គណៈប្រតិភូរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានបើកកិច្ចពិភាក្សា និងជំរុញឱ្យមានការវិនិយោគលើវិស័យជាច្រើន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីប្រឆាំងការជួញដូរមនុស្ស និងភេរវកម្មឆ្លងដែននៃប្រទេសទាំងបី ខណៈភាគីកម្ពុជាបង្ហាញការគាំទ្រជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យព្រំដែនទាំងបី ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍យូរអង្វែង។
ការពិភាក្សានេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តចំប៉ាសាក់ ក្នុងចំណោមខេត្តចំនួន ៤ របស់ឡាវ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី២០ខែតុលា បានផ្សព្វផ្សាយខ្លឹមសារនៃកិច្ចពិភាក្សានោះថា គណៈប្រតិភូរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនឡាវ រួមមានខេត្តចំប៉ាសាក់ ខេត្តសាលាវណ្ណ ខេត្តសេកុង និងខេត្តអាតាពឺ។ គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
នៅក្នុងកិច្ចប្រជុំនេះ លោក Linkham DOUANSAVANH ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ បានលើកឡើងថា ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គួរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) វិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទេសចរណ៍បៃតងប្រឆាំងការជួញដូរមនុស្ស និងការទប់ស្កាត់ភេរវកម្មឆ្លងដែនជាដើម។ លោកបន្តថា ខេត្តទាំង៤មានគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងនោះ ខេត្តចំប៉ាសាក់តែមួយ មាន ៦៦ គម្រោង ក្នុងទំហំទឹកប្រាក់ជាង ៩០០ លានដុល្លារ។
លោកបានសង្កត់ធ្ងន់ថា៖«គម្រោងអាទិភាពចំនួន២ នៅក្នុងខេត្តចំប៉ាសាក់ គឺគម្រោងកសាងផ្លូវលេខ៧២ ចំណាយថវិកា ៨ លានដុល្លារ និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ចំណាយថវិកាជាង ៣ លានដុល្លារ។ គម្រោងទាំងអស់នេះបាននិងកំពុងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណជា ១,៤ លាននាក់នៅក្នុងខេត្តទាំង៤នេះរបស់ប្រទេសឡាវ។ សក្ដានុពលលេចធ្លោផ្សេងទៀតនៃខេត្តរបស់ប្រទេសឡាវក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺទំនប់វារីអគ្គិសនី ដំណាំកាហ្វេ តែ រ៉ែ ឈើឧស្សាហកម្ម និងទេសចរណ៍ជាដើម»។
ជាមួយគ្នានោះ លោក សួស យ៉ារ៉ា ប្រធានគណៈប្រតិភូកម្ពុជា បានកោតសរសើរចំពោះគម្រោងវិនិយោគនានានៅក្នុងខេត្តទាំង៤ និងបានគាំទ្រគំនិតជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យព្រំដែន កម្ពុជា-ឡាវ-វៀតណាម ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍យូរអង្វែង។
លោកក៏បានគាំទ្រផងដែរ ដល់ការជួយជំរុញឱ្យមាន SME ច្រើននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ខណៈលោកបានលើកគំនិតផ្ដួចផ្ដើមបង្កើត «សមាគមរដ្ឋសភាដងទន្លេមេគង្គ» គាំទ្រការធ្វើសុខដុមនីយកម្មច្បាប់នៃប្រទេសទាំងបី និងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងទេសចរណ៍ជាដើម។
ចំណែកលោក វ៉ូ ហាយហា ប្រធានគណៈប្រតិភូវៀតណាម មានប្រសាសន៍ថា ប្រទេសទាំងបីត្រូវជំរុញទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យបាន ៣,៣ លាននាក់ ក្នុងមួយឆ្នាំ ដូចដែលបានកំណត់រួចហើយ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ តំបន់ត្រីកោណទើបទទួលទេសចរបានជាង ២ លាននាក់ប៉ុណ្ណោះ។ លោកថា៖«ដូច្នេះ ភាគីទាំងបីគួរពិចារណាលើការជួយសម្របសម្រួលបែបបទគយ និងលិខិតស្នាមផ្សេងៗឱ្យទាន់ពេលវេលា និងឆាប់រហ័ស»។
ជាមួយគ្នានេះ លោក វ៉ូ ហាយហា ក៏បានលើកសំណើសុំឱ្យមានការចែករំលែកព័ត៌មានអំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នា ដើម្បីងាយបង្កើតផែនការឱ្យត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ផងដែរថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដូច្នេះប្រទេសទាំងបីគួរជួយជំរុញបង្កើតមន្ទីរពេទ្យ និងជំរុញឱ្យមានការពិគ្រោះជំងឺតាមអនឡាញផងដែរ ៕