នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) បានគាំទ្រគំនិតផ្តួចផ្តើមរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេស ៣ គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ នេះបើយោងតាមតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
តាមប្រភពដដែលបានឱ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ លោក ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
ក្នុងឱកាសនៃជំនួបនេះ លោក ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ លោក ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន លោក ហ៊ុន សែន ផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ "ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ"។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី ផាម មីញជីញ ម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ លោកប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស លោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់ ជាដើម៕