ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ចាត់​មន្ត្រី​ជំនាញ​នៅតាម​មូលដ្ឋាន​ឱ្យ​ចុះ​តាមដាន ផ្តល់​ការព្យាបាល និង​អប់រំ​ពលរដ្ឋ​ពី​វិធី​ការពារ​ការឆ្លង​ជំងឺ​ភ្នែក​ក្រ​​ហម​ ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ត​ក្នុង​សហគមន៍ បន្ទាប់ពី​រកឃើញ​ជំងឺ​នេះ​កំពុង​កើត​ថ្មី​នៅតាម​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី ​១៩ ខែតុលា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែតុលា មានការ​រកឃើញ​ករ​ណី​ជំងឺឆ្លង​ភ្នែក​ក្រហម កំពុង​កើត​ថ្មី​គួរឱ្យកត់សម្គាល់​ក្នុង​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្រសួង​បន្តថា ពេលនេះ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​បាន​ចុះ​អង្កេត ឆ្លើយតប តាមដាន ផ្ដល់​ការព្យាបាល និង​អប់រំ​បង្ការ​ការឆ្លង​រាលដាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ត​ក្នុង​សហគមន៍​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​រោគ​សញ្ញា​ជំងឺឆ្លង​ភ្នែក​ក្រហម រួម​មាន នៅ​ផ្នែក​ស​នៃ​ភ្នែក ឡើង​ពណ៌​ផ្កាឈូក ឬ​ពណ៌​ក្រហម ហើម​ត្របកភ្នែក ជាពិសេស​នៅពេល​ព្រឹក​មាន​ហូរ​ទឹកភ្នែក​ច្រើនជាង​មុន រកាំភ្នែក​ដោយ​សារ​មាន​អារម្មណ៍​ថា ​មាន​អ្វី​នៅក្នុង​ភ្នែក​ ឬ​ចង់​ញី​ភ្នែក រមាស់​ភ្នែក រលាក និង​/​ឬ​ក្រហាយ​ភ្នែក មាន​អាចម៍​ភ្នែក ​(​ពណ៌​ខ្ទុះ ឬ​ពណ៌​ទឹកបាយ​)​ ឈឺ​គ្រាប់ភ្នែក​ជាដើម​»​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា ជំងឺភ្នែកក្រហម​នេះ​បណ្តាលមកពី​មូលហេតុ​ធំៗ​ចំនួន ​២ ​គឺ​ការ​បង្កដោយ​វីរុស​និង​ការ​បង្កដោយ​បាក់តេរី​ដែល​ឆ្លង​លឿន​ណាស់​ និង​រាលដាល​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ផ្សេង​ទៀត​។ អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ភ្នែក​ក្រ​ហម​ឬ​ការចម្លង​ទៅ​អ្នកដទៃ ដោយ​អនាម័យ​ល្អ​ពោលគឺ​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជានិច្ច​។​

​ជុំវិញ​រឿងនេះ​អ្នកឯកទេស​ភ្នែក​នៃ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត នៀង ម៉ៅ ជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សុខភាព​ភ្នែក​ឱ្យបាន​ល្អ ខណៈ​ជំងឺភ្នែកក្រហម​កំពុងតែ​រីក​រាលដាល​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​សូម​ផ្តាំ​ទៅ​បងប្អូន​ទាំងអស់​ដែលមាន​បញ្ហា​ភ្នែក​សូម​អញ្ជើញ​មក​ពិ​និត្យនៅ​មន្ទីរពេទ្យ ដែលមាន​ជំនាញ​ច្បាស់លាស់ ហើយ​ជាទូទៅ​បើទោះជា​គ្មាន​បញ្ហា​ភ្នែក​ណាមួយ​ក៏ដោយ សូមឱ្យ​បងប្អូន​គួរ​មក​ត្រួតពិនិត្យ​ភ្នែក​យ៉ាង​តិច ​១ ​ឆ្នាំ​ម្តង ព្រោះ​ភ្នែកមាន​សារៈសំខាន់​សម្រាប់​ការប្រកប​ការងារ​រប​ស់​យើង​»​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ចំពោះ​បុគ្គល​ដែល​មិនទាន់មាន​ជំងឺភ្នែកក្រហម​ថា គឺ​ត្រូវអនុវត្ត​លាងដៃ​ឱ្យបាន​ញឹក​ញាប់​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ​យ៉ាងហោចណាស់ ​២០ វិនាទី​។​ លាងដៃ​របស់​អ្នក​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នកមាន​ជំងឺភ្នែកក្រហម ចៀសវាង​ការ​ប៉ះ​ភ្នែក​របស់​អ្នក​ដោយ​ដៃ​ដែល​មិនបាន​លាង​សម្អាត កុំ​ប្រើ​របស់​របរ​ប្រើប្រាស់​ជាមួយ​អ្នកជំងឺ រក្សា​គម្លាត​ឱ្យបាន​ឆ្ងាយ ដោយ​សារ​ជំងឺភ្នែកក្រហម​បង្កដោយ​វីរុស និង​បាក់តេរី​ឆ្លងតាម​ខ្យល់ តាម​ការ​ក្អក​និង​កណ្តាស់​នៃ​អ្នកមាន​ជំងឺភ្នែកក្រហម​។

​យ៉ាងណាមិញ ក្រសួងសុខាភិបាល​អះអាង​ថា ករណី​ភាគ​ច្រើន​នៃ​ជំងឺឆ្លង​ភ្នែក​ក្រហម គឺ​ស្រាល ហើយ​ជាធម្មតា​ការ​ឆ្លង​នឹង​ជាសះស្បើយ​ក្នុង​រយៈ​ពេល​ពី ​៧ ទៅ​ ១៤​ ថ្ងៃ​ដោយ​មិន​តម្រូវឱ្យមាន​ការព្យាបាល និង​មិនមាន​ផលវិបាក​រយៈពេល​វែង​នោះទេ​។

​ទោះជា​យ៉ាងណា ក្រសួង​បានបញ្ជាក់​បន្ថែមថា ក្នុង​ករណីខ្លះ ការ​រលាក​ភ្នែក​ដោយ​វីរុស​ត្រូវការ​រយៈពេល ​២ ទៅ ៣​ សប្ដាហ៍ ឬ​ច្រើនជាង​នេះ​ដើម្បី​ជា​សះ​ស្បើយ​។​គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ​អង់​ទី​ប្យូ​ទិ​ក ដូចជា ថ្នាំ​បន្តក់​ភ្នែក ឬ​ថ្នាំ​ដាក់​ភ្នែក​។ ការឱ្យ​ថ្នាំ​បន្តក់​ឬ​ថ្នាំ​ដាក់​ភ្នែក ជួយ​បន្ថយ​រយៈពេល​នៃ​ការឆ្លង កាត់បន្ថយ​ផលវិបាក និង​កាត់បន្ថយ​ការរីក​រាលដាល​ដល់​អ្ន​ក​ដទៃ​បាន​។​

​សូម​រំឭកថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ធ្លាប់បាន​ប្រកាស​ពី​ការរកឃើញ​ជំងឺភ្នែកក្រហម​កម្រិត​ស្រាល​ចំនួន​ ៩៣ ​ករណី​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​កន្លងមកនេះ​៕