ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានបន្តដំណើរចេញពីទីក្រុងប៉េកាំងដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៨ ខែតុលា បានឱ្យដឹងថា ប្រតិភូកម្ពុជាដែលធ្វើដំណើរជាមួយលោកនាយករដ្ឋមន្ត្រី មានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមនឹងទេសរដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជនផងដែរ។
សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម»។
ប្រភពដដែលបន្តថា កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួន ២។ ទី១ សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និងទី២ ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។ អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រដែរ។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែតុលាថា ការចូលរួមនៃកិច្ចប្រជុំនេះ បង្ហាញឱ្យឃើញពីភាពសកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆាកអន្តរជាតិ ក្នុងនយោបាយអន្តរជាតិជាច្រើន ដែលមានន័យថា កម្ពុជាចូលរួមរាល់សកម្មភាពធំៗរបស់ពិភពលោកដែលធ្វើឱ្យប្រទេសកម្ពុជាមានមុខលើឆាកអន្តរជាតិច្រើន។
លោកបានថ្លែងថា៖ «នេះជាអ្វីដែលយើងចង់បានឱ្យកម្ពុជាមានតួនាទីកាន់តែច្រើនសម្រាប់កិច្ចការអន្តរជាតិ កិច្ចការតំបន់ទាំងឡាយដែលកំពុងតែកើតមានដ៏ក្តៅគគុកនេះ។ ដូចនេះ ប្រសិនបើយើងមានតួនាទីនេះកាន់តែច្រើន មុខមាត់កម្ពុជាក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើនផងដែរ»។
លោក យង់ ពៅ បានបន្ថែមទៀតថា៖ «ណាមួយកម្ពុជាយើងក៏ធ្លាប់រងគ្រោះនឹងសង្គ្រាមស៊ីវិលដែលត្រូវបានសហគមន៍អន្តរជាតិជួយជ្រោមជ្រែងយើងផងដែរ ដែលនៅពេលនេះយើងក៏ត្រូវជួយជ្រោមជ្រែងនៅក្នុងកិច្ចការអន្តរជាតិវិញ»។
លោកថ្លែងថា ការចូលរួមទាំងអស់នេះ មិនថាតែការចូលរួមកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាកិច្ចប្រជុំអន្តរជាតិសំខាន់ៗផ្សេងទៀត គឺសុទ្ធតែបានទាញប្រយោជន៍ប្រទេសជាតិ ប្រយោជន៍ជាគោលនយោបាយការបរទេស ប្រយោជន៍ជាទំនាក់ទំនងអន្តរជាតិ និងប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ។
លោក យង់ ពៅ ថ្លែងថា៖ «ជាធម្មតាប្រតិភូធំៗកំពូលៗរបស់យើងតែងតែឆ្លៀតជួបអ្នកការទូតទាំងទ្វេភាគី និងពហុភាគី រួមនឹងអ្នកជំនួញធំៗរបស់ពិភពលោកដែរ ដែលទាំងអស់នេះហើយជាអ្វីដែលយើងអាចផ្សព្វផ្សាយពីគុណតម្លៃការវិនិយោគនៅកម្ពុជា ដែលទាំងនេះជាផលចំណេញដែលកម្ពុជានឹងទទួលបាន»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលនេះ វាជាផលប្រយោជន៍មួយសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីតនេះ កាន់តែកើនឡើងមួយកម្រិតថែមទៀត។
លោកថា ចាប់ពីឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០២១-២០២២ បង្ហាញថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ មានការកើនឡើងជាលំដាប់ ដែល ១ ឆ្នាំៗកើនពី ៣០ ទៅ ៤០% ហើយគិតជាទឹកប្រាក់ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត មានប្រហែលជា ២៦ លានដុល្លារ ហើយបើធៀបជាមួយនឹងឆ្នាំ ២០២០ មាន ១៨ លានដុល្លារអាមេរិក។
លោក វណ្ណៈ ថ្លែងថា៖ «ខ្ញុំគិតថា ប្រទេសអារ៉ាប់ ក៏ជាទីផ្សារធំដែរឱ្យតែយើងមានទំនាក់ទំនងល្អ យើងពង្រឹង និងពង្រីកបន្ថែមទីផ្សារថ្មីដើម្បីជំរុញ និងបង្កើនការនាំចេញ ជាពិសេសកសិផលខ្មែរ និងផលិតផលធ្វើដំណើរជាដើម ដែលកន្លងទៅយើងក៏បាននាំចេញផលិតផលទាំងអស់នេះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមនឹងអង្ករផងដែរ»។
នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានចេញដំណើរពីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕