ភ្នំពេញៈ ពិព័រណ៍​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ប្រចាំ​ឆ្នាំ​ ២០២៣ នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ នៅ​មជ្ឈ​មណ្ឌ​ល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ដោយ​មាន​មហា​វិទ្យាល័យ​ល្បី​ជា​ច្រើន​នៅ​ជប៉ុន​បាន​មក​ដាក់​ពិព័​រណ៍​ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​សិស្ស​-​និស្សិត​ពី​ឱកាស​អាហា​រូប​ករណ៍​។

យោង​តាម​សេចក្ដី​ប្រកាស​របស់ម​ជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន(CJCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឱ្យដឹ​ង​ថា កម្មវិធី «​ពិព័រណ៍​ស្តី​ពី​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២​០​២​៣​» នឹង​ត្រូវ​ធ្វើ​​ឡើង​​ពី​​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ​ចាប់​ផ្តើម​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៤​កន្លះ​​រសៀល​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​​​ថា ចំពោះ​សាកល​វិទ្យាល័យ និង​ស្ថាប័ន ដែល​នឹង​ដាក់​ពិព័រណ៍​ស្តី​ពី​ការ​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួ​ន១៨ ដែល​សុទ្ធ​តែជា​សា​កល​វិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​ជប៉ុន​ខណៈ​ដែល​អ្នក​ចូល​រួម​ពិព័រណ៍​ឆ្នាំនេះនឹង​អាច​ទទួល​បាន​ព័ត៌​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​អាហា​រូបករណ៍​ផ្សេងៗ​ដែល​ផ្ដ​ល់​ជូន​ពី​ស្ថាប័ន​ដៃ​គូ​នា​នា​ទាំង​នោះ​​។

កញ្ញា ជួប ណាឌី ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន និងជា​​ប្រធាន​ផ្លាស់​ប្តូរ​វប្បធម៌ បាន​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃ​​ទី​២២ ខែ​តុលា​ថា ពិព័រណ៍​ស្តី​​ពី​​ការ​សិក្សា​ទៅ​ប្រទេស​ជប៉ុន​ប្រចាំ​ឆ្នាំ​២០២៣​នេះ ​​រៀប​ចំឡើ​ង​ពិសេស​ជា​ង​ឆ្នាំ​មុនៗ ដោយ​សារ​តែ​ចំនួន​មហា​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​ផ្សេងៗ​ដែល​មក​ដាក់​ពិព័រណ៍​មាន​​ចំ​នួន​ច្រើន ហើយ​សុទ្ធ​តែ​សាកល​វិទ្យា​ល័​យល្បីៗ​។

​កញ្ញា​បន្ត​ថា ​​នៅ​ឆ្នាំ​នេះ​ដែរ​មាន​មហាវិទ្យាល័យ​ចំនួន​១៨ បាន​មក​ធ្វើ​បទ​បង្ហាញ​នូវ​មុខវិជ្ជា ជំនាញ​ដែល​ពេ​ញ​​និយម និង​ឱកាស​អាហារូបករណ៍​នៅ​ក្នុង​មហាវិទ្យាល័យ​នីមួយៗ​ទៅ​ដល់​សិស្ស​និ​ស្សិត​ដែល​មក​ចូល​រួម​ក្នុ​ង​កម្មវិធី​ពិព័រណ៍​។

​ក្រៅ​ពី​នេះ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ ពួក​គាត់​នឹង​ដឹង​ពី​របៀប​នៃ​ការ​ដាក់​ពាក្យ​យក​អាហារូបករណ៍ រ​បៀប​ដាក់​ពាក្យ​ដែល​អាច​ទៅសិ​ក្សា​នៅ​ជប៉ុន​បាន និង​របៀប​ដែល​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ទទួល​បាន​អាហារូបករណ៍ ហើយ​ជា​ពិសេស គឺ​ពួកគាត់​នឹង​ទទួល​បាន​ព័ត៌មាន​ទូទៅ​នៃ​ការ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ជ​ប៉ុន​ផង​ដែរ​។

កញ្ញា ជួប ណាឌី ថ្លែងថា​៖ «​អ៊ីចឹង​! ថ្ងៃ​ពិព័រណ៍​នេះ គាត់​អាច​មាន​ឱកាស​សួរ​នាំ​ដោយ​ផ្ទាល់ លម្អិត​ទៅ​តា​ម​អ្នក​តំណាង​សាលា​នី​មួយ​​ៗ ដើម្បី​ឱ្យ​គាត់​អាច​ត្រៀម​ខ្លួន​យ៉ាង​ម៉េច សម្រាប់​ដាក់​ពាក្យ​ទៅ​កាន់​សាលា​ដែ​ល​គាត់​ចង់​សិក្សា​»​។

ក្រោយ​ពី​អ្នក​ចូល​រួម​បាន​ស្ដាប់ និង​ទទួល​បានព័​ត៌មាន​ពី​អ្នក​តំណាង​នៅតា​ម​មហាវិទ្យាល័យ​នីមួយៗ​របស់​ជ​ប៉ុន​ហើយ នោះ​ពួកគាត់​អាច​ត្រៀម​ខ្លួន​សម្រាប់​ផែន​ការ​សិក្សា​បន្ទាប់​។

កញ្ញា​ថា​៖ «​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ យល់​ឃើញ​ថា ពិព័រណ៍​នេះ គឺ​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​សម្រាប់​ជន​ជាតិ​ខ្មែរ ក៏​ដូច​ជា​សិស្ស​និស្សិត ឬ​​ក៏​សាធារណជន ដើម្បី​ឱ្យ​គាត់​ដឹង​ព័ត៌មាន​លម្អិត​អំពី​មហាវិទ្យាល័យ​ផ្សេងៗ​របស់​ជ​ប៉ុន​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​»​។

ចំណែក កញ្ញា ឃុន វត្តីស្រីលក្ខ័ណ៍ ជា​អតីត​និស្សិត​អាហារូបករណ៍​របស់ CJCC បាន​ឱ្យ​ដឹង​​ថា ស​ម្រា​ប់​រូប​កញ្ញា​ផ្ទាល់ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន វា​​​ជា​ឱកាស​មួយ​សម្រាប់​សិក្សា​​ពី​បទ​ពិសោធន៍​ពី​មិត្ត​រួ​ម​ថ្នាក់​ដែល​មក​​ពី​ទូ​ទាំង​ពិភព​លោក ក៏​ដូច​ជា​សាស្ត្រា​ចារ្យ​ល្អៗ​ដែល​មាន​ជំនាញ​​។

កញ្ញា​ថ្លែង​ថា​៖ «​ការ​ទៅ​សិក្សា​នេះ វា​ជួយ​ពង្រឹង​អាជីវកម្ម​ការ​ងារ​របស់​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​នៅ​ពេល​អនាគត​ខ្ញុំ​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន ក៏​ធ្វើ​ឱ្យ​ខ្ញុំ​អាច​មាន​សមត្ថភាព​តាម​រយៈ​ការ​សិក្សា​នៅ​ខាង​ក្រៅ​ប្រទេស​នេះ​ដែរ​»​។

កញ្ញា​អះ​អា​ងថា​ នៅ​ពេល​ដែល​បង្កើត​កម្ម​វិធី​ពិព័រណ៍​នេះ វា​ជួយ​ផ្ដល់​ឱកាស​ល្អ​មែន​ទែន​សម្រាប់​សិស្ស​និស្សិត មិន​ថា ​ពួក​គាត់​រៀន​ចប់​ផ្នែក​បរិញ្ញាបត្រ និង​អនុ​បណ្ឌិត​នោះ​ទេ ពួក​គាត់​គួរ​តែ​ចំណាយ​ពេល​មក​ចូ​ល​រួម​កម្មវិធី​ពិព័រណ៍​នេះ ​ព្រោះ​ពួក​គាត់​អាច​ទទួលបាន​​ចំណេះ​ដឹង​​ពី​ការ​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​អាហារូ​បករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

សូម​បញ្ជាក់​ថា ពិព័រណ៍​ស្ដី​ពី​ការ​សិក្សា​នៅ​​ប្រទេសជ​ប៉ុន ​ត្រូវ​បាន​ធ្វើ​ឡើង​​ជារៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ដោយ​គិត​មក​ដល់​ឆ្នាំ​២០២៣​នេះ ​​​ធ្វើបាន​​សរុប​ចំនួន ១៥​លើកហើយ​៕