ដើម្បីរួមចំណែកក្នុងវិស័យមនុស្សធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈជាមួយរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពចុះផ្សព្វផ្សាយបង្កើនការយល់ដឹងពី បញ្ហាមេរោគអេដស៍ និងកាមរោគ ជូនពលរដ្ឋក្នុងខេត្តតាកែវ និងបានផ្តល់អំណោយជូនពលរដ្ឋងាយរងគ្រោះជាង ១២០ គ្រួសារ។
កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ពិធីខាងលើ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយនេះ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ជាច្រើននាក់ផងដែរ។
កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥ គ្រួសារ ទទួលបានអំណោយ ដោយគ្រួសារនិមួយៗទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២ម៉ឺនរៀល។
អ្នកទទួលអំណោយទាំងនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំផ្សព្វផ្សាយ ក្រើនរំឭកពីការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ ជាពិសេសការថែទាំសុខភាពបឋម និងចំណេះដឹងផ្សេងៗទាក់ទងនឹងប្រធានបទខាងលើ។
ដោយឡែកនៅថ្ងៃដដែលនេះ លោកស្រី ប៊ុន ស៊ីថូត សមាជិកាគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត សរុបចំនួន ៦ គ្រួសារ ស្ថិតនៅឃុំកោះខ្ញែរ ២ គ្រួសារ និងឃុំសំបូរ ៤ គ្រួសារ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកស្រីបានក្រើនរំឭកបងប្អូនដែលជាគ្រួសារងាយរងគ្រោះ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ៕