ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំឭកជាថ្មីដល់ស្នងការនគរបាលរាជធានីខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែលបញ្ហាទាំងនេះជាបុព្វហេតុនាំឱ្យប្រព្រឹត្តបទល្មើស បង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គម។
ការក្រើនរំឭកនេះ ធ្វើឡើងនៅពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជនចំនួន ៤រូប រួមមានលោក ឡូយ សុផាត លោក ឆៃ ស៊ីណារិទ្ធ លោក យូ ស៊ុនឡុង និងលោក គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះលោក ស សុខា បានផ្ដល់អនុសាសន៍ក្រើនរំឭកដល់ស្នងការនគរបាលរាជធានីខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់របួសនិងខូចខាតទ្រព្យសម្បត្តិនៅតែកើតឡើងគួរឱ្យកត់សម្គាល់។ លោកបន្ថែមថា៖«ទន្ទឹមនេះដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវសិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើងបង្កបញ្ហាប្រព្រឹត្តបទល្មើសនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម»។
លោកបន្តទៀតថា ចំណែកនៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក៏គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកថ្លែងថា៖«ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ»។
ថ្លែងក្នុងពិធីនោះដែរ លោក ស សុខា ក៏បានបង្ហាញគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះថា នឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០% ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកា បានថ្លែងថា គ្រឿងញៀននៅតែជាបញ្ហាចោទនៅក្នុងសង្គមខ្មែរដែលនាំឱ្យមានបទល្មើសផ្សេងៗ ដែលទាមទារឱ្យគ្រប់ភាគីយកចិត្តទុកដាក់ខ្ពស់ និងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជិតខាងក្នុងការទប់ស្កាត់លំហូរចូលគ្រឿងញៀនពីក្រៅប្រទេស។
លោកថា៖«គ្រឿងញៀនជាបញ្ហាធំដែលត្រូវតែមានកិច្ចសហប្រតិបត្តិការល្អក្នុងស្រុក និងជាមួយបណ្តាប្រទេសនៅជាប់ព្រំដែន ដើម្បីធ្វើការទប់ស្កាត់នូវលំហូរចូលនិងចរាចរគ្រឿងញៀនក្នុងស្រុក។ប៉ុន្តែត្រូវធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយ និងត្រូវតែហ៊ានចាត់វិធានការចំពោះមន្ត្រីណាដែលឃុបឃិតរឿងគ្រឿងញៀន»។
លោក ស សុខា ក៏បានថ្លែងដោយស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។
លោកចាត់ទុកការទទួលបានគោរមងារ«សន្តិបណ្ឌិត» របស់ឥស្សរជនទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធន៍ និងការលះបង់ ដោយបានចូលរួមបំពេញភារកិច្ចស្នូល របស់ក្រសួងមហាផ្ទៃតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មក មិនតិចជាង ៤០ឆ្នាំ នោះទេ ក្នុងនាមជានគរបាលជាតិ៕