លោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរថា កូរ៉េ នឹងនៅបន្តគាំទ្រលើគម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា សំដៅឈានទៅសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ។
ការបង្ហាញជំហររបស់ភាគីកូរ៉េ បានលើកឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមុខងារសាធារណៈ។ តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការគាំទ្រក្នុងនាមជាដៃគូអភិវឌ្ឍជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗក្នុងនោះក៏មានវិស័យមុខងារសាធារណៈផងដែរ។ នេះបើតាមក្រសួងមុខងារសាធារណៈ។
ថ្លែងក្នុងជំនួបនោះ លោក Park Jung Wook បានបញ្ជាក់ពីជំហរថា៖«សាធារណរដ្ឋកូរ៉េ នៅតែបន្តគាំទ្រកម្ពុជា ដើម្បីចូលរួមជាចំណែក និងបម្រើជាប្រយោជន៍ក្នុងការអនុវត្តនូវបេសកកម្មរបស់ក្រសួង ក៏ដូចជាឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ លើកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានបង្ហាញការស្វាគមន៍ចំពោះការបន្តគាំទ្រ និងកិច្ចសហការនានា របស់ស្ថានទូតកូរ៉េ ពិសេសលើវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងរំឭកពីកិច្ចសហប្រតិបត្តិការកន្លងមក រវាងកម្ពុជាជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ» កាលពីឆ្នាំ២០២១។
កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈ រយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ព្រមទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ (ACCSM និង ACCSM+3)។
គួររំឭកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា វិស័យមុខងារសាធារណៈ គឺជារឿងអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ខណៈលោកជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបតិ្តការ ដើម្បីលើកកម្ពស់វិស័យនេះ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាបន្នជាដើម៕