ភ្នំពេញៈ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ បានប្រកាសបដិសេធព័ត៌មានដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរ ២ នាក់ទៀតស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលដោយសារសង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់។
លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «និស្សិតខ្មែរជាង ៤៥០ នាក់ដែលកំពុងសិក្សា និងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន និងសូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរ ២ នាក់ទៀតស្លាប់»។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត»។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ប្រមុខដឹកនាំកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអ៊ីស្រាអែល ចាប់តាំងពីមានការប្រយុទ្ធគ្នាដោយអាវុធ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ដោយបានតាមដានសុខទុក្ខរបស់ពួកគេទាំងយប់ទាំងថ្ងៃ។
លោក ប៉ែន បូណា បានអះអាងជាថ្មីនៅថ្ងៃទី ១៨ ខែតុលាថា ក្រុមមាននិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសផ្សព្វផ្សាយព័ត៌មានបំផ្លើសបែបនេះ ក្នុងន័យបង្កចលាចលសង្គម ដែលសកម្មភាពបែបនេះមិនមែនថ្មីឡើយ ដើម្បីផលចំណេញផ្នែកនយោបាយ។
លោកបន្តថា៖ «ដោយសារក្រុមប្រឆាំងទាំងនេះនៅក្រៅប្រទេស ក្រៅរង្វង់ច្បាប់ប្រទេសកម្ពុជា។ ការងារដំបូងបំផុតរបស់យើង គឺធ្វើការពន្យល់ប្រជាពលរដ្ឋពីព័ត៌មានពិត និងបកអាក្រាតព័ត៌មានមិនពិត កុំឱ្យប្រជាពលរដ្ឋជឿតាម។ យើងនិយាយការពិត បន្សាបព័ត៌មានក្លែងក្លាយ ហើយការពាររដ្ឋាភិបាលយើង។ រាជរដ្ឋាភិបាលក៏នឹងមានវិធានការជាបន្តបន្ទាប់ផងដែរ ចំពោះក្រុមបំផុសព័ត៌មានមិនពិតបែបនេះ ដែលនឹងចាត់វិធានការទៅតាមការជាក់ស្តែង»។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វិបត្តិប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាវិបត្តិចាស់ ដូច្នេះ រដ្ឋាភិបាលអ៊ីស្រាអែលតែងបានត្រៀមលក្ខណៈទុកជាមុនរួចជាស្រេច ជាពិសេសក្នុងការរក្សាសុវត្ថិភាពជូនប្រជាជនដែលអាជ្ញាធរអ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រងសន្តិសុខនេះ។
លោកថា បើសិនជាមានពលរដ្ឋខ្មែរ ឬនិស្សិតខ្មែរបានស្លាប់បន្ថែមពិតមែននោះ នឹងមានការផ្សព្វផ្សាយអត្តសញ្ញាណជាហូរហែដោយសារសម័យនេះជាសម័យលំហូរព័ត៌មានតតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកអះអាងថា៖ «រដ្ឋាភិបាលកម្ពុជា និងអ៊ីស្រាអែលបានយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់និស្សិតខ្មែរណាស់ ដែលអាចស្នាក់នៅទីតាំងដែលមានសុវត្ថិភាព»។
លោក ស៊ឺន សម ថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនមានផលចំណេញណាមួយក្នុងការលាក់បាំងព័ត៌មានអំពីការស្លាប់របស់ពលរដ្ឋខ្មែរនោះទេ ហើយបើមានករណីបាត់បង់ជីវិតរបស់និស្សិតខ្មែរពិតមែននោះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយជាសាធារណៈមិនខាន។
ក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងកងទ័ពអ៊ីស្រាអែលកន្លងមកបណ្ដាលឱ្យយុជនខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ស្លាប់កាលពីថ្ងៃទី ៧ ខែតុលា ហើយរដ្ឋាភិបាលបានបង្ហាញការសោកស្តាយ និងជួយសម្របសម្រួលយកចិត្តទុកដាក់លើគ្រួសារសពជាខ្លាំង៕