កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ ដើម្បីលើកទឹកចិត្តដល់កុមារដែលកំពុងប្រឈមនឹងជំងឺនេះ។
ពិធីសំណេះសំណាល សួរសុខទុក្ខ និងអប់រំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ នេះបើតាមកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានជម្រាបជូនកុមារអំពីបច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ ដែលអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា មាន ៨៧% គឺស្ថិតក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។
ជាមួយគ្នានេះ លោកបានកោតសរសើរនិងលើកទឹកចិត្តដល់កុមាររងគ្រោះទាំងអស់ ត្រូវបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បីឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះរហូតដល់មិនអាចចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃបាន។
ចំណែកលោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម បានបង្ហាញជូនក្មួយៗកុមារអំពីអាហារូបត្ថម្ភចំពោះសុខភាព ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលទានអាហារទាំង ៣ក្រុម រួមមាន អាហារថាមពល អាហារសាងសង់ និងអាហារការពារ។
ក្នុងនាមកាកបាទក្រហមកម្ពុជាលោក យូ ឡាណា បានគូសបញ្ជាក់ថា «ក្មួយៗទាំងអស់ជាទំពាំងស្នងឫស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ ជាពិសេសការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។
លោកបន្ថែមថា ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមានការផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា ជាពិសេសបញ្ហាមេរោគអេដស៍ជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម។
បន្ថែមពីនេះ ក្នុងនាមជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិ, កាកបាទក្រហមកម្ពុជា ក៏បានចូលរួមក្នុងការអនុវត្តធម្មនុញ្ញស្តីពីអាកាសធាតុ និងបរិស្ថាន ដែលក្នុងនេះ កាកបាទក្រហមកម្ពុជា បានចូលរួមជំរុញប្រជាពលរដ្ឋ យុវជន ក្នុងការដាំដើមឈើ និងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។ លោក យូ ឡាណា បានមានប្រសាសន៍ថា៖«ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺត្រូវទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្ត យកថង់ដែលអាចប្រើប្រាស់ឡើងវិញ ឬថង់បរិស្ថាន សម្រាប់ទិញទំនិញ ឬវេចខ្ចប់អាហារ ជាដើម»៕