លោក សេង ទៀក បច្ចុប្បន្នជានាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) នៅកម្ពុជាបានចំណាយពេលជាង ២៥ ឆ្នាំហើយ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ដែលក្នុងនោះដែរ ការងាររបស់លោកមួយចំនួនធំ ក៏ពាក់ព័ន្ធនឹងការអភិរក្សផ្សោតដែលជាថនិកសត្វដ៏កម្រ និងជិតផុតពូជផងដែរ។
លោកបានបញ្ចប់ការសិក្សាដោយទទួលសញ្ញាបត្រអនុបណ្ឌិតចំនួន ២ គឺ វិស្វករផ្នែកគ្រឿង-យន្តកសិកម្មនៅប្រទេសអ៊ុយក្រែន អតីតសហភាពសូវៀតក្នុងឆ្នាំ ១៩៩២ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថានពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០
០៣។ លោកក៏បានទទួលសញ្ញាបត្រ Diploma ផ្នែកអ្នកគ្រប់គ្រងជាន់ខ្ពស់ពីវិទ្យាស្ថានគ្រប់គ្រងអភិវឌ្ឍន៍អន្តរជាតិ (IMD) ប្រទេសស្វ៊ីស ក្នុងឆ្នាំ ២០១៤ ផងដែរ។
អ្នកសារព័ត៌មាន បានជួបជាមួយនឹងលោក សេង ទៀក ដើម្បីធ្វើបទសម្ភាសន៍ទាក់ទងនឹងប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិការងាររបស់លោកខ្លះៗពីជីវិតការងាររបស់លោកក្នុងរយៈពេលជាង ២ ទសវត្សរ៍លើការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម៖
តើលោកចាប់ផ្តើមការងារពាក់ព័ន្ធជាមួយនឹងធនធានធម្មជាតិនៅកម្ពុជាពីពេលណាដែរ?
ខ្ញុំបានចំណាយពេលជាង ២៥ ឆ្នាំ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ដែលដំបូងខ្ញុំបានចូលបម្រើការងារនៅក្រសួងបរិស្ថានក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោតសកលអាណត្តិទី១ ឆ្នាំ ១៩៩៣ រួចពេលនោះក្រសួងបរិស្ថានត្រូវបានបង្កើតឡើង។ ឆ្នាំ ១៩៩៨ ខ្ញុំបានចាប់ផ្តើមបង្កើតការិយាល័យអង្គការ WWF នៅប្រទេសកម្ពុជា ដែលមានតួនាទីជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសកម្ពុជា។ ឆ្នាំ ២០០៣ ខ្ញុំបានក្លាយជានាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានបញ្ចប់ការ
សិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថាននៅសហរដ្ឋអាមេរិក។ ខ្ញុំបាទមានមោទនភាពណាស់ដែលជនជាតិខ្មែរដំបូងគេបង្អស់ត្រូវបានជ្រើសរើសឱ្យកាន់តួនាទីក្នុងស្ថាប័នអង្គការអន្តរជាតិដ៏ធំមួយដែលមានឈ្មោះល្បីក្នុងពិភពលោក។
១០ ឆ្នាំក្រោយមក ក្នុងឆ្នាំ ២០១២ ខ្ញុំត្រូវបានជ្រើសរើសជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ WWF អូស្ត្រាលី ។ ក្នុងតំណែងជានាយកប្រចាំតំបន់ ខ្ញុំទទួលខុសត្រូវលើប្រទេស Papua New Guinea និងប្រទេស Solomon Islands។ ពាក់កណ្តាលឆ្នាំ ២០១៣ ខ្ញុំបានមកកាន់មុខងារជានាយកកម្មវិធីអភិរក្សប្រចាំមហាអនុតំបន់មេគង្គនៃអង្គការ WWF អន្តរជាតិ ដែលមើលការខុសត្រូវ និងគ្រប់-គ្រងការងារអភិរក្សក្នុង៥ប្រទេសរួមមាន៖ កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំក៏បានមកកាន់តួនាទីជានាយកអង្គការ WWF កម្ពុជាវិញ។
ការសម្រេចត្រឡប់មកកាន់ការងារនៅថ្នាក់ប្រទេសវិញនេះដោយសារខ្ញុំមានបំណងចង់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ជាច្រើនរបស់ខ្ញុំដែលមានមកបម្រើជាតិ និងចូលរួមក្នុងការថែរក្សាមរតកធម្មជាតិរបស់កម្ពុជាយើងដោយធ្វើការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងការសហការយ៉ាងជិតសិទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន។
តើក្នុងរយៈពេលជាង ២៥ ឆ្នាំ ដែលលោកបានប្រឡូកក្នុងការងារសត្វព្រៃ និងកិច្ចការពារធន-ធានធម្មជាតិនេះ ទទួលបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?
ក្នុងអាជីពការងាររបស់ខ្ញុំជាង ២៥ ឆ្នាំកន្លងទៅនេះ ខ្ញុំបានសម្រេចលទ្ធផលសំខាន់ៗជាច្រើន មានដូចជា៖ លទ្ធផលទី១ គឺខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានបង្កើត និងដឹកនាំអង្គការ WWF ឱ្យមានការរីកចម្រើនធំធាត់ និងធ្វើឱ្យស្ថាប័ននេះឈរជើងយ៉ាងរឹងមាំមានទំនុកទុកចិត្តខ្ពស់ពីដៃគូពាក់ព័ន្ធលើការងារបចេ្ចកទេស និងបានក្លាយជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះក្នុងបុព្វហេតុការពារធនធានធម្មជាតិរបស់កម្ពុជា។ សមិទ្ធផលសំខាន់ទី២ គឺខ្ញុំបានចូលរួមសកម្ម និងបានជួយដល់សង្គមជាតិកម្ពុជាជាច្រើនក្នុងនោះរួមមាន៖ ការកៀរគរថវិកាដែលនៅឆ្ នាំ១៩៩៨ ថវិកាសម្រាប់ប្រតិបត្តិការ WWF កម្ពុជា គឺមានត្រឹមតែប្រហែល ៥ ម៉ឺនដុល្លារ ក្នុង ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់មកចំណូលមានការកើនឡើងជាប្រចាំឆ្នាំរហូតដល់ ៧,៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ នេះ។ បើគិតជាមធ្យមចំណូលថវិកាប្រចាំឆ្នាំរបស់ WWF កម្ពុជាប្រហែលពី ៤ ទៅ ៥ លានដុល្លារ ក្នុង ១ ឆ្នាំ។ ដូច្នេះរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ ខ្ញុំបានកៀរគរថវិកាសរុបប្រហែលជា ១៥០ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងនៅប្រទេសកម្ពុជា។
ចំពោះការបង្កើតការងារ និងមុខរបរវិញ ខ្ញុំបានបង្កើតការងារដោយផ្ទាល់ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន។ បើគិតជាមធ្យមការងារដែលផ្តល់ដោយផ្ទាល់មិនតិចជាង ៥០០ ការងារទេ ក្នុង ១ ឆ្នាំៗ។ ការងារទាំងនោះរួមមាន៖ ការងារជាឧទ្យានុរក្ស សត្យានុរក្ស ឆ្មាំទន្លេការងារក្នុងសហគមន៍ការពារតំបន់ធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគ្រាសខ្នាតតូច និងពិសេសបុគ្គលិកទាំងអស់របស់អង្គការ WWF កម្ពុជា ជាង ១០០ នាក់ ផងដែរ។ ចំណែកលទ្ធផលសំខាន់ទី៣ គឺខ្ញុំបានចូលរួមបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈកម្មវិធីគម្រោងគាំទ្រការ-បង្កើនជីវភាពរស់នៅរបស់សហ-គមន៍នៅក្នុងខេត្តគោលដៅរបស់អង្គការ WWF ក្នុងនោះរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ កំពត កោះកុង និងខេត្តមណ្ឌលគិរី។
ក្នុងនោះមាន គម្រោងចិញ្ចឹមសត្វ ដាំបន្លែ ដាំស្រូវមិត្តភាពសត្វព្រៃ ធនាគារគោ ការផ្តល់ឥណទានខ្នាតតូច គម្រោងគាំទ្រសិប្បកម្មឫស្សី-ផ្តៅ ដំណាំម្រេច ដំណាំកៅស៊ូគ្រួសារ ឃ្មុំព្រៃថាមពលស្អាត សហគមន៍ទេសចរណ៍ធម្មជាតិ និងគម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជាជាដើម។
លទ្ធផលសំខាន់មួយទៀត គឺខ្ញុំបានចូលរួមជាវិភាគទានយ៉ាងសំខាន់ក្នុងការជួយជាថវិកាបទពិសោធន៍ និងជំនាញបច្ចេកទេសក្នុងការរៀបចំតំបន់អភិរក្សសត្វព្រៃ តំបន់ការពារធម្មជាតិ និងគោលនយោបាយសំខាន់ៗ និងផែនការយុទ្ធសាស្ត្រជាច្រើនសម្រាប់ការគ្រប់គ្រងតំបន់មានដូចជា តំបន់អភិរក្សផ្សោតទនេ្លមេគង្គ តំបន់អភិរក្សសត្វក្តាន់តំបន់អភិរក្សសត្វស្លាបពងកូន តំបន់ដីសើម តំបន់ការពារធម្មជាតិ និងតំបន់របៀងសត្វព្រៃសំខាន់ៗ នៅភាគឦសាននៃប្រទេសកម្ពុជា។
ក្នុងរយៈពេលជាង ២៥ ឆ្នាំកន្លងទៅនេះ សមិទ្ធផលសំខាន់ៗដែលលេចធ្លោជាផ្លែផ្កាចេញពីកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូនានាផងដែរ។ ខ្ញុំបានចូលរួមបង្កើត ដឹកនាំ និងរៀបចំទិវាជាតិ និងយុទ្ធនាការសំខាន់ៗ ជាច្រើនផងដែរដូចជា៖ ទិវាសត្វផ្សោតទន្លេ សត្វខ្លាធំ សត្វដំរី ជីវចម្រុះ អនាម័យបរិស្ថាន ដីសើម ទិវា ១ ម៉ោងសម្រាប់ភពផែនដី និងយុទ្ធនាការអន្ទាក់សូន្យ ជាដើម។
ការចូលរួមដ៏សកម្មរបស់ខ្ញុំនេះដែរធ្វើឱ្យចំនួនសត្វផ្សោតទន្លេលើកទី១ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយបានកើនឡើងប្រហែល ១៥% ពី ៨០ ក្បាល (២០១៥) ដល់ ៩២ (២០១៧) ចំនួនសត្វក្តាន់កើនពី ៥០ ក្បាល (២០០៦) ដល់ ៨៦ ក្បាល (២០២២) និងប្រភេទជាច្រើនទៀតមានការកើន-ឡើងចំនួនដូចជាសត្វរំពេទន្លេ ត្រយងយក្ស ត្រយងចង្កំកស ត្មាត ត្រដក់ ទោច និងក្រពើភ្នំ...។
ក្នុងចំណោមកិច្ចការទាំងនេះតើមូលហេតុអ្វីដែល WWF ចាប់អារម្មណ៍អភិរក្សលើសត្វផ្សោត?
មូលហេតុចម្បងមាន ៣ សំខាន់ៗ៖ ទី១. សត្វផ្សោតគឺជាប្រភេទសត្វដែលជិតផុតពូជក្នុងលោកកំណត់ដោយបញ្ជីក្រហមរបស់អង្គការ IUCN ហើយអង្គការ WWF បានកំណត់ថា ជាប្រភេទសត្វអា-ទិភាពខ្ពស់សម្រាប់ការអភិរក្ស។ ទី២.អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់ថា សត្វផ្សោតទនេ្លជារតនសម្បត្តិជាតិមានជីវិត។ ចំពោះខ្ញុំការពារសត្វប្រភេទនេះ គឺជាមោទនភាពជាតិមួយ។ ចំណែកចំណុចទី៣ គឺសត្វផ្សោតជាប្រភេទសត្វដែលទាក់ទាញ និងគួរឱ្យស្រឡាញ់ និងជាសត្វសុចនាករដែលអាចបញ្ជាក់ថា ទីកន្លែងដែលមានសត្វផ្សោតរស់នៅ ប្រព័ន្ធអេកូឡូស៊ី និងទនេ្លនៅទីនោះមានសុខភាពល្អ សម្បូរត្រី និងធនធានវារីសាស្ត្រជាច្រើនទៀត។ ចំពោះខ្ញុំ ការការពារសត្វប្រភេទនេះគឺអាចជួយបង្កើតការងារជួយបង្កើនសេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិ។
តើផ្សោតទឹកសាបមានសារៈ\សំខាន់អ្វីខ្លះសម្រាប់កម្ពុជា ហើយបច្ចុប្បន្នមានប៉ុន្មានប្រទេសដែលមានសត្វផ្សោតទឹកសាបរស់នៅ?
ផ្សោតទន្លេមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាព្រោះវាជាសត្វដែលជិតផុតពូជក្នុងលោក។ ជាមោទនភាពណាស់ដែលប្រទេសកម្ពុជា យើងនៅមានថនិកសត្វដ៏កម្រនេះរស់នៅ។ ថនិកសត្វប្រភេទនេះបាននិងកំពុងធ្វើឱ្យកម្ពុជាកាន់តែល្បីឈ្មោះនៅក្នុង
ពិភពលោកបន្ថែមពីលើសម្បត្តិវប្បធម៌រូបី និងសម្បត្តិវប្បធម៌អរូបីជាច្រើនដែលបានក្លាយជាបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិ។ ជាងនេះទៀតប្រភេទសត្វកម្រដូចសត្វផ្សោតទនេ្លនេះអាចបង្កើតការងារ និងបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិផងដែរ។ តំបន់អាស៊ីភាគអាគ្នេយ៍ប្រភេទសត្វផ្សោតដូចគ្នានឹងផ្សោតទន្លេយើងនេះគឺមាននៅតែក្នុងប្រទេស ៣ ប៉ុណ្ណោះគឺ កម្ពុជា មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។
តាមការធ្វើជំរឿនក្នុងឆ្នាំ ២០២០ ចំនួនផ្សោតទន្លេមានប្រហែល ៨៩ ក្បាល។ រដ្ឋបាលជលផល និងអង្គការ WWF គ្រោងនឹងចេញរបាយការណ៍ជំរឿនសត្វផ្សោតសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។
តើលោកមានជួបផលលំបាក អ្វីខ្លះ ចំពោះការងារអភិរក្សសត្វផ្សោតហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើអង្គការមានគម្រោងអ្វីខ្លះក្នុងការចូលរួមអភិរក្ស?
បញ្ហាប្រឈមចំពោះសត្វផ្សោត គឺការនេសាទដោយការប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់សត្វផ្សោតរស់នៅដូចជា មង និងការឆក់ជាដើម។ ទោះបីជាមានការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេសាទជាប្រចាំក៏ដោយ ក៏ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់អាចនៅជាកត្តាគំរាមកំហែងដល់ផ្សោតទន្លេដែរ។ អង្គការ WWF នឹងនៅបន្តការគាំទ្រដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់តាមរយៈការជួយបណ្តុះបណ្តាលជំនាញ ការផ្តល់ថវិកាសម្ភារ និងការសាងសង់ប៉ុស្តតាមតំបន់យុទ្ធសាស្ត្រសម្រាប់ឆ្មាំប្រើប្រាស់ក្នុងការងារល្បាត
និងការងារគ្រប់គ្រងសត្វផ្សោត។ គម្រោងដែលអនុវត្តដោយ WWF នឹងជួយចូលរួមដោះស្រាយសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍ដែលរស់នៅក្នុងតំបន់សត្វផ្សោតបន្តការជួយតាមដាន និងសិក្សាស្រាវជ្រាវពីសត្វផ្សោត និងបន្តអប់រំផ្សព្វផ្សាយពីសារៈសំខាន់ និងផល-ប្រយោជន៍របស់សត្វផ្សោតទនេ្ល។ ជាមួយគ្នានេះដែរ WWF ក៏កំពុងរៀបចំគម្រោងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជ្រាដូន ឧប-ករណ៍ចាប់សំឡេង និងឧបករណ៍បញ្ចេញសំឡេងជាដើមសម្រាប់ការអនុវត្តច្បាប់ និងការគ្រប់គ្រងផ្សោតឱ្យមានប្រសិទ្ធភាពខ្ពស់។
ចំណេះដឹងពលរដ្ឋ ជាពិសេសអ្នករស់នៅតាមសហគមន៍ ឬមូលដ្ឋានមានការប្រែប្រួលដែរទេក្នុងការចូលរួមការពារផ្សោត?
នៅមិនទាន់មានការសិក្សាជាលក្ខណៈបែបវិទ្យាសាស្ត្រត្រឹមត្រូវនៅឡើយទេទាក់ទងនឹងការផ្លាស់ប្តូរឥរិយាបថ និងចំណេះដឹងរបស់ប្រជាពលរដ្ឋលើការចូលរួមការពារសត្វផ្សោត ប៉ុន្តែបើតាមការអង្កេតជាក់ស្តែងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផ្សោតរស់នៅ មានការចូលរួមយ៉ាងសកម្មក្នុងការតាមដាន និងការរាយការណ៍ពីបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់ផ្សោតរស់នៅ រាយការណ៍ពីកូនផ្សោតកើតថ្មី ផ្សោតស្លាប់និងផ្សោតដែលចល័តចេញពីដែនជម្រករបស់វាជាដើមជូនមន្ត្រីមានសមត្ថកិច្ច។ ខ្ញុំយល់ថា សកម្មភាពទាំងនេះរបស់ប្រជាពលរដ្ឋយើងគឺជាសកម្មភាពវិជ្ជមាន និងបានបង្ហាញថា ពួកគាត់កំពុងយកចិត្តទុកដាក់ ចូលរួមថែរក្សា និងការពារសត្វដ៏កម្ររបស់យើង។
ជាការកត់សម្គាល់សម្រាប់លោក តើរដ្ឋាភិបាលបានធ្វើអ្វីខ្លះក្នុងការអភិរក្សសត្វផ្សោតនេះ?
រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សសត្វផ្សោតទន្លេតាមរយៈការបង្កើតជាតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ បង្កើតគណៈកម្មាធិការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បង្កើតយុទ្ធសាស្ត្រអភិរក្សសត្វផ្សោត ជ្រើសរើស និងបណ្តុះបណ្តាលឆ្មាំទន្លេចំនួន ៧២ នាក់ ដើម្បីការពារសត្វផ្សោត។
ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងបងប្អូនឆ្មាំទន្លេទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF កម្ពុជាលើការគ្រប់គ្រងសត្វផ្សោតទន្លេដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ៕