ភ្នំពេញ​: ពិព័រណ៍​រូបថត​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​បរិវេណ​ទីធ្លា​វិទ្យាស្ថាន​បារាំង​កម្ពុជា (IFC) កណ្ដាល​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​បើកសម្ពោធ​ក្រោម​អធិបតីភាព​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ ២០២៣ និង​បន្ដ​រយៈពេល​ ១​ ខែ​។​

​លោក​ ទីណា ​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ណាស់​ដែល​កម្ពុជា​នៅមាន​វត្ដ​មាន​សត្វ​ផ្សោត ខណៈ​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​ផុត​ពូជ​អស់​ទៅហើយ​។ យើង​ចង់ឱ្យមាន​ការស្វែងយល់​អំពី​របៀប​រស់នៅ​របស់​ផ្សោត និង​ភាពផុយស្រួយ​ប៉ុនណា​ក្នុងការ​ថែរក្សា​ពួកវា​»​។​

​សត្វ​ផ្សោត​ទន្លេមេគង្គ​ ឬ​ផ្សោត​ក្បាលត្រឡោក​ជា​សត្វ​ផ្សោត​មួយ​ប្រភេទ​ក្នុងចំណោម​សត្វ​ផ្សោត​ទឹកសាប​តែ​ ៦ ​ប្រភេទ​គត់ នៅក្នុង​ពិភពលោក ហើយ​វា​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។

​យោងតាម​អង្គការ WWF សត្វ​ផ្សោត​ប្រភេទ​នេះ មាន​រស់​នៅតែ​ក្នុង​ប្រព័ន្ធ​ទន្លេ​ចំនួន​ ៣ ប៉ុណ្ណោះ​ក្នុង​ពិភពលោក​រួមមាន​ទន្លេមេគង្គ (​កម្ពុជា​) ទន្លេ​អា​យ៉េ​វ៉ា​ឌី (​មី​យ៉ាន់​ម៉ា​) និង​ទន្លេ​មហា​កាម (​ឥណ្ឌូនេស៊ី​)​។

​របាយការណ៍​នៃ​ការសិក្សា​តាមដាន​សត្វ​ផ្សោត ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ​បានឱ្យដឹងថា សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ចំនួន​សរុប​ប្រមាណ​តែ ៨៩​ ក្បាល​ប៉ុណ្ណោះ​។ ក្នុង​រដូវប្រាំង ចាប់ពី​ខែមករា ដល់​ខែឧសភា នៅពេលដែល​កម្រិត​ទឹកធ្លាក់​ចុះ​សត្វ​ផ្សោត​ប្រមូល​ផ្តុំគ្នា​រស់នៅក្នុង​អន្លង់​ទឹក​ជ្រៅ​ចំនួន ​៨ តាម​ដង​ទន្លេមេគង្គ​លាតសន្ធឹង​ពី​ខេត្តក្រចេះ​ទៅដល់​ព្រំប្រទល់​ប្រទេស​ឡាវ​នៅ​ខេត្តស្ទឹងត្រែង​ក្នុង​ចម្ងាយ ១៨០​ គីឡូម៉ែត្រ​។

ប្រជាជន​កម្ពុជា​មានជំនឿថា ផ្សោត​ទន្លេមេគង្គ​ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​ដែល​ «​ទីណា​មាន​ផ្សោត​ទីនោះ​មាន​ត្រី​»​។ ទន្លេមេគង្គ ជា​មាតា​នៃ​ជីវិត និង​ជា​ជម្រក​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​យ៉ាងណាក្តី​ការអភិរក្ស​សត្វ​ផ្សោត​មិនមែនជា​កិច្ចការ​ងាយស្រួល​ទេ​។ ដោយសារ​ផ្សោត​មិនមែនជា​អម្បូរ​ត្រី លោក ទីណា បានឱ្យដឹងថា វា​ជាថ​និក​សត្វ ដែលជា​ហេតុ​ធ្វើឱ្យ​កិច្ចការ​អភិរក្ស​ជួប​ការលំបាក​។ វា​ជាស​ត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ និង​មាន​សួត​ដូច​មនុស្ស ដែល​ទាមទារ​ឱ្យ​ពួកវា​ងើប​ពី​ផ្ទៃ​ទឹក ដើម្បី​ដកដង្ហើម​។

​លោក​បន្ដថា​៖ «​ផ្សោត​រស់នៅ​ជម្រក​ជាក់លាក់ ដែល​នៅពេល​ទឹក​ឡើង​ហូរហៀរ ផ្សោត ​១ ​ក្បាល​បាន​វង្វេងផ្លូវ​ទៅដល់​ក្អម​សំណ​។ ពេល​បានដឹង​ដំណឹង​នេះ ក្រុមការងារ​យើង​ចេញ​ទូក​ទៅ​កៀង​ពី​ក្អម​សំណ​រហូតមកដល់​អណ្ដូង​វា​វិញ​»​។ ចំណែកឯ​ផ្សោត ​២ ​ក្បាល​ទៀត​ជួប​គ្រោះ​អកុសល​បាន​ស្លាប់​ដោយសារ​ជាប់​មង​ប្រជា​នេសាទ ដែល​លោក​រដ្ឋមន្ដ្រី​ថ្លែងថា វា​ជា​ប្រភេទ​មង​ដាក់​យក​ត្រី​ធំៗ ខណៈ​ ១ ​ក្បាល​ទៀត​ស្លាប់​ដោយសារ​ចាស់ជរា​។

​លោក ទីណា ដែល​យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​ចំពោះ​សុខុមាលភាព​សត្វ​កម្រ​ប្រភេទ​នេះ បាន​ទទូច​សុំឱ្យ​ប្រជា​នេសាទ​កុំ​ប្រើ​មង​ក្រឡា​ធំ ជាពិសេស នៅ​បរិ​វេណ​ហាមឃាត់​នេសាទ ទោះបីជា​ពួក​គេ​មិនមាន​គោលដៅ​ប្រមាញ់​ផ្សោត​យ៉ាងណាក៏ដោយ​។ ដើម្បី​ធានា​វិធាន​ការ​ឱ្យមាន​ប្រសិទ្ធភាព ក្រុម​ឆ្មាំ​ទន្លេ​ចំនួន ៧០ ​នាក់ ត្រូវបាន​ប្ដូរ​វេន​គ្នា ចេញ​ល្បាត ៧ ​ថ្ងៃ​ក្នុង​ ១ ​សប្ដាហ៍ និង​ប្រឈម​សុវត្ថិ​ភាព​នៅ​តំបន់​ចរន្ដទឹក​ហូរ​ខ្លាំង ដែល​បេសកកម្ម​របស់​ពួកគេ​បន្ដ​ប្រមាញ់​មង​នៅក្បែរ​អន្លង់​ផ្សោត​ជា​ហូរហែ​។

​លោក ទីណា និយាយថា​៖ «​ដោយមាន​ការខិតខំ​ប្រឹង​ពី​គ្រប់ភាគី ១​ ឆ្នាំ​ចុង​ក្រោយនេះ យើង​ទទួលបាន​លទ្ធផល​ល្អ​មែនទែន​។ ផ្សោត​បាន​បង្កើតកូន​បាន ៧ ​ក្បាល និង​ស្លាប់ ៤ ​ក្បាល​»​។

​លោក​បាន​ស្នើឱ្យ​ប្រជាជន​ធ្វើ​កិច្ចការ​រួមគ្នា​តាមរយៈ​ការណែនាំ​ទាំង​នៅលើ​ដង​ទន្លេ និង​នៅលើ​គោក ក៏ដូចជា​ការ​​រៀបចំ​ពិព័រណ៍​ស្វែងយល់​អំពី​សត្វ​ផ្សោត​។

​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម បន្ថែមថា​៖ «​សត្វ​ផ្សោត​នៅ​គង់វង្ស​ដល់​សព្វ​ថ្ងៃនេះ ដោយសារតែ​ប្រជាជន​យើង​ជឿថា សត្វ​ផ្សោត​ជាម​នុស្ស​។ ប៉ុន្ដែ​ផ្សោត​ស្លាប់​ជាយថាហេតុ ដោយសារតែ​ប្រជា​នេសាទ​ដាក់មង​ចង់បាន​ត្រី​ធំ​»​។

​លោក ​សេង ទៀក ប្រធាន​អង្គការ WWF កម្ពុជា​បានឱ្យដឹងថា កម្ពុជា​កំពុង​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សត្វ​ផ្សោត​ទាំងនេះ​ដល់​ក្មេងជំនាន់ក្រោយ​។ លោក​បានឱ្យដឹងថា ចំនួន​សត្វ​ផ្សោត​បច្ចុប្បន្ននេះ មាន​ប្រមាណ ៩០​ ក្បាល​។ ក្នុង​ឆ្នាំ​ ២០២២ សត្វ​ផ្សោត​បាន​ស្លាប់​ក្នុង​ចំនួន​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន​ក្នុង​កំណត់ត្រា​រហូតដល់ ១១ ​ក្បាល​។

​លោក​បន្ដថា​៖ «​នៅ​ដើមឆ្នាំ​ ២០២៣ នេះ រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​កសិកម្ម បាន​ចាត់វិធានការ​តឹងរ៉ឹង និង​ជាក់លាក់​តាមរយៈ​ការ​អនុវត្ដ​ច្បាប់ ការ​ល្បាត ២៤​ ម៉ោង លើ ២៤​ ម៉ោង ​ដើម្បី​ទប់​ស្កាត់​ឧបករណ៍​នេសាទ​ខុសច្បាប់​វិធាន​ការអប់រំ ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ អំពី​គុណ​តម្លៃ​របស់​សត្វ​ផ្សោត​»​។

​ក្រៅពី​សត្វ​ផ្សោត ដង​ទន្លេមេគង្គ​ជា​ជម្រក​វា​រី​សត្វ​យក្ស​ជាច្រើន​ទៀត ដូចជា បបែល កន្ធាយ​ក្បាល​កង្កែប ត្រី​រាជ ត្រី​គល់រាំង និង​សត្វ​កម្រៗ​ជាច្រើន​ទៀត​។ បបែល​ទឹកសាប​បាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ហ្គី​ន​ណេ​ស​ពិភពលោក​។

​លោក ​សេង ទៀក ឱ្យដឹងថា ការតាំង​បង្ហាញ​រូបថត​សត្វ​ផ្សោត​ទន្លេ​នាពេលនេះ គឺជា​សក្ខីភាព និង​កិច្ចខិតខំ​ប្រឹង​ប្រែង​ថ្មី​មួយទៀត​ដែល​ក្រសួងកសិកម្ម អង្គការ WWF និង​វិទ្យាស្ថាន​ភាសា​បារាំង បានរួម​គ្នា​ធ្វើ​ក្នុង​បំណង​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បានដឹង​ពី​តម្លៃ​ពី​បញ្ហា​ប្រឈម​នានា​របស់​សត្វ​ផ្សោត និង​ពិសេស ខិតខំ​ប្រឹងប្រែង​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​សត្វ​ផ្សោត​ឱ្យនៅ​គង់វង្ស​។

​លោក​បញ្ជាក់ថា ការតាំងពិព័រណ៍​នេះ អាច​ទាក់ទាញ​មនុស្ស​ចូលរួម​ទស្សនា​ប្រមាណ​ ៥​ ម៉ឺន​នាក់​ក្នុង​រយៈពេល ​៣០​ ថ្ងៃ​។

​លោក ទីណា បញ្ជាក់ថា ការចូលរួម​សំខាន់បំផុត​គឺ​ប្រជា​នេសាទ​ខ្លួនឯង ដែល​មិនគួរ​មើល​ឃើញតែ​អត្ថប្រយោជន៍​រយៈពេល​ខ្លី តែ​ផ្ដោតលើ​ការប្រមូល​ផល​ប្រកបដោយ​ចីរភាព និង​អភិរក្ស​ដល់​សត្វ​កម្រ​ថែមទៀត​។ ផល​នៃ​ការបង្ក្រាប​នេសាទ​ខុសច្បាប់​រួមគ្នា គឺ​ទិន្នផល​ត្រី​ច្រើន ដែល​ផ្ដោតលើ​ទាំង​ប្រជា​នេសាទ និង​អតិថិជន​ទិញ​ក្នុង​តម្លៃថោក​ជាង​មុន​។

​លោក​រដ្ឋមន្ដ្រី​បន្ថែមថា ការតាំងពិព័រណ៍​រូបថត​សត្វ​ផ្សោត​ដែល​អាចមាន​ចំនួន​អ្នកទស្សនា ៥​ ម៉ឺន​នាក់​ក្នុង​រយៈពេល ១ ​ខែ​នេះ ពួកគេ​នឹង​បានឃើញ បាន​យល់ និង​បានដឹង​អំពី​ការលំបាក ការ​ប្រឈម និង​អ្វីដែល​ត្រូវធ្វើ​ត​ទៅមុខទៀត ដើម្បី​ថែរក្សា​សត្វ​កម្រ​នេះ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

​អ្នកនាង​ មាស សុខ​សោភា ជាតា​រា​ចម្រៀង ជា​ទូត​សុ​ឆន្ទៈ​ក្នុង​កិច្ច​អភិរក្ស​សត្វ​ផ្សោត បានបង្ហាញ​អំពី​អារម្មណ៍​រំភើប​រីករាយ ពេល​បាន​ទស្សនា​វីដេអូ​ចម្រៀង​របស់ខ្លួន ដែល​ផ្ដិត​យក​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​តំបន់​អន្លង់​ផ្សោត​។ «​ខ្ញុំ​បានឃើញ​សត្វ​ផ្សោត​នៅពេល​ថត​វីដេអូ​ចម្រៀង​ប៉ុន្មាន​ថ្ងៃនេះ និង​មាន​ច្រៀង​បទ​​ចម្រៀង «​ផ្សោត​ដួង​ចិ​ត្ដ​» ដែល​បញ្ជាក់ថា សត្វ​ផ្សោ​តរបស់​យើង​នៅមាន​រូបរាង​។ សត្វ​ផ្សោត​ពិតជា​អស្ចារ្យ​មែនទែន ពីព្រោះ​ផ្សោត​ដកដង្ហើម​តាម​សួត និង​ចិញ្ចឹម​កូន​ដោយ​បំបៅ​ដោះ ដូច​មនុស្ស​​ស្រី​យើង​»​។

តារាចម្រៀង ដែល​ទទួល​ការស្នើសុំ​ពី​លោក​រដ្ឋមន្ដ្រី​កសិកម្ម​ធ្វើជា​ទូត​សុ​ឆន្ទៈ​អភិរក្ស​សត្វ​ផ្សោត បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស និង​ទៅ​ទស្សនា​សត្វ​ផ្សោត​ផ្ទាល់​ភ្នែក​ឱ្យបាន​ម្ដង​ក្នុង​ឆាកជីវិត​។

​សម្លឹង​ទៅមុខ​ដោយ​ក្តីសង្ឃឹម លោក​រដ្ឋមន្ត្រី​ ឌិ​ត ទីណា បាន​លើកឡើងថា ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ទៅមុខ​សត្វ​ផ្សោត​នឹង​ត្រូវបាន​ដក​ចេញពី​បញ្ជី​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។​

​ពិព័រណ៍​រូបថត​សត្វ​ផ្សោត​ទន្លេមេគង្គ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៨ ខែតុលា ហើយនឹង​ដំណើរការ​រយៈពេល ៣០ ​ថ្ងៃ​ នៅ​វិទ្យាស្ថាន​បារាំង​កម្ពុជា (IFC)៕