ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានសេវាសង្គមនានាដោយឥតគិតថ្លៃ ខណៈដែលក្រសួងបានចុះជំរុញការងារនេះក្នុងខេត្តចំនួន ៣ ហើយ។
ក្រសួងសង្គមកិច្ច បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែតុលា ថា នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច បានដឹកនាំក្រុមការងារថ្នាក់ជាតិអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដោយបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។
តាមរយៈការសហការនេះគ្រប់ភាគី ដែលចូលរួមបានចុះជំរុញការងារអត្តសញ្ញាណកម្មពិការភាពក្នុងគោលបំណងជួយសម្របសម្រួលបច្ចេកទេសនិងពង្រឹងគុណភាពដល់គ្រូបង្គោលថ្នាក់រាជធានីខេត្ត និងជនបង្គោល ឃុំ/សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់ជនមានពិការភាពនៅតាមបណ្តាឃុំ/សង្កាត់នានា។
ក្រសួងសង្គមកិច្ចបញ្ជាក់ថា៖ «ការកំណត់អត្តសញ្ញាណកម្មពិការភាពនឹងជួយឱ្យប្រទេសកម្ពុជាមានប្រព័ន្ធទិន្នន័យជនមានពិការភាព ដែលមានលក្ខណៈស្តង់ដារួមមួយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាពឱ្យទទួលបានការលើកកម្ពស់សេវាគាំពារ ការអភិវឌ្ឍដល់ជនមានពិការភាព និងសេវាសង្គមនានាប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល»។
ក្រសួងបន្ថែមថា ក្រៅពីនេះ ការកំណត់អត្តសញ្ញាណកម្មនេះ វាក៏បានផ្តល់អត្ថប្រយោជន៍សម្រាប់ជនមានពិការភាពតាមរយៈបណ្ណសម្គាល់ស្ដីពីពិការភាពរបស់ពួកគាត់ផងដែរ។
លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានឱ្យដឹងកន្លងមកថា ការអនុវត្តការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ បានជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះដែរដូចជា ការយល់ដឹងប្រភេទពិការភាពរបស់មន្ត្រីទទួលបន្ទុកកម្មវិធីនៅតាមឃុំ/សង្កាត់ គ្រួសារ និងសហគមន៍ នៅមានកម្រិត។លោកបន្ថែមថា ក្រៅពីនេះ ការផ្សព្វផ្សាយស្តីពីការធ្វើអត្តសញ្ញាណកម្មពិការភាពដល់ប្រជាពលរដ្ឋទូទៅក៏នៅតែមិនទាន់មានភាពទូលំទូលាយផងដែរ។
លោក សាន់ រតនា ថ្លែងថា៖ «ដូច្នេះការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព គឺមានសារៈសំខាន់ណាស់ ចំពោះជនមានពិការភាព ព្រោះវាជាបណ្ណសម្គាល់ខ្លួនសម្រាប់ជនមានពិការភាព ក្នុងស្វែងរកសេវាគាំពារផ្សេងៗពីវិស័យរដ្ឋ និងវិស័យឯកជន»។
ដោយឡែក លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ថា ការងារកំណត់អត្តសញ្ញាណកម្មជនមានពិការភាព គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកញ្ចប់ជំនួយសង្គម សេវាសុខភាព សេវាអប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ និងកិច្ចអន្តរាគមន៍នានាជាច្រើនទៀតដោយមិនគិតថ្លៃផងដែរ។
លោកស្រីបន្តថា កន្លងមកឃើញថា ការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ ត្រូវបានក្រសួងផ្សព្វផ្សាយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីឱ្យជនមានពិការភាពទៅចុះអត្តសញ្ញាណនៅតាមឃុំ/សង្កាត់។
លោកស្រីបញ្ជាក់ថា៖ «ការងារកំណត់អត្តសញ្ញាណកម្មនេះ មានបញ្ហាប្រឈមខ្លះដែរ ដោយសារក្រុមគ្រួសាររបស់ជនពិការនៅខេត្ត ច្រើនតែយល់ថា ជនមានពិការភាពមិនចាំបាច់មានការគាំទ្រអីផ្សេងៗនោះទេ ព្រោះគាត់នៅតែក្នុងផ្ទះហ្នឹង អ៊ីចឹងគាត់អត់ដឹងពីអត្ថប្រយោជន៍នៃការកំណត់អត្តសញ្ញាណកម្មហ្នឹងទេ»។
លោកស្រីបន្ថែមថា បច្ចុប្បន្នទោះបីជាការងារនេះ មានឧបសគ្គប៉ុន្តែថ្ងៃក្រោយនៅពេលជនមានពិការភាពទទួលបានបណ្ណនេះហើយ ជនមានពិការភាព អាចនឹងយកបណ្ណនេះ ទៅប្រើប្រាស់ដើម្បីឆ្លើយតបនូវអ្វីដែលក្រសួងបានផ្ដល់ជូនពួកគាត់។
យោងតាមលោក សាន់ រតនា ការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ បានចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២០ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២២ បានធ្វើអត្តសញ្ញាណកម្មជនមានពិការភាពបានចំនួនសរុប ២៥៦ ៦៥៦នាក់ ក្នុងនោះស្រីចំនួន ១២១ ១៩៥ នាក់ និងប្រុសចំនួន ១៣៥ ៤៦១ នាក់៕