ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលលោក លាង ឬទ្ធា បានឱ្យដឹងថា គិតពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ រកឃើញករណីជំងឺគ្រុនឈាមជាង ២ ម៉ឺនករណី ខណៈដែលចំនួនករណីទាំងនេះស្ថិតក្រោមការគ្រប់គ្រងបាន ក៏ប៉ុន្តែលោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការរក្សាអនាម័យជុំវិញលំនៅឋានរបស់ខ្លួន។
លោក លាង ឬទ្ធា បានថ្លែងប្រាប់ឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៩ ខែតុលានេះ គឺក្រសួងបានរកឃើញករណីគ្រុនឈាមសរុបចំនួន ២៣០០០ ករណី ដែលក្នុងនោះមានករណីស្លាប់មួយចំនួន តែវាមិនច្រើននោះទេ ខណៈដែលការរកឃើញចំនួនជំងឺគ្រុនឈាមឥឡូវនេះ ក៏មានការថយចុះផងដែរ។
លោកបានឱ្យដឹងថា ករណីជំងឺគ្រុនឈាម ដែលរកឃើញមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល សៀមរាប និងខេត្តបន្ទាយមានជ័យ ខណៈដែលស្ថានភាពបច្ចុប្បន្ននេះ ការរកឃើញករណីជំងឺគ្រុនឈាមបានថយចុះ ដោយសារតែមានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ និងពង្រឹងវិធានការទៅដល់ខេត្តទាំងអស់។ យ៉ាងណាមិញលោកថា ជំងឺគ្រុនឈាមដែលរកឃើញជាង ២ ម៉ឺនករណីនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នា គឺមានការកើនឡើងចំនួនពីរដង។
លោកថា៖«ដូច្នេះទោះបីឆ្នាំនេះ ករណីជំងឺគ្រុនឈាមមានការកើនឡើងក៏ដោយ ប៉ុន្តែស្ថានភាពនេះស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយវាមិនមានអ្វីធ្វើឱ្យជាការគួរព្រួយបារម្ភហួសពីសមត្ថភាព ក៏ដូចជាការឆ្លើយតប និងការទទួលខុសត្រូវរបស់ក្រសួងនោះទេ»។
លោកបានបញ្ជាក់ថា៖ «ស្ថានភាពនៅពេលនេះ គឺស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែយើងនូវតែបន្តអំពាវនាវឱ្យប្រជាជនត្រូវរស់នៅរក្សាអនាម័យ បរិស្ថាននៅជុំវិញផ្ទះហ្នឹង។ ហើយប្រសិនជាមាននរណាម្នាក់ ក្មេងក៏ដោយ ចាស់ក៏ដោយ ដែលក្ដៅខ្លួន សង្ស័យថាកើតជំងឺគ្រុនឈាមនោះ ដាច់ខាតត្រូវតែយកមកមន្ទីរពេទ្យឱ្យបានលឿនបំផុត»។
ក្រៅពីនេះ លោកសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា ចាប់ពីគ្រួសារ សហគមន៍ គឺបន្តរស់នៅអនាម័យជុំវិញផ្ទះ និងលាងសម្អាតពាងទឹកឱ្យបានពីរឬមួយដងក្នុងមួយសប្តាហ៍ សំរាមសម្បកកំប៉ុង ត្រឡោកដូង និងរបស់របរដែលអាចដក់ទឹកជាដើម គឺត្រូវផ្កាប់វា កុំឱ្យមានទឹកដក់ ដែលអាចកើតទៅជាដង្កូវទឹក។ ហើយក្នុងករណីដែលមានភ្នាក់ងារមន្ត្រីសុខាភិបាលចុះទៅ ត្រូវឱ្យពួកគាត់ដាក់ថ្នាំអាប៊ែត និងបាញ់ថ្នាំផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕