
កីឡាប្រដាល់គុនខ្មែរដែលនឹងទៅចូលរួមប្រកួតប្រដាល់គុនខ្មែរ ជាមួយស្ថាប័ន Best of the Best នៅលើទឹកដីប្រទេសអូស្រ្តាលី។ រូបថត សហការី
ភ្នំពេញៈស្ថាតទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានឯកភាព ក្នុងការផ្តល់ទិដ្ឋាការ (Visa) ជាផ្លូវការទៅដល់កីឡាករ និងគ្រូបង្វឹកប្រដាល់គុនខ្មែរចំនួន ៩ នាក់ រួមទាំងក្រុមការងារបច្ចេកទេសរបស់ Kun Khmer Super Fight ចំនួន ១៧ នាក់ ទៀត ដើម្បីទៅសហការរៀបចំការប្រកួតប្រដាល់គុនខ្មែរ ជាមួយស្ថាប័ន Best of the Best នៅលើទឹកដីប្រទេសអូស្រ្តាលី ជាលើកដំបូង។
សម្រាប់ការនាំយកក្រុមប្រដាល់គុនខ្មែរទៅប្រកួត និងរៀបចំការប្រកួត នៅអូស្រ្តាលី នៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខនេះ គឺក្រុម Kun Khmer Super Fight ទើបតែទទួលបាន Visa ពីស្ថានទូតអូស្រ្តាលី កាលពីថ្ងៃទី ១៨ ខែតុលា ហើយការឯកភាពនេះ បានក្លាយជាការបើកផ្លូវមួយយ៉ាងសំខាន់ ដើម្បីឱ្យក្រុមប្រដាល់គុនខ្មែរ អាចបង្ហាញវត្តមាន នៅលើទឹកដីនៃទ្វីបអូសេអានីមួយនេះ ជាលើកដំបូង។
លោក នូ ពៅ ក្រុមការងាររបស់ Kun Khmer Super Fight បានប្រាប់កាលពីថ្ងៃទី១៩ ខែតុលាថា កីឡាករ ពេជ្រ សម្បត្តិ, ពេជ្រ ប៊ុនសិទ្ធ, លន បញ្ញា, អេ អាំម៉ារីនភូថង, គឿម សុវណ្ណឃីម ដែលត្រូវចេញទៅប្រកួតនេះ រួមទាំងលោកគ្រូ អេ ភូថង លោកគ្រូ ពេជ្រ សុផាន់,លោក Thiago និងក្រុមការងារបច្ចេកទេសមួយចំនួនទៀត សុទ្ធតែទើបទទួលបាន Visa ពីស្ថាតទូតអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែតុលា ដូចគ្នា ហើយយើងបានកក់សំបុត្រយន្តហោះ ចេញទៅប្រទេសអូស្រ្តាលីរួចហើយ គឺនៅថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។
សម្រាប់ការប្រកួតគុនខ្មែរ លើទឹកដីអូស្រ្តាលី នាថ្ងៃទី៥ ខែវិច្ឆិកា ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង Kun Khmer Super Fight និងស្ថាប័ន Best of the Best មានមូលដ្ឋាននៅអូស្រ្តាលីនេះ នឹងត្រូវនៅវិមាន MALVERN TOWN HAL នាទីក្រុងមែលប៊ន ហើយសំបុត្រចំនួន៥០០សន្លឹក នឹងត្រូវបានលក់ សម្រាប់អ្នកដែលចង់ចូលរួមទស្សនាផ្ទាល់ ដោយការប្រកួតមានចំនួន៧គូ។
នៅក្នុងចំណោមការប្រកួតទាំង៧គូនេះ គឺកីឡាករកម្ពុជា៣នាក់ រួមមាន ពេជ្រ សម្បត្តិ, លន បញ្ញា និង អេ អាំម៉ារីនភូថង សុទ្ធតែត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ ដោយក្នុងនោះ អ្នកលេងជង្គង់ពិឃាត អេ អាំម៉ារីន ភូថង ត្រូវប៉ះអ្នកប្រយុទ្ធរបស់អូស្រ្តាលី Clinton Corke ដែលជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise ក្នុងទម្ងន់៦៦គីឡូក្រាម រីឯ លន បញ្ញា ត្រូវដណ្តើមខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាម ជាមួយអ្នកលេងរន្ទះជើងឆ្វេង Cian Lougheed របស់ម្ចាស់ផ្ទះអូស្រ្តាលីដូចគ្នា។
ចំណែកក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម ជាមួយអ្នកប្រយុទ្ធរបស់ថៃ Tum Kitti Patkam។ ដោយឡែក ពេជ្រ ប៊ុនសិទ្ធ និង គឿម សុវណ្ណឃីម ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះអូស្រ្តាលីដូចគ្នា ដោយក្នុង ប៊ុនសិទ្ធ ត្រូវប៉ះ Moo Do ក្នុងទម្ងន់៥៥,៥គីឡូក្រាម ហើយ សុវណ្ណឃីម ត្រូវតទល់ជាមួយ Fahed Hardar ក្នុងទម្ងន់៥៥គីឡូក្រាម។
ជាមួយការប្រកួតគុនខ្មែរ នៅលើទឹកដីអូស្រ្តាលី ជាលើកដំបូងនេះ ត្រូវបានលោក នូ ពៅ អះអាងថា ជាការចាប់ផ្តើមផ្សព្វផ្សាយគុនខ្មែរមួយយ៉ាងសំខាន់ ហើយបើសិនជាការប្រកួតលើកនេះទទួលបានជោគជ័យ នោះក្រុមការងាររបស់ Kun Khmer Super Fight នឹងពង្រីកការប្រកួតឱ្យកាន់តែធំ ទៅកាន់ទីក្រុងធំៗ របស់ប្រទេសអ្នកមានមួយនេះ ជាបន្តបន្ទាប់ទៀត។
លោក នូ ពៅ បានបញ្ជាក់ថា៖ «ការប្រកួតនេះជាព្រឹត្តិការណ៍ធំមួយដែរ សម្រាប់គុនខ្មែររបស់យើង ដែលត្រូវប្រកួតជាមួយកីឡាករអូស្រ្តាលី និងកីឡាករថៃ១រូប ហើយនេះជាជំហានថ្មីមួយ សម្រាប់ការរៀបចំ នៅលើទឹកដីអូស្រ្តាលី។ បើជំហានថ្មីនេះទទួលបានជោគជ័យ គឺយើងនឹងមានការរៀបចំកម្មវិធីប្រកួតជាបន្តបន្ទាប់ទៀត នៅទីក្រុងស៊ីដនី»។
ជាមួយគ្នានេះ ម្ចាស់ឧបត្ថម្ភធំ GanzBerg ក៏នឹងមានការផ្តល់រង្វាន់ឡានដ៏ថ្មីសន្លាង ដល់កីឡាករកម្ពុជា ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ទាំង៣គូ នៅប្រទេសអូស្រ្តាលីនេះផងដែរ បើសិនជាអ្នកណាម្នាក់ ក្នុងចំណោមគូទាំង៣នេះ បានក្លាយជា Fighter of the Night ចំណែកលក្ខខណ្ឌ ដើម្បីក្លាយជា Fighter of the Night នេះ គឺគណៈកម្មការរៀបចំ នឹងប្រកាស នៅពេលក្រុមប្រដាល់គុនខ្មែរបានធ្វើដំណើរ ទៅដល់ប្រទេសអូស្រ្តាលី៕