អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីផលិត និងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែលមានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផលការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។
សេចក្តីប្រកាសព័ត៌មានស្តីពីអនុស្សរណៈនេះ បានឱ្យដឹងថា មាតិកាវីដេអូមួយផ្នែក ដែលគ្រោងនឹងផលិត នឹងផ្តោតលើសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ដែលបានធ្វើឡើងក្នុងអំឡុងពេលសវនាការកាត់សេចក្តី ដែលមានលំនាំតាមកម្មវិធីទូរស្សន៍ «រឿងរបស់ខ្ញុំ» ឬ My Story។ បើតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.វ.ត.ក. មានភារកិច្ចជាចម្បងសម្រាប់ដំណាក់កាលដំបូង ចាប់ពីការរៀបចំបង្កើតខ្លឹមសារសាច់រឿង និងការប្រមូលព័ត៌មាន រហូតដល់ការជ្រើសរើសតួអង្គ និងការសរសេរសាច់រឿង
ខណៈដែល EBC ទទួលខុសត្រូវចំពោះដំណាក់កាលចុងក្រោយ ចាប់ពីការថត និងការកាត់ត រហូតដល់ការចែកចាយ និងការផ្សព្វផ្សាយ។
លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តមុខងារសេសសល់ ហើយវាជាផ្នែកមួយនៃការងារផ្សព្វផ្សាយព័ត៌មានដើម្បីអប់រំសាធារណជន ក៏ដូចជាផ្សព្វផ្សាយអំពីការងារនិងកេរដំណែលរបស់ អ.វ.ត.ក.»។
លោកមានប្រសាសន៍បន្ថែមថា៖ «មាតិកាវីដេអូ ដែលយើងនឹងសហការផលិតជាមួយ EBC នេះ នឹងប្រើប្រាស់ជាឧបករណ៍អប់រំនិងផ្សព្វផ្សាយ ដែលខ្លឹមសាររបស់វីដេអូ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ ដែលរំលេចនូវប្រធានបទជាច្រើនទាក់ទងនឹងការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល ១៦ ឆ្នាំ។ វីដេអូអប់រំទាំងនេះ នឹងក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពអប់រំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការងាររបស់ អ.វ.ត.ក. សម្រាប់យុវជនជំនាន់ក្រោយ»។
លោកបន្ថែមថា ផ្អែកតាមលទ្ធផលរំពឹងទុកពីការអនុវត្តគម្រោងរួមគ្នា លោកមានជំនឿជឿជាក់យ៉ាងមុតមាំថា EBC និង ECCC នឹងជំរុញឱ្យមានសហថាមភាព (Synergy) ក្នុងការផ្ទេរចំណេះដឹង និងជំនាញដែលមានលក្ខណៈពហុវិស័យ រួមទាំងធនធានមនុស្ស និងបទពិសោធន៍អនុវត្តល្អៗរបស់ អ.វ.ត.ក. ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការកសាងសមត្ថភាព និងផ្តល់សេវាសាធារណៈមួយប្រកបដោយគុណភាព តាមរយៈការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលឱ្យមានគុណភាពនិងសមត្ថភាព ប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ មានប្រសាសន៍ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការនិងការអនុវត្តគម្រោងរួមគ្នារវាង EBC និង ECCC។
លោកបន្ថែមថាអនុស្សរណៈនេះនឹងផ្តោតលើការផលិតមាតិកាឌីជីថល ឯកសារវីដេអូ និងការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីនៃអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីជំរុញការយល់ដឹងពីគុណតម្លៃនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ទាំងអ្នកដែលបានបាត់បង់ជីវិតទៅទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ។
លោកមានប្រសាសន៍បន្តថា៖ «ការផលិតមាតិការឌីជីថលនិងកិច្ចការងារផ្សព្វផ្សាយនេះ នឹងជួយឱ្យក្មេងជំនាន់ក្រោយអាចដឹងការពិតទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម»។
គួរជម្រាបថា ក្រោយពីបានបញ្ចប់ដំណើរការកាត់សេចក្តីដោយជោគជ័យកាលពីចុងឆ្នាំ ២០២២ កន្លងមក អ.វ.ត.ក. ត្រូវបានផ្តល់អាណត្តិឱ្យអនុវត្តមុខងារសេសសល់របស់ខ្លួន សម្រាប់រយៈពេល៣ឆ្នាំដំបូងពីឆ្នាំ២០២៣ ដល់២០២៥ ដែលរួមមានមុខងារគតិយុត្តិ និងមិនមែនគតិយុត្តិ ជាពិសេសស ធ្វើការអប់រំ និងការផ្សព្វផ្សាយអំពីបណ្ណសារនៃសំណុំរឿងនិងសមិទ្ធផលការងារសម្រេចបានរបស់អ.វ.ត.ក.៕