ភ្នំពេញៈ អ្នកជំនាញ​ដែល​ធ្វើការ​ពាក់​​ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការបើក​សិក្ខា​សាលា​បណ្តុះបណ្តាល​ពង្រឹង​សមត្ថ​ភាព​គ្រូបង្រៀន​ជំនាញ​អប់រំ​ពិសេស ដើម្បី​មាន​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្រៀន​សិស្ស​ពិការភ្នែក​ឬ​សិស្ស​គ​ថ្លង់ នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​គុណភាព​។​

​ការលើកឡើង​របស់​អ្នកជំនាញ​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​ស្ដីពី «​សមត្ថភាព​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រូបង្រៀន​សិស្ស​ពិការភ្នែក​ឬ​សិស្ស​គ​ថ្លង់​»​ ដល់​គ្រូបង្រៀន​ជំនាញ​អប់រំ​ពិសេស​មកពី​សាលាបឋមសិក្សា និង​វិទ្យាល័យ​អប់រំ​ពិសេស​ចំនួន​ ៦ សរុប​ ១៣៤​ នាក់ កាលពី​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ ​២០២៣​។​

​លោក ​គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅ​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២៣ បាន​សាទរ​ចំពោះ​ជន​មាន​ពិការភាព ពិសេស​អ្នក​គ​ថ្លង់ និង​ពិការភ្នែក ដែល​ទទួលបាន​ការជួយ​ពី​ក្រសួង​តាមរយៈ​ការពង្រឹង​សមត្ថភាព​គ្រូ​បន្ថែម​ដើម្បី​បណ្តុះ​បណ្តាល​ពួកគាត់​ឱ្យ​កាន់តែ​មានគុណ​ភាព​ថែមទៀត ហើយ​លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​ពង្រីក​ការជួយ​បែបនេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ជា​រឿង​ល្អ​ណាស់​ដែល​រដ្ឋាភិបាល​ធ្វើឱ្យ​គុណភាព​អប់រំ​ពិសេស​កាន់តែ​ល្អ តាមរយៈ​ការ​បណ្តុះបណ្តាល​គ្រូ​ការបំពាក់​សម្ភារ និង​ឧបករណ៍​បង្រៀន​ល្អៗ​តាមរយៈ​ការផ្តល់​ប្រាក់បៀវត្ស​សមរម្យ​ដល់​គ្រូ ប៉ុន្តែ​ប្រសិនបើ​អាច​ក្រសួង​គួរតែ​ពង្រីក​វិសាលភាព​ឱ្យបាន​ទូលំទូលាយ ព្រោះថា ការពង្រីក​សាលា​អប់រំ​ពិសេស​នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត​នៅ​មិនទាន់​រីកចម្រើន​នៅឡើយ​ទេ ពិសេស​ការអប់រំ​លើ​ប្រភេទ​ក្មេង​អូ​ទី​សឹម​»​។​

​លោក សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​លើកឡើងថា សិក្ខាសាលា​បណ្តុះបណ្តាល​ដ​ល់​គ្រូបង្រៀន​ជំនាញ​អប់រំ​ពិសេស​នេះ​ធ្វើឡើង​ដើម្បី​បន្ត​អភិវឌ្ឍ​សមត្ថ​​ភាព និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធ​ភាព​នៃ​ការកសាង​ធនធាន​គ្រូបង្រៀន​ជំនាញ​អប់រំ​ពិសេស សម្រាប់​ជួយ​ដល់​កុមារ​មាន​តម្រូវការ​ពិសេស​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​ដែល​បាន​ដកស្រង់​សម្ដី​លោក សេរី ជំនះ បាន​បញ្ជាក់ថា បច្ចុប្បន្ន​គុណភាព​អប់រំ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើង​ពី​ ១ ឆ្នាំទៅ​ ១ ​ឆ្នាំ ហើយ​សិទ្ធិ​ទទួលបាន​ការអប់រំ​សម្រាប់​កុមារ​មាន​ពិការភាព​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ និង​ជាការ​ទទួលខុសត្រូវ​រួម​ទាំងអស់គ្នា​។​

​លោក​លើកឡើងថា​៖ «​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា តែងតែមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាពិសេស​ការធានា​ផ្តល់​ការអប់រំ​ប្រកបដោយ​បរិ​យាប​ន្ន សមធម៌ គុណភាព និង​លើក​កម្ពស់​ការសិក្សា​ពេញ​ ១ ​ជីវិត​សម្រាប់​ទាំងអស់គ្នា ព្រមទាំង​ធ្វើឱ្យ​សិទ្ធិ​ក្លាយជា​ការពិត​ដល់​កុមារ​មាន​តម្រូវការ​ពិសេស​គ្រប់រូប​។ ដូច្នេះ​គ្រូបង្រៀន​ជំនាញ​អប់រំ​ពិសេស​ចាំបាច់​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​»​។​

​សូមបញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ ២១ ខែតុលា ឆ្នាំ​ ២០២៣ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ​មកពី​សាលាបឋមសិក្សា និង​វិទ្យាល័យ​អប់រំ​ពិសេស​ចំនួន​ ៦ មានដូចជា វិទ្យាល័យ​អប់រំ​ពិសេស​ច្បារអំពៅ​, វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​,​វិទ្យាល័យ​អប់រំ​ពិសេស​ខេត្តកំពង់ចាម​,​វិទ្យាល័យ​អប់រំ​ពិសេស​ខេត្តបាត់ដំបង​និង​វិទ្យាល័យ​អប់រំ​ពិសេស​ខេត្តសៀមរាប ក្នុងនោះ​សិក្ខាកាម​មាន​ពិការភាព​ចំនួន​ ១៤​ នាក់​ផងដែរ​។​

​រីឯ​ខ្លឹមសារ​នៃ​សិក្ខាសាលា​នេះ បានរៀបចំ​ឡើង​ដោយ​បែង​ចែកជា​ ២ ​ធំៗ​គឺ​ផ្នែក​គ​ថ្លង់ និង​ផ្នែក​ពិការភ្នែក​។ ផ្នែក​គ​ថ្លង់ សិក្ខាសាលា​បាន​ផ្តោតលើ​ការ​យល់ដឹង​វេយ្យាករណ៍​ក្នុង​ភាសា​សញ្ញា​កម្ពុជា ការប្រើប្រាស់​សញ្ញា​ក្នុងការ​សន្ទនា ការនិទាន​រឿង​ភាសា​សញ្ញា​កម្ពុជា និង​ពង្រឹងសមត្ថភាព​បន្ថែម​លើ​ខ្លឹមសារ​មេរៀន​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការរៀន​និង​បង្រៀន​សិស្ស​គ​ថ្លង់ ជាដើម​។

​ចំណែកឯ​ផ្នែក​ពិការភ្នែក​គឺ​ជួយ​ពង្រឹង​បន្ថែម​ទៅលើ​អក្សរ​ប្រៃ​យ៍​ខ្មែរ គណិតវិទ្យា​ប្រៃ​យ៍ ការ​គណនា​លើ​ក្បាច់ និង​មេរៀន​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគាំទ្រ​សិស្ស​ពិការភ្នែក​ជាដើម​៕