ភ្នំពេញៈ គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជានាបានទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែតុលានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះបានពិភាក្សាអំពីសកម្មភាពឆ្នាំ២០២៣ និងអនាគតរបស់សមាគមច្បាប់អាស៊ានរួមមានដំណើរការទៅមុខ និងរបៀបរបបការងារនៃក្រុមការងារជំនាញរបស់សមាគម លទ្ធភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាន និងកិច្ចសហការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូនេះបានលើកឡើងក្នុងកិច្ចប្រជុំនេះថា កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាបានរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។
លោកក៏បានបញ្ជាក់អំពីការប្តេជ្ញារបស់គណៈកម្មាធិការនេះក្នុងការចូលរួមរាល់សកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន ជាពិសេសការគាំទ្រ «យ៉ាងពេញទំហឹង» និងយកចិត្តទុកដាក់ក្នុងការជ្រើសរើសនិស្សិតដើម្បីចូលរួមប្រកួត និងចាត់តាំងសមាជិករបស់គណៈកម្មាធិការនេះដើម្បីធ្វើជាគណៈកម្មការក្នុងការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាននៅឆ្នាំនេះ។
គណៈមេធាវីកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការចូលរួមជាធាតុចូលយ៉ាងសកម្មពីបណ្តាប្រធានគណៈកម្មាធិការជាតិនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន»។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ រួមជាមួយមហាសន្និបាតលើកទី១៤ និងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ រយៈពេល៥ថ្ងៃនេះធ្វើឡើងក្រោមប្រធានបទ «ASEAN Tapestry – Our Pride»ដែលប្រកាន់យកនូវភាពសម្បូរបែបនៃទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ និងច្បាប់ រវាងប្រទេសសមាជិកនៃសមាគមអាស៊ាន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ សម្រាប់ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។
សមាគមច្បាប់អាស៊ាន នាថ្ងៃទី១៩ ខែតុលា បានរៀបចំកម្មវិធីប្រកួតប្រជែងសវនាការប្រតិដ្ឋ នៅទីក្រុងគូឡាឡាំពួរ ដែលមានការចូលរួមដោយប្រទេសសមាជិកចំនួន៧ រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕