ភ្នំពេញៈ អាស៊ានបានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកលើទីតាំងជំរំជនភៀសខ្លួនក្នុងរដ្ឋកាឈិន (Kachin) នៅប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប្រមាណ ១០ ថ្ងៃមុន ហើយបានបណ្តាលឱ្យជនស៊ីវិលដែលត្រូវបានរាយការណ៍ថាមានចំនួន ២៨ នាក់បានស្លាប់ ដែលក្នុងនោះមានកុមារយ៉ាងតិច ១២ នាក់ផង។
អាស៊ានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ពីថ្ងៃទី ១៧ តុលា ថា៖ «យើងដែលជារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកដែលត្រូវបានរាយការណ៍ថា បានប៉ះពាល់ដល់ជំរំជនភៀសខ្លួនរបស់ប្រទេសនេះនៅតំបន់ MunglaiHkyet រដ្ឋ Kachin កាលពីថ្ងៃទី ៩ ខែតុលា ដែលបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់បានស្លាប់ដែលក្នុងនោះមានកុមារផងដែរ»។
ជាមួយគ្នានេះអាស៊ានបានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា ជាពិសេសអំពើហិង្សាដែលប៉ះពាល់ដល់ជនស៊ីវិល និងអនុវត្តការអត់ធ្មត់ជាអតិបរមាដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាប្រកបដោយបរិយាបន្នក្នុងការឈានឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍ដដែលដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១៨ តុលា បញ្ជាក់ថា៖ «យើងសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយប្រទេសមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះវិបត្តិដែលកំពុងកើតមានតាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ ទ(កុងសង់ស៊ីស) ៥ ចំណុចរបស់អាស៊ាន សម្រាប់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់»។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែតុលាថា៖ «យោធាមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៨ នាក់នៅក្នុងការវាយប្រហារតាមអាកាសលើជំរំជនភៀសខ្លួន ដែលជាការវាយប្រហារមួយអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម។ យ៉ាងហោចណាស់មានកុមារចំនួន ១២ នាក់បានស្លាប់ ហើយមនុស្សចំនួន ៥៧ នាក់ បានរងរបួស»។
របាយការណ៍ដដែលបញ្ជាក់ថា នៅម៉ោងប្រហែល ១១:៣០ នាទី យប់ថ្ងៃទី ៩ ខែតុលា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារលើជំរំជនភៀសខ្លួន MunglaiHkyet នៅក្បែរទីប្រជុំជន Laiza ក្នុងរដ្ឋ Kachin ជិតព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសចិន។
បើតាមរបាយការណ៍ដដែល សាក្សីបានប្រាប់អង្គការលើកលែងទោសអន្តរជាតិថា គ្រាប់បែកដ៏ធំមួយបានផ្ទុះនៅជិតជំរំនេះហើយក្រោយមកក៏មានការបាញ់កាំភ្លើងត្បាល់ចេញពីទីតាំងយោធាមីយ៉ាន់ម៉ានៅក្បែរនោះ។
អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា គ្រួសារជនភៀសខ្លួនប្រមាណ ១៥០ គ្រួសារបានស្នាក់នៅជំរំនេះ ដែលមានទីតាំងស្ថិតនៅក្បែរផ្ទះជនស៊ីវិលផ្សេងទៀតក្នុងភូមិ MunglaiHkyet។ ជំរំនេះមានចម្ងាយជិត ៥ គីឡូម៉ែត្រពីទីប្រជុំជន Laiza ដែលជាទីស្នាក់ការកណ្តាលរបស់«អង្គការប្រដាប់អាវុធឯករាជ្យកាឈិន (KIO/A)» ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍មកហើយ។
បើតាមរបាយការណ៍ដដែល យោធាមីយ៉ាន់ម៉ាបានបដិសេធក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា វាជាការផ្ទុះទីតាំងមួយដែលអង្គការប្រដាប់អាវុធ KIO/A រក្សាទុកអាម៉ូញ៉ូមនីត្រាត។
របាយការណ៍អង្គការលើកលែងទោសអន្តរជាតិលើកឡើងថា ការលើកឡើងរបស់យោធាមីយ៉ាន់ម៉ានោះផ្ទុយគ្នានឹងការលើកឡើងរបស់សាក្សីដែលមានភាពស៊ីចង្វាក់គ្នា ដែលថា ការផ្ទុះនេះគឺជាការចាប់ផ្តើមនៃការវាយប្រហារ។ លើសពីនេះ គ្រាប់បែកនេះបានធ្លាក់នៅទីវាលចំហដ៏ធំមួយដែលមានចរាចរណ៍យានយន្តជាធម្មតាទំនងមិនមែនជាកន្លែងផ្ទុកអាម៉ូញ៉ូមនីត្រាតទេ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៩ តុលាថា លោកក៏សម្ដែងការសោកស្ដាយផងដែរជាមួយថ្នាក់ដឹកនាំអាស៊ានដែលប្រទេសមីយ៉ាន់ម៉ានៅតែបន្តអំពើហិង្សា ជាពិសេសការទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលទៀតនេះ។
លោកបានថ្លែងថា នេះជាសោកនាដកម្មមិនគួរកើតមាននៅក្នុងសម័យទំនើប ជាពិសេសក្នុងតំបន់អាស៊ាន ដែលកំពុងតែផ្ចុងផ្តើមពង្រឹងមជ្ឈភាពអាស៊ាន។
លោកថា៖ «នេះជាបរាជ័យរបស់សហគមន៍អន្តរជាតិនិយាយជារួម និយាយដោយឡែកគឺសហគមន៍អាស៊ានដែលមិនបានទាញប្រទេសភូមាទី ក្រុងរដ្ឋបាលរបស់ណៃពិដោឱ្យមកស្ថិតក្នុងសភាពដើមវិញក៏ដូចជាឱ្យអនុវត្តឱ្យខាងតែបានកុងសង់ស៊ីស៥ចំណុចដែលអាស៊ានបានដាក់ពីឆ្នាំ ២០២១ មក...»។
លោកបានបន្ដថា៖ «ខណៈនេះជាការសង្កេតរបស់ខ្ញុំផ្ទាល់ហាក់ដូចជានៅទ្រឹង ហើយកាន់តែអាក្រក់ទៅទៀតក្នុងខណៈដែលប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាន ប៉ុន្តែហាក់ដូចជាមិនមានវិធានការឬក៏យន្តការណាមួយដែលគួរឱ្យកត់សម្គាល់ទាល់តែសោះសម្រាប់ការវិលត្រឡប់មកប្រក្រតីភាពវិញរបស់មីយ៉ាន់ម៉ានេះ។ អ៊ីចឹងនេះជារឿងគួរឱ្យសោកស្ដាយ និងខាតពេលវេលាសម្រាប់ស្វែងរកសន្តិភាព»៕