តំណាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាការងាររួមគ្នា ដើម្បីជំរុញលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា សំដៅកសាងធនធានមនុស្សឱ្យកាន់តែមានគុណភាពថែមទៀត។
កិច្ចពិភាក្សារវាងភាគីទាំង ២ បានធ្វើឡើងតាមរយៈវេទិកាអន្តរជាតិលើកទី១០ ស្តីពីជំនាញរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលរៀបចំឡើងចាប់ពីថ្ងៃទី ១៧-១៩ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាមក្រសួងអប់រំ បានបង្ហោះខ្លឹមសារនៅលើហ្វេសប៊ុករបស់ខ្លួន។
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកម្មវិធីនេះ បានលើកឡើងថា វេទិកានេះ ធ្វើឡើងក្នុងគោលបំណង កំណត់ទិសដៅក្នុងការលើកកម្ពស់គុណភាពនៃការអប់រំតាមរយៈបរិវត្តកម្មនៃការអប់រំ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ វេទិកាអប់រំឌីជីថល បញ្ញាសប្បនិម្មិត និងទិន្នន័យធំ និងពង្រីកតួនាទីនៃការអប់រំ និងការបណ្តុះបណ្តាលក្នុងការបង្កើតធនធានមនុស្សដែលមានបំណិនឌីជីថល និងភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។
លោកបន្តថា៖ «តាមរយៈវេទិកានេះ ក៏ធ្វើឡើងក្នុងបំណងការដាក់បញ្ចូលការបម្រែបម្រួលអាកាសធាតុក្នុងកម្មវិធីសិក្សា ការអភិវឌ្ឍជំនាញ និងការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍ និងលើកកម្ពស់នៃការវិនិយោគក្នុងវិស័យអប់រំ តាមរយៈអភិក្រមពហុវិស័យ និងអន្តរវិស័យផងដែរ»។
រដ្ឋលេខាធិការក្រសួងអប់រំ បានឱ្យដឹងទៀតថា តាមរយៈវេទិកានោះ គណៈប្រតិភូអប់រំកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរិះរកយុទ្ធសាស្ត្រលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសលើការអប់រំកម្រិតមធ្យមសិក្សា បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការកសាងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំឱ្យកាន់តែរីកចម្រើនថែមទៀត។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងថា ការធ្វើកំណែទម្រង់វិស័យអប់រំរបស់ក្រសួង តាមរយៈការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍជំនាញ និងការវិនិយោគលើការស្រាវជ្រាវ និង
នវានុវត្តន៍ និងការលើកកម្ពស់កិច្ចសហការជាមួយគ្រប់ភាគី ទាំងវិស័យសារធារណៈ និងវិស័យឯកជន ពិសេសធនាគារ ADB ដើម្បីពង្រឹងគុណភាពអប់រំកម្ពុជាឱ្យរីកចម្រើនទៅមុខ។
លោកបន្តថា៖ «វិស័យអប់រំកម្ពុជា ត្រូវការកិច្ចសហការនានាលើការពង្រឹងធនធានមនុស្សលើវិស័យអប់រំបន្ថែម ដូច្នេះការជួយគ្នាពីបណ្តាដៃគូអភិវឌ្ឍន៍នានាដែលមានបទពិសោធន៍លើវិស័យអប់រំ និងបច្ចេកវិទ្យា មកជួយដល់ប្រទេសដែលមិនទាន់មានការរីកចម្រើនខ្លាំងលើជំនាញនេះ គឺជារឿងចាំបាច់ដើម្បីជំរុញគុណភាពធនធានមនុស្សកម្ពុជា»។
យ៉ាងណាមិញ លោកថា ទន្ទឹមការពិភាក្សានេះដែរ លោកជំរុញឱ្យក្រសួងបន្តលើកទឹកចិត្តដល់គ្រូបង្រៀនតាមរយៈការដំឡើងប្រាក់បៀវត្សរ៍ និងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជំរុញឱ្យគ្រូ អាចទៅបង្រៀននៅតាមសាលារៀននៅតំបន់ដាច់ស្រយាលសំដៅទទួលបានគុណភាពអប់រំស្មើគ្នាផងដែរ។
តាមរយៈវេទិកាខាងលើនេះ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត គណៈប្រតិភូអប់រំកម្ពុជា ក៏បានផ្តល់បទអន្តរាគមន៍ស្តីពីអាទិភាព និងគោលនយោបាយអប់រំកម្ពុជាក្នុងការកសាងធនធានមនុស្សដែលមានគុណសម្បទាឌីជីថល និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
តាមរយៈបទអន្តរាគមន៍នោះ កម្ពុជាបានលើកឡើងពីការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រគាំទ្របរិវត្តកម្មឌីជីថលនៃការអប់រំ និងភាពធន់នឹងបម្រែបម្រែលអាកាសធាតុទៅក្នុងគ្រប់អនុវិស័យ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការបញ្ជ្រាបគោលគំនិត និងវិធីសាស្ត្រនៃការអប់រំឌីជីថល ការកសាងភាពជាដៃគូសាធារណៈ និងឯកជន ក្នុងការគាំទ្រការអនុវត្តគោលនយោបាយ និងគម្រោងស្តីពីការអប់រំឌីជីថល៕