ភ្នំពេញៈ ពន្លឺភ្លើងពណ៌លឿងទុំស្រទន់ ដូចជាផ្ការំដួលពណ៌មាស និងរូបក្ងោកពណ៌មាស ជះចេញតាមចន្លោះប្រហោង ដែលឆ្លាក់ចេញពីស្បែកគោស្ងួតតាមទំហំផ្សេងៗគ្នាដែលដាក់ព្យួរតាមជញ្ជាំងនៅក្នុងរោងសិប្បកម្មចម្លាក់ ១ កន្លែងដែលមានឈ្មោះ «ចម្លាក់ស្បែកសៀមរាបអង្គរ» ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះមានចម្លាក់ស្បែកមួយចំនួនដែលជាស្នាដៃរបស់យុវតីឈ្មោះ ខ្មៅ សុខគា។
ក្រោយពីបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ ព្រោះតែជីវភាពគ្រួសារ ហើយបើទោះបីជានាងដឹងថាទីផ្សារឆ្លាក់រូបនៅលើស្បែកគោស្ងួតមិនសូវរកចំណូលបានច្រើនក៏ដោយ ប៉ុន្តែដោយភាពអំណត់ និងទេពកោសល្យផ្ទាល់ខ្លួនរបស់ សុខគា បានជំរុញឱ្យនាងចូលរៀននៅសាលាចម្លាក់ស្បែកដែលមានឈ្មោះ Little Angels Center ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបដោយមានលោកគ្រូខ្មែរម្នាក់ ដែលនាងតែងហៅថា (គ្រូតាៗ)។ នៅទីនោះនាងបានចំណាយពេលសិក្សាជំនាញចម្លាក់ស្បែកនេះរយៈពេល ៤ ឆ្នាំហើយក៏បានចេញមកធ្វើជាជាងចម្លាក់ស្បែកជាមួយបងស្រីក្នុងក្រុង-ខេត្តសៀមរាប។
សុខគា ថ្លែងថា៖ «មូលហេតុដែលនាងខ្ញុំទៅរៀននៅសាលាចម្លាក់ស្បែកគឺទី១ ដោយសារការស្រឡាញ់ចូលចិត្ត ព្រោះខ្ញុំឃើញបងៗគាត់អង្គុយឆ្លាក់លើស្បែកហើយចេញជារូបស្អាត ខ្ញុំក៏ឆ្ងល់ថា គេធ្វើរបៀបម៉េចបានជាចេញជារូប ហើយគេដាប់យ៉ាងម៉េចបានចេញជារូបស្អាតអ៊ីចឹង។ ម្យ៉ាងខ្ញុំមានគំនិតមួយចង់ថែរក្សាវប្បធម៌នេះដែលដូនតាយើងបានបន្សល់ទុកឱ្យ»។
កញ្ញា សុខគា បន្តថា បើទោះជានាងសិក្សារយៈពេល៤ឆ្នាំហើយក្តីពេលដែលនាងចេញមកធ្វើការក៏នៅតែសិក្សាអំពីចម្លាក់បន្តទៀតដែរពីព្រោះរូបមានច្រើនទម្រង់។ហេតុដូច្នេះហើយនាងធ្វើការងារចម្លាក់បណ្តើរសិក្សាបណ្តើរបន្តទៀត។ចម្លាក់ស្បែកនេះជាជំនាញមួយដែលពិបាកដូច្នេះអ្នកចង់ចេះជំនាញនេះទាល់តែមានការតស៊ូខ្លាំងណាស់ទើបអាចសម្រេចបំណងបាន។
កញ្ញា សុខគា ប្រាប់ថា៖«បើយើងចង់ចេះជំនាញនេះលុះត្រាតែមានចិត្តអំណត់ខ្លាំង។យើងត្រូវការយកចិត្តទុកដាក់ហើយយើងត្រូវផ្តោតអារម្មណ៍ទៅលើវត្ថុដែលយើងកំពុងឆ្លាក់។បើយើងអង្គុយឆ្លាក់ហើយអារម្មណ៍របស់យើងស្មុគស្មាញគឺរូបចម្លាក់ចេញមកក៏អត់ស្អាតដូចគ្នាដែរ»។
កញ្ញា សុខគា ថ្លែងថា ដើម្បីឆ្លាក់ចេញជារូបអ្វីមួយគេយកស្បែកគោស្ងួតចំពោះសម្ភារដែលត្រូវឆ្លាក់មានដូចជាស្បែកគោស្ងួត ដែកសម្រាប់ចោះស្បែក និងញញួរវាយពីលើដែកសម្រាប់ចោះស្បែក។ការងារនេះអ្នកធ្វើត្រូវអង្គុយធ្វើដោយអារម្មណ៍ផ្ចិតផ្ចង់បំផុតព្រោះបើឆ្លាក់មិនតាមទម្រង់តាមរបៀបទេស្បែកគោដែលជាវត្ថុធាតុដើមនោះត្រូវខូចមិនអាចកែបានឡើយ។
ចម្លាក់ស្បែកជាជំនាញបន្តពីដូនតាហើយចម្លាក់ស្បែកពីមុនភាគច្រើនឆ្លាក់តែតាមរឿងបុរាណខ្មែរប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្នអ្នកប្រកបរបរចម្លាក់ខ្លះបានប្តូរមកឆ្លាក់រូបចម្លងចេញពីជញ្ជាំងប្រាសាទអង្គរវត្តវិញពិសេសតាមចំណូលចិត្ត របស់អ្នកទិញដែលធ្វើឱ្យចម្លាក់ស្បែកមានរចនាទម្រង់ចម្រុះ។
អ្នកស្រី រិន ស្រីរ័ត្ន ម្ចាស់សិប្បកម្មដែលមានឈ្មោះថា «ចម្លាក់ស្បែកសៀមរាបអង្គរ» បានប្រាប់ថា ឪពុករបស់អ្នកស្រីមានជំនាញឆ្លាក់លើស្បែកគោតាំងពីជំនាន់យាយតារបស់អ្នកស្រីមកម្ល៉េះ ហើយអ្នកស្រីក៏រៀនពីឪពុករបស់អ្នកស្រីបន្តដែរ។ មិនមែនតែអ្នកស្រីទេសូម្បីតែប្អូនៗរបស់អ្នកស្រីក៏មាននិស្ស័យលើជំនាញចម្លាក់ស្បែកនេះតពីឪពុករបស់អ្នកស្រីដែរហើយពួកគេទៅរៀនបន្ថែមពីលោកគ្រូខ្មែរឬលោកគ្រូតាដែលគាត់បង្ហាត់បង្រៀននៅក្នុងខេត្តសៀមរាប។
អ្នកស្រី រិន ស្រីរ័ត្ន បន្តថាតាមពិតទៅជំនាញចម្លាក់នេះដូនតាខ្មែរបានរៀនចេះចាំហើយចែករំលែកដល់កូនចៅពីមួយជំនាន់ទៅមួយជំនាន់ហើយរូបចម្លាក់ស្បែកនីមួយៗបានបង្ហាញពីទឹកដៃយ៉ាងរស់រវើកមិនអាចនឹងយកអ្វីមកប្រៀបផ្ទឹមបានឡើយ។ ដោយសារតែអ្នកស្រីខ្លាចបាត់បង់ជំនាញពីដូនតានេះហើយទើបអ្នកស្រីចាប់ជាអាជីពធ្វើចម្លាក់លក់ប្រហែលជា១០ឆ្នាំមកហើយ។
អ្នកនាង ស្រីរ័ត្ន បញ្ជាក់ថា ពីមុនៗមកអ្នកស្រីឆ្លាក់រូបតែតាមរឿងរាមកេរ្តិ៍តែប៉ុណ្ណោះតែដោយសារមនុស្សរស់នៅក្នុងសង្គមមានការវិវឌ្ឍ ដូច្នេះអ្នកស្រីក៏ប្តូរពីឆ្លាក់រូបរឿងរាមកេរ្តិ៍មកឆ្លាក់រូបចម្លងចេញពីជញ្ជាំងប្រាសាទអង្គរវត្តវិញហើយភ្ញៀវក៏ចូលចិត្តទៀតផង។ ចំពោះវត្ថុធាតុដើមវិញគឺអ្នកស្រីដើរទិញស្បែកគោគេហើយយកមកលាងជម្រះហាលឱ្យស្ងួតដោយមិនបានលាយកិនជាមួយវត្ថុអ្វីផ្សេងទេ។
អ្នកស្រីបន្តថា បន្ទាប់ពីហាលស្ងួតហើយយកមកចៀរទៅតាមទំហំខ្នាតដែលត្រូវនឹងពុម្ពហើយទើបដាប់ទៅតាមរូបពុម្ពនោះទៅ។ បច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រី អាចឆ្លាក់រចនារូបនៅលើស្បែកបានគ្រប់ទម្រង់គ្រប់បែបទាំងអស់ពោលគឺទៅតាមបំណងរបស់ភ្ញៀវចង់បានអ្វីគឺអាចធ្វើជូនបាន។រីឯរយៈពេលឆ្លាក់គឺអាស្រ័យទៅតាមរូបធំឬរូបតូចបើរូបទំហំ A3 ឬ A4 អាច១ ទៅ ២ ថ្ងៃ រួចហើយ តែបើផ្ទាំងចម្លាក់ចាប់ពី ១ ម៉ែត្រ ដល់ ៥ ម៉ែត្រ និងទទឺង កន្លះម៉ែត្រ ឬជាងកន្លះម៉ែត្រ ក៏ត្រូវប្រើរយៈពេល ១ ខែ អីដែរ។
បើតាមអ្នកស្រីហាងរបស់អ្នកស្រីនៅក្នុងផ្សារចាស់ក្រុងសៀមរាបហើយមានភ្ញៀវទាំងក្នុងស្រុកនិងភ្ញៀវបរទេសនិយមផ្ទាំងចម្លាក់ពីស្បែកគោដែលឆ្លាក់រូបចេញពីជញ្ជាំងប្រាសាទ។ចំពោះតម្លៃនៃផ្ទាំងចម្លាក់នីមួយៗគិតតាមខ្នាតទំហំរបស់រូបដែលមានតម្លៃពី១០ដុល្លាររហូតដល់ជាង១ពាន់ដុល្លារក៏មានដែរ។ចំពោះចម្លាក់ស្បែកក្រោយពេលឆ្លាក់ចេញជារូបហើយអ្នកស្រីត្រូវលាបថ្នាំពណ៌ឈើដើម្បីឱ្យវាមានសោភណភាពស្រស់ស្អាតហើយពណ៌ក៏មិនចេញដែរ។
អ្នកស្រីពោលថា៖«ឥឡូវភ្ញៀវខ្មែរក៏ទិញភ្ញៀវបរទេសក៏ទិញស្មើគ្នា។ភ្ញៀវចាប់អារម្មណ៍លើគំនូរវប្បធម៌លើជញ្ជាំងប្រាសាទភ្ញៀវបរទេសគាត់ស្រឡាញ់ទិញយកដាក់តាំងក្នុងផ្ទះ»។
លោក មួន សុភាព ប្រធានមន្ទីរនិងវិចិត្រសិល្បៈខេត្តសៀមរាប ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំពោះចម្លាក់ស្បែកនេះមានការរីកដុះដាលដែរដោយសារតែមានគ្រូចុះទៅបណ្តុះបណ្តាលនៅក្នុងស្រុកប្រាសាទបាគង។ក្នុងនោះមានម្ចាស់សិប្បកម្មតូចៗមិនជាទ្រង់ទ្រាយធំហើយគាត់មកសិក្សាជំនាញនេះបន្តដូចនេះអ្នកចម្លាក់ទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល។
លោកថ្លែងថា៖«បើកាលណាគាត់បានទៅរៀនមានគ្រូច្បាស់លាស់មានន័យថា គាត់យល់ដឹងពីការអភិរក្សហ្នឹងហើយ។ស្នាដៃខ្លះជាការចម្លងពីចម្លាក់អង្គរចម្លាក់នៅតាមប្រាសាទតាមអីហ្នឹងហើយផ្នែកខ្លះមានការច្នៃប្រឌិតថ្មីមានន័យអ្នកកុម្ម៉ង់គេចង់បានអីគឺធ្វើជូនគេតែវាមិនទាក់ទងនឹងចម្លាក់អីទេ»។
លោក សុភាព ថ្លែងថា ចំពោះភ្ញៀវបរទេសខ្លះដែលគាត់មកទស្សនាខេត្តសៀមរាបហើយបានទិញចម្លាក់ស្បែក វាអាស្រ័យលើភ្ញៀវដែលគាត់យល់ពីចម្លាក់ស្បែកហ្នឹង។គាត់ឱ្យតម្លៃជាទូទៅជាចម្លាក់នៅតាមជញ្ជាំងប្រាសាទដូចជារូបអប្សរារូបទំហំតូចៗដែលគាត់អាចយកតាមខ្លួនបានគឺគាត់ទិញយកទៅដាក់តាំងនៅផ្ទះដែលជាការស្រឡាញ់វត្ថុសិល្បៈផងហើយជាការគោរពផង៕