អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ខណៈវិស័យយុត្តិធម៌នេះ ប្ដេជ្ញាចិត្តក្នុងការជម្នះផ្នត់គំនិតយេនឌ័រក្នុងវិស័យតុលាការ ដើម្បីលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងការទទួលបានយុត្តិធម៌សម្រាប់ស្រ្តី។
ការប្តេជ្ញានេះ ធ្វើឡើងអំឡុងពេលដែល អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលចំនួន ២ថ្ងៃ រៀបចំជូនដល់ចៅក្រម និងព្រះរាជអាជ្ញា ដែលបានរៀបចំឡើងនៅថ្ងៃទី១៨ និង ១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកាត់បន្ថយការលម្អៀងដោយផ្អែកលើយេនឌ័រក្នុងវិស័យតុលាការ» ក្រោមកិច្ចសហប្រតិបត្តិការជាមួយ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានការសម្របសម្រួលពីអ្នកជំនាញ និងចៅក្រមអន្តរជាតិ ហើយមានអ្នកចូលរួមចំនួន ៣៥ នាក់ (ស្រ្តី ២១នាក់ និងបុរស ១៤ នាក់) រួមមាន តំណាងពីសាលាឧទ្ធរណ៍ថ្នាក់តំបន់ ចៅក្រម និងព្រះរាជាអាជ្ញាពីខេត្តនានា ក៏ដូចជា វត្តមានរបស់មន្រ្តីមកពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌ ផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះ ជាវគ្គសាកល្បងដែលមានគោលបំណង បកស្រាយពីបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ស្ដីពីផ្នត់គំនិតយេនឌ័រ និងទស្សនៈដើម្បីលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងការទទួលបានយុត្តិធម៌សម្រាប់ស្រ្តី និងបុគ្គលដទៃទៀតដែលស្ថិតក្នុងក្រុមដែលត្រូវបានផាត់ចេញ ដោយផ្អែកលើមូលហេតុនៃភេទ អត្តសញ្ញាណយេនឌ័រ និង/ឬនិន្នាការភេទ។
នៅក្នុងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាលរបស់ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោក ឈន ព្រលឹង មានប្រសាសន៍ថា «វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដោតជាសំខាន់ទៅលើការពង្រឹងសមត្ថភាពបន្ថែមរបស់ចៅក្រម និងការចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញការអន្តរជាតិ តំបន់ និងជាតិ ក្នុងវិស័យតុលាការ ដើម្បីចេះកត់សម្គាល់ និងជម្នះផ្នត់គំនិតយេនឌ័រក្នុងវិស័យតុលាការ»។
ដោយបញ្ជាក់បន្ថែមលើសារៈសំខាន់ នៃយុត្តិសាស្រ្តក្នុងតុលាការកម្ពុជាដើម្បីអាចអនុលោមទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសង្កត់ធ្ងន់ថា «វគ្គបណ្ដុះបណ្ដាលសាកល្បងនេះ គឺជាចំណុចគោលមួយទៀតឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។
អ្នកស្រីរំពឹងថា «ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាល នឹងអាចត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីនិរន្តរភាពនៃការផ្ទេរចំណេះដឹង»។
យោងតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ វិស័យយុត្តិធម៌ មានកាតព្វកិច្ចក្នុងការធានាថានីតិវិធីច្បាប់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ មានភាពមិនលម្អៀង យុត្តិធម៌ និងមិនរងឥទ្ធិពលពីផ្នត់គំនិតយេនឌ័រ ឬការបកស្រាយបទប្បញ្ញត្តិច្បាប់ដោយរើសអើង។ កាតព្វកិច្ចនេះ មិនត្រឹមតែសម្រាប់ចៅក្រមនោះទេ ប៉ុន្តែ មានវិសាលភាពចំពោះព្រះរាជអាជ្ញា មេធាវី មន្រ្តីអនុវត្តច្បាប់ និងតួអង្គនានាដែលពាក់ព័ន្ធក្នុងវិស័យច្បាប់។
អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងនេះ បានបង្ហាញពីតម្រូវការក្នុងការចែករំលែកព័ត៌មានទៅកាន់អ្នកមានកាតព្វកិច្ចផ្សេងទៀត រួមមាន មន្រ្តីប៉ូលិស ថ្នាក់ដឹកនាំសហគមន៍ បុគ្គលិកតុលាការ បុគ្គលិកផ្នែកស៊ើបអង្កេត និងភាគីផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេ និងធ្វើឱ្យការគ្រប់គ្រងការទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប ជាពិសេស អ្នករស់រានមានជីវិតពីការរំលោភបំពានផ្អែកលើយេនឌ័រ កាន់តែប្រសើរឡើង។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖«អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងកាត់បន្ថយការអនុវត្តក្នុងវិស័យតុលាការដែលរងឥទ្ធិពលពីផ្នត់គំនិតយេនឌ័រ»៕