ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវ ក៏ដូចជាណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន។
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពី ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍» ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរនេះ ចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផងដែរ។
យោងតាមហ្វេសប៊ុកក្រសួងប្រៃសណីយ៍ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា សិក្ខាសាលានេះជាការផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យមន្ត្រីពាក់ព័ន្ធ បង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥។
លោកបន្តថា ការចូលរួមទប់ស្កាត់ការចរាចរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាលផងដែរ។
លោកថ្លែងថា៖ «សិក្ខាកាមដែលបានចូលរួមនាពេលនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរឹតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ផងដែរ»។
ដោយឡែក យោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃដដែល លោក ថោង សុគន្ធា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងដែរថា អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍។ លោក ថោង សុគន្ធា ថ្លែងដូចនេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៦(២០២៤-២០២៨)។
លោកថា៖ «មិនត្រឹមតែអ្នកប្រើគ្រឿងញៀនដោយចាក់ប៉ុណ្ណោះទេ គឺអ្នកប្រើគ្រឿងញៀនតាមប្រភេទផ្សេងទៀតនៅតែជាក្រុមប្រឈមមុខខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍ រោគថ្លើម និងរោគឆ្លងដទៃទៀត»។
ក្នុងឱកាសនោះដែរ លោកក៏បានស្នើឱ្យសមាជិកអង្គប្រជុំបន្តយកចិត្តទុកដាក់ចាត់ទុកអ្នកប្រើគ្រឿងញៀនជាក្រុមគោលដៅប្រឈមខ្ពស់ដែលត្រូវផ្តល់កិច្ចអន្តរាគមន៍ឱ្យបានសមស្របចៀសវាងនូវផលប៉ះពាល់ដល់សុខុមាលភាព ជីវភាពបុគ្គល និងក្រុមគ្រួសារ។
សូមបញ្ជាក់ផងដែរថា លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាសប្តាហ៍មុន បានចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេស៕