ភ្នំពេញៈ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជានាយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធា ដើម្បីរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំង ២។
ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី កាលពីថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ ក្នុងឱកាសដែលលោក វង្ស ពិសេន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។
បើតាមហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបនោះ លោក វង្ស ពិសេន បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជានៅវៀតណាម គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំង ២ ក្នុងនាមជាបងប្អូនភូមិផងរបងជាមួយគ្នា រួមសុខរួមទុក្ខនៅគ្រប់ដំណាក់កាល។
លោកបានបង្ហាញការជឿជាក់ថា៖ «តាមរយៈការជួបពិភាក្សាគ្នាពេលនេះនឹងបន្តជំរុញលើកកម្ពស់ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង ២ ឱ្យកាន់តែរីកចម្រើនថែមទៀត រួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំង ២ ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល»។
ក្នុងជំនួបនោះ លោក វង្ស ពិសេន ក៏បានបញ្ជាក់ដែរថា កងយោធពលខេមរភូមិន្ទកម្ពុជានឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំង ២ នាពេលកន្លងទៅ ដោយមានការបន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិតព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលដល់ភារកិច្ចកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន តាម ផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំង ២។
ក្នុងឱកាសនោះដែរ លោក ង្វៀន តឹងគឿង បានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដោយលោកលើកឡើងថា ជាឱកាសដើម្បីពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមដែលជាទំនាក់ទំនងប្រពៃណីមានកិច្ចសហប្រតិបត្តិការស្អិតល្មួតជាអ្នកជិតខាងល្អ។
ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាថា នឹងបន្តពង្រឹងទំនាក់ទំនងនិងទំនុកចិត្តទឹកចិត្តឱ្យកាន់តែមានប្រសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំង២ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រទេសនីមួយៗធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រទេសដទៃ។
លោក ង្វៀន តឹងគឿង បានបញ្ជាក់ថា៖ «ហេតុនេះ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធាគឺជាកត្តាចាំបាច់ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាមនិងកម្ពុជា»។
បើតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ភាគីទាំង ២ ក៏បានពិភាក្សាកិច្ចសហប្រតិបត្តិការពហុភាគី ៣ ប្រទេស កម្ពុជា-វៀតណាម-ឡាវ ផងដែរ ហើយនៅថ្ងៃទី ១២ ខែធ្នូខាងមុខ នឹងមានជំនួបប្រស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិ៣ប្រទេសនេះនៅតំបន់ត្រីកោណមរកតនិងធ្វើលំហាត់សុខាភិបាលរួមគ្នាផងដែរ។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដែរថា កម្ពុជា និងវៀតណាមមានព្រំដែនជាប់គ្នាដែលការបង្កើនកិច្ចសហ ប្រតិបត្តិការផ្នែកសន្តិសុខនេះគឺជាការល្អដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ទំនិញគេចពន្ធឆ្លងដែនខុសច្បាប់និងការជួញដូរគ្រឿងញៀនឬជួញដូរមនុស្សជាដើម។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងចង់បានគឺសំណូមពរឱ្យកិច្ចសហប្រតិបត្តិការនេះឡើងដោយប្រាកដប្រជា កុំឱ្យធ្វើទៅមានតែឯកសារ ប៉ុន្តែការអនុវត្តបែរជាថ្លោះធ្លោយ នៅតែមានបញ្ហាកើតឡើងនៅតាមបណ្តោយព្រំដែន»៕