ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំសកលលើកទី១ ស្តីពី «សម្ព័ន្ធភាពរដ្ឋផ្តល់អាហារតាមសាលារៀន» នៅប្រទេសបារាំង ដោយផ្តោតទៅលើការផ្តល់អាហារតាមសាលារៀនប្រកបដោយនិរន្តរភាព។
បើតាមក្រសួងអប់រំ យុវជន និងកីឡា កិច្ចប្រជុំនេះ ផ្ដោតលើការវិនិយោគលើមនុស្សជំនាន់ក្រោយ «ធនធានមនុស្ស ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់អាហារតាមសាលារៀន» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ នាទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំនេះ ក្រោមការរៀបចំដោយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ហើយលោកបានចាត់តំណាងរបស់ខ្លួន គឺលោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប និងការបរទេស ដើម្បីចូលរួមក្នុងកម្មវិធីនេះ។
គួររំឭកបន្តិចថា ការបង្កើតសម្ព័ន្ធភាពនៃអាហារតាមសាលារៀននេះ ត្រូវបានកើតចេញពីការជជែកដេញដោលកម្រិតខ្ពស់ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស និងនាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក។
លោកស្រីរដ្ឋលេខាធិការតំណាងលោកប្រធានាធិបតីសាធារណរដ្ឋបារាំង បានសង្កត់ធ្ងន់ទៅលើសារៈប្រយោជន៍នៃកម្មវិធីអាហារតាមសាលារៀន ដែលនោះមិនត្រឹមតែផ្តល់ដល់កុមារនូវឱកាសទទួលបានការសិក្សារៀនសូត្រនោះទេ តែវាបានផ្តល់ជាគុណប្រយោជន៍ជាច្រើនដូចជា សុខភាព និងអាហារូបត្ថម្ភ បរិវត្តកម្មប្រព័ន្ធស្បៀងអាហារ សកម្មភាពបរិស្ថាន ការពង្រឹងសន្តិភាព សមធម៌ និងសមភាព និងកំណើនសេដ្ឋកិច្ច។
លោកស្រីក៏បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដូចជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសនានាក្នុងការពង្រីក និងវិនិយោគក្នុងកម្មវិធីអាហារតាមសាលារៀន ដោយផ្តល់ឱកាសដល់កុមារគ្រប់រូបនៅជុំវិញពិភពលោកទទួលបាននូវកម្មវិធីនេះ។
បង្ហាញភាពជាអ្នកដឹកនាំនៃស្ថាប័នក្នុងតំបន់ និងបង្ហាញពីចក្ខុវិស័យក្នុងតំបន់ និងការប្តេជ្ញាចិត្តជាក់ស្តែងកម្រិតជាតិ ដែលកើតចេញពីកិច្ចប្រជុំថ្នាក់តំបន់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣។ ជួយសម្រួលដល់ការប្រកាសរបស់ដៃគូ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតាទាក់ទងនឹងកម្មវិធីអាហារតាមសាលារៀន សកម្មភាពអាកាសធាតុ និងការអប់រំ។ បង្ហាញកម្មវិធីនយោបាយច្បាស់លាស់ សំដៅលើកកម្ពស់គុណភាពកម្មវិធី និង ដាក់កម្មវិធីអាហារតាមសាលាក្នុងរបៀបវារៈជាសកល ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដែលកំពុងជួបប្រទះ និងការផ្លាស់ប្តូរគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ដែលរួមមានសន្តិភាព សាមគ្គីភាពសង្គម និងស្ថិរភាពសកល។
ក្នុងឱកាសនេះលោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង និងសាធារណរដ្ឋហ្វាំងឡង់ ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង។
លោកថ្លែងថា ការប្រារព្ធវេទិកាសកលនេះ ជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរួមគ្នា របស់ថ្នាក់ដឹកនាំពីបណ្ដាប្រទេស ៩០ និងដៃគូអភិវឌ្ឍន៍ ៩៨ ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ភ្នាក់ងារផ្តល់ជំនួយ អង្គការជាតិ-អន្តរជាតិ និងអ្នកស្រាវជ្រាវ ដើម្បីបង្កើនការផ្តល់អាហារតាមសាលារៀនឡើងវិញ និងការផ្លាស់ប្តូរសេវាអប់រំ ក្នុងសតវត្សរ៍ទី២១។
លោកបានបន្ថែមថា ៖«រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីបង្កើតជាសំណាញ់សុវត្ថិភាពសម្រាប់កុមារមកពីគ្រួសារក្រីក្រ ងាយរងគ្រោះ ដែលកំពុងប្រឈមបញ្ហា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ»។
កម្មវិធីនេះក៏បានផ្តល់អាហារូបត្ថម្ភបន្ថែម និងជួយកុមារបំបាត់ភាពស្រេកឃ្លានក្នុងរយៈពេលខ្លី ដែលអាចឱ្យពួកគេមករៀនបានទាន់ពេលវេលា កាត់បន្ថយអវត្តមាន ចូលរួមសកម្មភាពរៀនសូត្របានល្អ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាផងដែរ។
បន្ថែមពីនោះ ក្រៅពីកម្មវិធីផ្ដល់អាហារតាមសាលារៀន រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក អនុវត្តកម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង ពីឆ្នាំ២០០៤-២០១៩ និងបានពង្រីកកម្មវិធីផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ ពីឆ្នាំ២០១១-២០១៨ ជូនដល់សិស្សរៀនថ្នាក់ទី៤-ទី៦ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។
កម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង និងជាសាច់ប្រាក់នេះ ត្រូវបានផ្ទេរជូនរាជរដ្ឋាភិបាលជាបណ្ដើរៗ ចាប់ពីឆ្នាំ២០១៥ រហូតផ្ទេរបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៩ ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ឆ្នាំ២០១៥-២០២១។
កម្មវិធីនេះ ក៏បានរួមចំណែកដល់ការជំរុញឱ្យកុមារ មកចុះឈ្មោះចូលរៀនប្រកបដោយសមធម៌ ពង្រឹងប្រសិទ្ធភាព និងគុណភាពអប់រំ បង្កើនការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ៕