូបឈ្មោះរបស់ប្រទេសទាំង៣ ហើយបន្តដំណើរទៅទស្សនារោងចក្រកែច្នៃផ្លែផាស់សិន ឈ្មោះថា Quicornac ដែលចាត់ទុកជាគំរូនៃការអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។
ប្រភពដដែលបានឱ្យដឹងថា៖ «នៅថ្ងៃទី១ នៃដំណើរទស្សនកិច្ច គណៈប្រតិភូរដ្ឋសភាកម្ពុជាបានសង្កេតឃើញការអភិវឌ្ឍរបស់ភាគីវៀតណាម ដែលបានអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជាប់ព្រំដែនបានយ៉ាងល្អ ហើយបានផ្តើមអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាដើម នៅលើកំពូលភ្នំក្នុងខេត្តជាប់ព្រំដែនរបស់ខ្លួន»។
រដ្ឋសភាបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរួមលើកទី១ សម្រាប់កម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភាប្រទេសទាំង៣ បានធ្វើទស្សនកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាគំនិតផ្តួចផ្តើមឡើងដោយអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលដៅកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្លាប់បានទៅដល់តំបន់ត្រីកោណអភិវឌ្ឍន៍នេះផ្ទាល់ បានថ្លែងថា ដំណើរទស្សនកិច្ចរួមគ្នា រវាងភាគី CVL នេះជាការល្អ ដែលអាចបង្កើនការស្វែងយល់ពីគ្នា និងរៀនសូត្រពីគ្នា បន្តរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍នេះបន្ថែម។
លោកបន្តថា កម្ពុជានៅមិនទាន់បានទាញយកផលប្រយោជន៍ច្រើនពីតំបន់នោះនៅឡើយទេ ដែលកម្ពុជាហាក់នៅរៀបចំខ្លួនយឺតជាងវៀតណាម និងឡាវ ជាពិសេសវៀតណាមបានធ្វើការអភិវឌ្ឍយ៉ាងល្អនៅតំបន់ជាប់ព្រំដែន។ លោក យង់ ពៅ បញ្ជាក់ថា៖ «សម្រាប់កម្ពុជា នៅជាតំបន់វាលរហោស្ថាននៅឡើយ មនុស្សរស់នៅតិច។ ដោយឡែកខាងវៀតណាមវិញជាគំរូ ជាតំបន់ដែលអភិវឌ្ឍន៍ខ្លាំង កម្ពុជាគួរគិតគូរបន្ថែមពីការអភិវឌ្ឍតំបន់កន្ទុយនាគរបស់ខ្លួន»៕