ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើទៅលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតីវៀតណាមឱ្យពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទេសចរណ៍។
ការស្នើនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែតុលា ពេលលោកហ៊ុន ម៉ាណែតជួបពិភាក្សាការងារជាមួយលោក វ៉ វ៉ាន់ធឿង ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ នេះបើតាមតេឡេក្រាមលោក ហ៊ុន ម៉ាណែត។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារនោះ លោក វ៉ វ៉ាន់ធឿង បានសម្តែងការសាទរចំពោះលោក ហ៊ុន ម៉ាណែត ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងផ្តាំផ្ញើការសាកសួរសុខទុក្ខព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុក៏ដូចជាលោកហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។
បើតាមបណ្តាញតេឡេក្រាមលោកហ៊ុន ម៉ាណែត លោកប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានាដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ លោកថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិនិងប្រជាជនទាំង ២។
តេឡេក្រាមលោក ហ៊ុន ម៉ាណែតឱ្យដឹងទៀតថា ជាការឆ្លើយតបចំពោះការលើកឡើងរបស់លោក វ៉ វ៉ាន់ធឿង លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការអរគុណ និងបានរំឭកអំពីជំនួបជាមួយ លោកប្រធានាធិបតីវៀតណាម កាលពី ៤ ឆ្នាំមុន ដែលទាំងនេះ សុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ចំពោះការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យ ដែលក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីនិងចំនួនភ្ញៀវទេសចររវាងប្រទេសទាំង ២ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានស្នើទៅលោកប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទេសចរណ៍។
តេឡេក្រាមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ជារួមថ្នាក់ដឹកនាំទាំង ២ បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន»។
ក្នុងជំនួបនោះដែរ ប្រធានាធិបតីវៀតណាម ក៏បានស្នើមកកម្ពុជា បង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយវៀតណាមបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចំណុចនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបដោយព្រមទទួលយកការអញ្ជើញ នឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងនៅថ្ងៃទី ១៨ ខែតុលាថា សេដ្ឋកិច្ចប្រទេសនីមួយៗអាស្រ័យលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បើសិនជារៀបចំបានល្អប្រសើរ អ្នកវិនិយោគនឹងចូលបណ្តាក់ទុនរកស៊ី ព្រោះមានភាពងាយស្រួល។
លោកថា ការបង្កើតឱ្យមានផ្លូវល្បឿនលឿនរវាងប្រទេសវៀតណាម និងកម្ពុជានាពេលខាងមុខដែលចេញពីខាងហូជីមិញ មកព្រំដែនបាវិតហើយចូលមកប្រទេសកម្ពុជាគឺជារឿងល្អ ព្រោះនៅពេលនោះនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគក្នុងការបង្កើតរោងចក្រ ឬឃ្លាំងទំនិញផ្សេងៗក៏ដូចជាទីតាំងភ័ស្តុភារកម្មមួយចំនួនហើយការដឹកជញ្ជូនចំណាយពេលវេលាតិចជាងមុន។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា នេះជាការល្អមួយ សម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ភាពងាយស្រួលទៅដល់ការវិនិយោគផ្សេងៗពីបរទេស មកកាន់ប្រទេសកម្ពុជា»៕